ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់រថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ណាមួយកើតឡើងលើដងផ្លូវ
លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករ-និយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករ-និយោជិតហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ ជាក់ស្ដែងក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ០៣១ ករណី មានជនរងគ្រោះសរុប ១ ១៤១ នាក់ ក្នុងនោះ របួសស្រាល ៧៨៨ នាក់ របួសធ្ងន់ ៣២៣ នាក់ និងស្លាប់ ៣០ នាក់ បើធៀបនឹងរយៈពេល ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ ឃើញថា មានការកើនឡើង ២%។

ក្នុងកម្មវិធីបើកពិធីអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន អ៊ិនធើណេសិនណល ខូអិលធីឌីនៅខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧត្ដមសេនីយ៍ឯក ទូច សុភា ក៏បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស ឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតកលាក់មុខនៅលើដងផ្លូវ។ ក្នុងន័យនេះ ទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ។

ចំណែកលោក សរ សុដានី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានស្នើដល់រោងចក្រ សហគ្រាសទាំងអស់ ក្នុងទឹកដីខេត្តស្វាយរៀង ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ឱ្យចូលរួមពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


