ព័ត៌មានជាតិ
Update ៖ អាជ្ញាធរខេត្តកោះកុង ផ្អាកការដ្ឋានសំណង់ផ្ទះត្រចៀកកាំរបស់ឧកញ៉ា គា ធី ក្រោយរកឃើញកំហុស
ក្រោយពីបានចុះពិនិត្យ និងរកឃើញកំហុស លោកអភិបាលរងខេត្តកោះកុង បានបញ្ជាឲ្យម្ចាស់សំណង់ផ្ទះត្រចៀកកាំរបស់ឧកញ៉ា គា ធី ត្រូវផ្អាកសកម្មភាពសាងសង់ជាដាច់ខាត ដោយតម្រូវឲ្យសុំច្បាប់ត្រឹមត្រូវតាមបច្ចេកទេស។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់ ក្រោយផ្ទុះព័ត៌មានរឿងចោទថា ឧកញ៉ា គា ធី លួចសង់ផ្ទះត្រចៀកកាំគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយថែមទាំងចាក់ដីចូលចំណីព្រែកធ្វើជាកម្មសិទ្ធិទៀតផង។

លោក សុខ សុទ្ធី អះអាងថា ករណីនេះពិតកើតមានប្រាកដមែន ដោយលោករកឃើញការដ្ឋានសំណង់ផ្ទះត្រចៀកកាំជាច្រើនជាន់ សាងសង់គ្មានច្បាប់បទដ្ឋានបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរ និងមន្ទីរជំនាញ។ បញ្ហានេះ លោកបានបញ្ជាឲ្យផ្អាកសកម្មភាពជាដាច់ខាតតែម្តង។

ទោះយ៉ាងណា លោកអភិបាលរងខេត្តរូបនេះ ក៏តម្រូវម្ចាស់សំណង់ គប្បីរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឲ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។ ប្រសិនបើក្នុងរយៈពេល ១សប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសុំច្បាប់អនុញ្ញាឲ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឲ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។

ក្រៅពីការរកឃើញកំហុសរបស់ឧកញ៉ា គា ធី លួចសង់ផ្ទះត្រចៀកកាំខុសច្បាប់ហើយ អាជ្ញាធរខេត្ត ក៏តម្រូវឲ្យលោកឧកញ៉ា គា ធី ជីកកាយអាចម៍ដី ដែលបានចាក់រំលោភចូលព្រែក ម្ចាស់ ចេញវិញ ក្រោយបានចាក់ដីចូលដីចំណីប្រមាណជា ១០ម៉ែត្រ។ ចំពោះរបងដែលបានសាងសង់ រំលោភចូលចំណីផ្លូវម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

ទាក់ទងបញ្ហានេះដែរ លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងនៅថ្ងៃទី ៥ ខែមករា នេះថា កាលពីចុងឆ្នាំ ២០២០ លោក និងក្រុមការងារធ្លាប់ចុះពិនិត្យទីតាំងខាងលើម្តងរួចមកហើយ ដោយតម្រូវឲ្យលោកឧកញ៉ា គា ធី ធ្វើសំណើសុំច្បាប់សាងសង់ផ្ទះត្រចៀកកាំ នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តកោះកុង ព្រោះទំហំនៃការវិនិយោគធំ ហើយរដ្ឋបាលស្រុកពុំមានសិទ្ធិសម្រេចនោះទេ។
លោកអភិបាលស្រុកស្រែអំបិល បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ហាវិបត្តិជំងឺកូវីដ-១៩ រីករាលដាលឆ្លងខ្លាំង នៅក្នុងមូលដ្ឋានមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់តាមដានពិនិត្យលម្អិតនោះទេ ទាំងការធ្វើសំណង់ផ្ទះត្រចៀកកាំ ធ្វើរបង និងចាក់អាចម៍ដីបំពេញទីតាំងកើតហេតុ។ ជាក់ស្តែងមានការផ្តល់ព័ត៌មានក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋនាពេលថ្មីៗនេះ ទើបមានការចុះមានវិធានការច្បាប់តែម្តង ពោលគឺម្ចាស់សំណង់មិនបានទៅច្បាប់ ដូចការណែនាំរបស់រដ្ឋបាលស្រុកឡើយ។
ទោះយ៉ាងណា តំណាងលោកឧកញ៉ា គា ធី បានទទួលយកការណែនាំ និងលក្ខខណ្ឌច្បាប់មួយចំនួនពីរដ្ឋបាលខេត្តកោះកុង ដើម្បីធ្វើពាក្យស្នើសុំច្បាប់បានត្រឹមត្រូវ ចៀសវាងប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។
ដោយឡែកលោក កែវ សុខ ជាមេឃុំស្រែអំបិល លើកឡើងថា លោកឧកញ៉ា គា ធី បានជួលដីអតីតទីស្នាក់ការគណ បក្សប្រជាជនកម្ពុជា សម្រាប់ការវិនិយោគចំនួន ៥០ឆ្នាំ លើដីក្បែរមាត់ព្រែកស្រែអំបិល ភាពខ្វះចន្លោះ នៃការពិនិត្យការ ដ្ឋានសំណង់ ក៏ព្រោះតែមានភារកិច្ចមួយចំនួនធំក្នុងមូលដ្ឋាន ពុំមានពេលវេលាគ្រប់គ្រាន់ ចំពោះវិធានការទប់ស្កាត់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


