ព័ត៌មានជាតិ
កសិករភូមិអំពិលជ្រុំ បន្តចិញ្ចឹមគោលក់បានល្អ ព្រោះទីផ្សារក្នុងស្រុកនៅតែត្រូវការជានិច្ច
កសិករប្រមាណ ៧០ គ្រួសារ ក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានចិញ្ចឹមមេគោយកកូនលក់ លក់គោសាច់ ទទួលបានផលល្អ បន្ទាប់ពីមុខរបរធ្វើស្រែចម្ការនោះ។

ការចិញ្ចឹមគោប្រកបដោយបទដ្ឋានបច្ចេកទេស ដោយមានការគាំពារពីមន្ទីរកសិកម្មខេត្ត ក្រសួងកសិកម្ម ទាំងការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្នាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឲ្យវាស៊ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ។ ព្រោះគោមានទីផ្សារស្រួលលក់ ពិសេសទីផ្សារក្នុងស្រុកតែម្ដង ដោយមានការនិយមហូបសាច់គោពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ បើប្រៀបធៀបឆ្នាំទៅ គោឆ្នាំនេះចិញ្ចឹមបានផលល្អជាងឆ្នាំទៅ តែតម្លៃធ្លាក់ទាបជាងឆ្នាំទៅបន្តិច។

លោក ធឿន ប៊ុនធីម អាយុ ៤៣ ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេល ២៦ ឆ្នាំមកហើយ បច្ចុប្បន្នគោគាត់មានចំនួន ៤០ ក្បាល ក្នុងនោះមានមេបា ៤ ក្បាល ឈ្មោលបា ២ ក្បាលដែរ ក្រៅពីនោះ សុទ្ធតែគោឈ្មោលស្ទាវ ៣៤ ក្បាល សម្រាប់លក់។ ក្នុងមួយថ្ងៃឲ្យវាស៊ី ២ ដង ព្រឹក ល្ងាច ស្មៅលាយចំណី មានស្មៅផ្អប់ កាកប៊ីយ៉ែ ចំណីបេលាយបញ្ចូលគ្នា។ មុនឲ្យវាស៊ី ត្រូវបាញ់ទឹកខ្លួនវាឲ្យត្រជាក់ ឲ្យស្អាតសិន ទើបវាស៊ីចំណីបានច្រើន។ គាត់ចិញ្ចឹមតែរយៈពេល ៣ ខែទេ អាចលក់បានហើយ គឺលក់ឲ្យទីផ្សារកុងស៊ីក្នុងស្រុកតែម្ដង។

លោក ប៊ុនធីម បានបញ្ជាក់ទៀតថា ការចិញ្ចឹមបានជោគជ័យទៀតសោត គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានក្រសួងកសិកម្ម ចុះមកបណ្ដុះបណ្ដាលដល់ក្រោលចិញ្ចឹមផ្ទាល់ ដោយផ្ដល់បច្ចេកទេស ការថែទាំ បាញ់ថ្នាំសម្លាប់មេរោគ ផ្ដល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្ដាម ជាដើម ថែមទាំងបានផ្តល់ពូជស្មៅអូស្ត្រាលី ៣ ប្រភេទ រួមមាន ស្មៅស៊ីមួង ,ណេពា និងស្មៅ ឃីងការ៉ាស់។ ស្មៅនេះ ងាយដាំ ងាយស្រួលច្រូតកាត់ មានគុណភាពល្អ គោស៊ីឆាប់ធំលឿន មិនរាករូស គោមានសុខភាពល្អ។ ឃើញថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមសត្វមែនទែន ដើម្បីឲ្យបំផុសវិស័យចិញ្ចឹមគោមានការរីកចម្រើនក្នុងទូទាំងប្រទេស។

លោក ប៊ុនធីម បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីផ្សារល្អស្រួលលក់ តែតម្លៃធ្លាក់ចុះជាងឆ្នាំទៅបន្តិច ដោយទីផ្សារគោមានគោនាំចូលមកពីប្រទេសភូមាវាយលុកចូលលក់ក្នុងទីផ្សារស្រុកយើង។ ហើយក្នុងមួយខែយើងលក់គោបានពីចំនួន ១៥ ទៅ ២០ ក្បាល ដោយបានចំណូលពី ៤ លាន ទៅ ៥ លានរៀលផងដែរ។ ទោះបីយ៉ាងណាកសិករត្រូវតែបន្តចិញ្ចឹមគោ ព្រោះទីផ្សារគោស្រួលលក់ ដោយបងប្អូនប្រជាពលរដ្ឋយើងគាំទ្រ និយមហូបសាច់គោណាស់។

ដូចគ្នានេះដែរ លោក ប៊ុនធីម ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងភូមិអំពិលជ្រុំនេះ មានកសិករចិញ្ចឹមគោមិនក្រោម ៧០ គ្រួសារនោះទេ ដោយយោងទៅតាមលទ្ធភាព នៃគ្រួសារនិមួយៗ កសិករខ្លះប្រវាស់គោគេយកកូន កសិករខ្លះគោខ្លួនឯង ដោយមានចាប់ពី ៣ ក្បាល រហូតដល់ ៨ ក្បាល តែពួកគាត់ចិញ្ចឹមគោឲ្យវាស៊ីស្មៅតាមរបៀបធម្មជាតិ៕
អត្ថបទ ៖ សាន វិឡែម




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


