Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ចាត់ទុកការវាយប្រហារក្រុមយុវជនធ្លាប់ប្រឆាំង មកគាំទ្ររដ្ឋាភិបាលវិញ ជាការខ្វះការគោរពប្រជាធិបតេយ្យ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការវាយប្រហារទៅលើក្រុមយុវជន ធ្វើការងារនៅក្នុងអង្គការ-សមាគមមួយចំនួន ដែលធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល មកចូលរួមគាំទ្ររាជរដ្ឋាភិបាលវិញនោះ គឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានចលនាជេរគ្នាទៅវិញទៅមក បន្ទាប់ពីក្រុមយុវជន ដែលធ្វើការងារនៅក្នុងអង្គ ការ-សមាគមមួយចំនួន បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងប៉ុន្មានថ្ងៃនេះ មានការជេរគ្នាតាមបណ្ដាញសង្គម បន្ទាប់ពីក្រុមយុវជនមួយចំនួន បានទៅជួបខ្ញុំថា ពួកគេបានធ្វើសកម្មភាពច្រើនណាស់ហើយ ក្នុងការប្រឆាំងរដ្ឋាភិបាល ប៉ុន្តែពួកគេអត់បានទទួលផលអ្វីទាំងអស់ ឥឡូវនេះវិធីសាស្រ្ដតែមួយគត់ គឺចូលរួមជាមួយគណបក្សប្រជាជន ហើយគាំទ្ររាជរដ្ឋាភិបាលវិញ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បន្ទាប់ពីក្រុមយុវជនទាំងនោះ បានផ្លាស់ប្ដូរជំហរប្រឆាំង មកគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បែរជាត្រូវក្រុមគណបក្សប្រឆាំង វាយប្រហារទៅលើពួកគេវិញ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «ខ្ញុំសុខចិត្តទទួលកូនៗ ទាំងនោះឲ្យជួបជាមួយខ្ញុំ ឥឡូវចលនានេះ កំពុងមាន ប៉ុន្តែនៅពេលដែលចលនានេះដូរទិស ពីការគាំទ្រក្រុមប្រឆាំង ប្រឆាំងនឹងរដ្ឋាភិបាលប្ដូរទិស បែរជាមានការវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជន កូនៗទាំងនេះ»។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ការវាយប្រហារទៅលើក្រុមយុវជនទាំងនោះ គឺជាការខ្វះការគោរពភាពជាប្រជាធិបតេយ្យ ដោយសម្ដេចថា នៅពេលក្រុមយុវជនទាំងនោះ គាំទ្រខ្លួនប្រឆាំងរដ្ឋាភិបាល ក៏ថា ពួកគេល្អ តែនៅពេលក្រុមយុវជនទាំងនោះ មកគាំទ្រ និងចូលរួមជាមួយរដ្ឋាភិបាល បែរជាវាយប្រហារពួកគេទៅវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម