ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ចំណេះជាមូលដ្ឋានមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រជាប្រចាំ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងថា ចំណេះដឹងជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រជាប្រចាំ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ និងអន្តេវាសិកដ្ឋាន នាថ្ងៃទី១៦ ខែមីនា ២០២៣ នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ែលធី គ្រុប ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់ជាច្រើនឆ្នាំកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ក្នុងការបង្កើតឱកាសការងារ និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យអប់រំ។

ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានថ្លែងថា ការដាក់សម្ពោធនូវសាខាទី២ នៃសាកលវិទ្យាល័យ ប៊ែលធី នាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុញ្ញាតឲ្យនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អាចបំពេញតម្រូវការរបស់ពួកគេ ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែទូលំទូលាយ និងសម្បូរបែបថែមទៀត។ ឯកឧត្តម បានបន្តថា តាមរយៈអគារនេះ សាកលវិទ្យាល័យនឹងអាចបន្តចូលរួមចំណែកកាន់តែច្រើនឡើងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងបណ្តុះបណ្តាលគុណភាព និងធនធានមនុស្សប្រកបដោយសមត្ថភាព ជាពិសេសផ្តល់ឱកាស និងជម្រើសកាន់តែច្រើនសម្រាប់និស្សិតក្នុងការពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនមុននឹងចូលក្នុងជីវិតការងារ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកនូវគតិក្នុងការរៀនសូត្រផ្ទាល់ខ្លួន ហើយឯកឧត្តមបានចាត់ទុកថា ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រជាប្រចាំ។ ទោះបីជាយ៉ាងក្តី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ចំណេះដឹងតែមួយមុខ គឺមិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ ដោយឯកឧត្តមបានរំលេចបន្ថែមថា អ្វីដែលសំខាន់នោះ គឺការចេះប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធការងារឲ្យសមស្របតាមកាលៈទេសៈ និងស្របតាមផែនការគោលដៅដែលសំដៅឆ្ពោះទៅ។
លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងថា សាកលវិទ្យាល័យទីតាំងទី២នេះ សាងសង់លើផ្ទៃដីទំហំ ១១,០០០ម៉ែត្រការ៉េ មានចំណតធំទូលាយ កម្ពស់ ៧ជាន់ ស្មើនឹង ១៤២បន្ទប់ និងមានសាលសន្និសីទ (Conference Hall) សាលមហោស្រព (Auditorium) សាលប្រជុំ បន្ទប់សម្តែងការគួរសម (Courtesy Room) បណ្ណាល័យឌីជីថល បន្ទប់ហ្វឹកហាត់ភាសា-កុំព្យូទ័រ អាហារដ្ឋាន ជណ្តើរយន្ត បន្ទប់សិក្សាមានបំពាក់ LCD Projector, ម៉ាស៊ីនត្រជាក់ និងកាមេរ៉ាតាមដានការសិក្សានិងការបង្រៀន។
ចំពោះអន្តេវាសិកដ្ឋាន មានកម្ពស់ ៥ជាន់ ស្មើនឹង ៦៥បន្ទប់ មានអាហារដ្ឋាន កន្លែងរង់ចាំ និងបន្ទប់ សម្រាប់និស្សិតពិភាក្សាជាក្រុម។ បន្ទប់នីមួយៗមានទំហំធំទូលាយ មានបន្ទប់ទឹក បន្ទប់ចំអិនអាហារ និងកន្លែងសិក្សា សម្រាប់និស្សិតស្នាក់នៅដោយតម្លៃសមរម្យ។

សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖ (១)-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូរទ័រ (Intensive courses: English & Computer), (២)-ថ្នាក់បរិញ្ញាបត្ររង (Associate Degrees), (៣)-ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degrees), (៤)-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degrees) និង (៥)-ថ្នាក់បណ្ឌិត (Doctoral Degrees) សិក្សាកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០%។
សាកលវិទ្យាល័យមាន ១២មហាវិទ្យាល័យ (៤២ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ និង ១២-អាកាសចរស៊ីវិល ។

ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យ ប៊ែលធី នេះដែរ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ដែលសមិទ្ធផលនេះឆ្លុះបញ្ជាំងពីការចូលរួមយ៉ាងសកម្មរបស់ប៊ែលធីគ្រុបក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ លោករដ្ឋមន្ត្រី ថ្លែងថា សាកលវិទ្យាល័យ ប៊ែលធី នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ ដើម្បីគុណភាព ឧត្ដមភាព ក្នុងការប្រកួតប្រជែងការងារ និងបម្រើសង្គមជាតិ៕








ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


