ព័ត៌មានជាតិ
លោក ស៊្រុន ពៅ បារម្ភពីការធ្លាក់ចុះអ្នកចិញ្ចឹមជ្រូក ក្រោយខាតមួយក្បាលប្រហែល ៥០ដុល្លារ
ស្ថានភាពទីផ្សារជ្រូកនៅកម្ពុជា នាពេលបច្ចុប្បន្ន មិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារការចិញ្ចឹមលើសតម្រូវការ បណ្តាលឱ្យសល់ ធ្វើឱ្យអ្នកចិញ្ចឹមត្អូញត្អែរពីការខាតបង់ប្រាក់។ នេះជាការបញ្ជាក់របស់លោក ស៊្រុន ពៅ។

ថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃ ពុធនេះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ជ្រូករស់លក់បានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតអស់ប្រហែល ៥០ដុល្លារ ក្នុងជ្រូកមួយក្បាល។ លោកថា ការខាតបង់នេះ ដោយសារវត្ថុធាតុដើម ដូចជា ចំណីឡើងថ្លៃ រួមផ្សំនឹងវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យតម្លៃជ្រូកលើទីផ្សារធ្លាក់ចុះ ការចិញ្ចឹមរបស់ពលរដ្ឋសល់ច្រើនលើសតម្រូវការ។
ទាក់ទិននឹងបញ្ហានេះ លោក ស៊្រុន ពៅ បារម្ភថា នាថ្ងៃខាងមុខ កម្ពុជា អាចនឹងខ្វះសាច់ជ្រូកសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយសារការខាតបង់របស់អ្នកចិញ្ចឹមនាពេលនេះ ធ្វើឱ្យពួកគាត់បោះបង់មុខរបរនេះ ទៅចាប់អាជីពផ្សេងវិញ។
លោកបន្តដូច្នេះថា«អ្វីដែលបារម្ភបំផុតនោះ យើងខ្លាចនាថ្ងៃខាងមុខដ៏ខ្លីនេះ នៅពេលទីផ្សារដើរវិញ កសិករឈប់ចិញ្ចឹមធ្វើឱ្យខ្វះខាតទីផ្សារ ប៉ះពាល់ដល់វិស័យស្បៀងក្នុងប្រទេស ដោយសារកសិករចិញ្ចឹមខាត ឈប់ចិញ្ចឹម»។
ប្រធានសមាគមបន្ថែមថា ការចិញ្ចឹមជ្រូកនៅកម្ពុជាច្រើនហូរហៀ ធ្វើឱ្យមានកំណើនលើសតម្រូវការទីផ្សារ រហូតដល់មានការនាំចេញទៅប្រទេសជិតខាងថែមទៀត។ ប៉ុន្តែកំណើននៃការនាំចេញតិចតួចប៉ុណ្ណោះ។

បើតាមការប៉ាន់ស្មានតម្រូវការទីផ្សារជ្រូកនៅកម្ពុជា មានការធ្លាក់ចុះពី ៧ពាន់ ទៅ៨ពាន់ក្បាលក្នុងមួយថ្ងៃ មកត្រឹម ៦ពាន់ទៅ ៧ពាន់ក្បាល ពោលគឺបាត់អស់ ២០-៣០ភាគរយ។ លោក ស៊្រុន ពៅ បានប៉ាន់ស្មានថា ការធ្លាក់ចុះតម្រូវការទីផ្សារនេះ អាចមកពីប្រជាពលរដ្ឋមិនសូវសម្បូរលុយដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ ឬបណ្តាលមកពីការនាំចូលរបស់ផ្សេងៗបំពេញបន្ថែម។
ប្រធានសមាគមរូបនេះ ចាត់ទុកថា សាច់ជ្រូកមានសារៈសំខាន់ណាស់ ក្នុងវិស័យចំណីអាហារនៅកម្ពុជា។ លោកថា ទោះជាអ្នកខ្សត់ខ្សោយយ៉ាងណា ក៏អាចមានលទ្ធភាពទិញសាច់ជ្រូកបរិភោគបានដែរ។
ទន្ទឹមនឹងនេះ លោក ស៊្រុន ពៅ បានស្នើដល់អ្នកចិញ្ចឹមកុំបោះបង់មុខរបរនេះ ដោយលោករំពឹងថា ទីផ្សារជ្រូកនឹងមានតម្លៃល្អឡើងវិញនាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏សង្ឃឹមថា រាជរដ្ឋាភិបាល នឹងគិតគូលើដំណោះស្រាយទីផ្សារជូនពលរដ្ឋឆាប់ៗផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ