ព័ត៌មានជាតិ
កម្ពុជាបំបែកកំណត់ត្រាពិភពលោកណាខ្លះពី Guinness World Records?
កម្ពុជាទើបតែបានបំបែកកំណត់ត្រាថ្មីពីរទៀតពីស្ថាប័ន Guinness World Record លើការរាំចង្វាក់ម៉ាឌីហ្សូន និងការបត់ក្រដាសបេះដូងច្រើនបំផុត។
តើកម្ពុជាបានបំបែកកំណត់ត្រាណាខ្លះកន្លងមកពីស្ថាប័ន Guinness World Record?
កាលពីខែកក្កដា ឆ្នាំ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេនៅលើពិភពលោក។ ក្រមាខ្មែរដែលមានប្រវែងរហូតដល់ទៅជាង ១០០០ម៉ែត្រ (១,១៤៩.៨ ម៉ែត្រ) ត្រូវបានពន្លាដោយមានការវាស់វែងពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ គណៈកម្មការឯកទគ្គកម្មពិភពលោកបានសម្រេចថា ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេបំផុត។

នៅថ្ងៃទី១៣ ខែមេសា ២០១៥ នំអន្សមយក្សខ្មែរបានបំបែកកំណត់ត្រាពិភពលោក Guinness World Record។ នំអន្សមយក្សខ្មែរដែលទទួលស្គាល់ពីស្ថាប័ន Guinness World Record មានទម្ងន់រហូតដល់ទៅ ៤ តោន និងមានប្រវែងរហូតទៅដល់ប្រាំម៉ែត្រ ដែលប្រើពេលចម្អិនជិត ៥០ ម៉ោង ដោយក្រុមមេចុងភៅ និងកូនកាំបិតចំនួន ១០០ នាក់។

កាលពីព្រឹត្តិការណ៍អង្គសង្ក្រាន្តឆ្នាំ ២០១៤ ចុងភៅនិងបុគ្គលិកជាង ៥០នាក់ នៃសមាគមចុងភៅកម្ពុជា (Cambodia Chefs’ Association) ក៏ធ្លាប់បានវេចនំអន្សមជ្រូកយក្សធ្វើពីអង្ករដំណើបទម្ងន់ជាង ១ តោន ដោយបានចំណាយថវិកាជាង ៧ពាន់ដុល្លារអាមេរិក ហើយដែលត្រូវបានដាក់ដង្ហែនិងតាំងបង្ហាញនៅខាងមុខរមណីដ្ឋានអង្គវត្ត។
ដោយឡែកកាលថ្ងៃ ១៥ មេសា ឆ្នាំ ២០១៥ យុវជនខ្មែរចំនួន ២០១៥ នាក់ បានរាំចង្វាក់ម៉ាឌីហ្សុនបំបែកកំណត់ត្រាពិភពលោកដែលរៀបចំឡើងនៅទីលានជល់ដំរីខេត្តសៀមរាប។ ដើម្បីបានបំបែកកំណត់ត្រាពិភពលោកនេះបាន គេត្រូវគោរពលក្ខខណ្ឌមួយចំនួន។ ទី១គឺត្រូវមានចំនួនមនុស្សច្រើនជាងកំណត់ត្រាចាស់ ហើយរាំឲ្យស្រុះនិងស៊ីចង្វាក់គ្នា។ ចំពោះការរាំដែលមិនមានក្បាច់ក្បួនត្រឹមត្រូវ គឺមិនឲ្យចូលរួមនោះទេ។
លក្ខខណ្ឌទី២ គឺត្រូវគោរពរយៈពេលរាំដែលមានចំនួនកំណត់ ៥ នាទី។ ការបំបែកកំណត់ត្រាពិភពលោករបស់កម្ពុជាគ្រានោះ គឺឈ្នះលើឯតទគ្គកម្មពិភពលោករបស់ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៤ ដែលមានអ្នករាំចំនួន ១១៥៥ នាក់។ សូមរម្លឹកជូនថា ការរាំចង្វាក់ម៉ាម៉ាឌីហ្សុនរបស់យុវជនកម្ពុជា ធ្លាប់បានជាប់កំណត់ត្រាពិភពលោកម្តងរួចហើយកាលពីឆ្នាំ២០១២ ដែលកាលណោះមានអ្នកចូលរួមជិត១ ០០០នាក់។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ កម្ពុជាក៏បានបំបែកឯតទគ្គកម្មពិភពលោក «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់។

ជាមួយគ្នានេះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នេះដែរ កម្ពុជាក៏បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” (Largest Display of Origami Hearts) ចំនួន 3,917,805 បេះដូង ជាផ្លូវការពីស្ថាប័ន Guinness World Records។
ចុងក្រោយកាលឆ្នាំ២០១៨ ទូកងវែងជាងគេប្រវែងជិត ១០០ម៉ែត្រ របស់កម្ពុជា ក៏បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records។ ទូកងដែលជាប់កំណត់ត្រារបស់ Guinness World Recordsមានប្រវែងសរុប ៨៧,៣០ ម៉ែត្រ ទទឹងប្រវែង ១,៩៤ម៉ែត្រ ជម្រៅទូក ០,៨០ ម៉ែត្រ និងមានចំណុះទូកចំនួន ១៧៩ នាក់។
កម្មវិធីកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក ទូកង វែងជាងគេបានប្រព្រឹត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការចូលរួមពីតំណាង Guinness World Records ចុះមកពិនិត្យមើលវាយតម្លៃលក្ខណៈបច្ចេកទេសខ្នាតរបស់ទូក និងការអុំបង្ហាញជាក់ស្តែង។

ទូកង មានប្រវែងវែងជាងគេលើពិភពលោកត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូកង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”។ ទូកងនេះធ្វើពីឈើគគីរចំនួន ៦ ដើម ហើយក្បាលទូកឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយត្រូវបានឆ្លាក់ជាកន្ទុយហង្ស។ ការផលិតបានប្រើប្រាស់រយៈពេលចំនួន ១៩២ ថ្ងៃ។
គួរបញ្ជាក់ថា កន្លងមកកម្ពុជាធ្លាប់ជាប់កំណត់ត្រាពិភពលោកផ្សេងទៀតដូចជា កម្ពុជាមានអណ្តើកទឹកសាបដ៏ធំជាងគេនៅទន្លេមេគង្គ។ ភាសាខ្មែរជាភាសាដែលមានអក្សរច្រើនជាងគេ និងកំណត់ត្រាមួយទៀតគឺអ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនប្រភេទជាងគេក្នុងលោក ដែលកំណត់ត្រានេះថ្វាយដល់ព្រះបាទនរោត្តម សីហនុ៕
-
វប្បធម៌ ជំនឿ៥ ម៉ោង មុន
នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ
-
វប្បធម៌ ជំនឿ១៤ ម៉ោង មុន
មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
សន្តិសុខសង្គម១ ថ្ងៃ មុន
កាត់ទោសឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ស្នងការរាជធានីបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីស្រ្តីមួយក្រុមព្រួតវាយស្រ្តីម្នាក់នៅក្នុងបន្ទប់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន
ប្រវត្តិនាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ស្វែងយល់ពីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានដំណើរការជ្រើសរើសយ៉ាងណាខ្លះ?
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កម្ពុជា នឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋានខ្នាតធំពីរនៅចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤