ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា លោក រ៉ុង ឈុន ត្រូវបានតុលាការផ្ដន្ទាទោសរយៈពេល ២ឆ្នាំ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយមិនទាន់មាននីតិសម្បទាឡើងវិញនៅឡើយទេ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ បានសរសេរលិខិតជម្រាបជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពីសំណើសុំបញ្ជាក់អំពីភាពមាន ឬមិនទាន់មាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៦៩ តាមអំណាចសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល។

ក្នុងលិខិតនោះ លោក កើត រិទ្ធ បានបញ្ជាក់ថា ចំពោះករណីនេះ បន្ទាប់ពីចាត់ឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរួចមក ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖
១-អំពីការផ្តន្ទាទោសលើឈោ្មះ រ៉ុង ឈុន៖ ឈ្មោះ រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ពីបទ ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្តន្ទាទោសនេះជាប្រភេទបទមជ្ឈិម។
២-អំពីការមាននីតិសម្បទាឡើងវិញរបស់ទណ្ឌិត៖ ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ, ទណ្ឌិតដែល ត្រូវបានផ្តន្ទាទោសដោយតុលាការ អាចមាននីតិសម្បទាឡើងវិញតាម ២ទម្រង់ ដូចខាងក្រោម៖
-ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ៖ ផ្អែកតាមមាត្រា ៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, ការផ្ដល់ឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឲ្យ ឬមិនព្រមផ្តល់ឲ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការ នៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា ៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, សភាព្រហ្មទណ្ឌអាចពិនិត្យ និងសម្រេចលើការស្នើសុំឲ្យមាននីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល ៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្តើមគិតពីការអនុវត្តទោសរួច។
-ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់៖ ផ្អែកតាមមាត្រា ៥៤១ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ក្នុងលិខិតដដែលនោះថា ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាលោក រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល, ដូចនេះលោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឲ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា ៥៣៤ និងមាត្រា ៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាតក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។ ក្នុងនោះ គណបក្សភ្លើងទៀន ក៏ត្រូវប្ដូរបេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែម ជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


