Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ណែនាំ​៨​ចំណុច​ឲ្យ​ពលរដ្ឋ គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន ដើម្បី​អនុវត្ត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជាតិ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពីថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ និង​អធិកអធម សំដៅ​ចូល​រួម​ចំណែក លើកកម្ពស់​កិត្យានុភាព​ជាតិ ធានា​បាន​នូវ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន​ស្អាត រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ចំនួន​៨​ចំណុច​អោយ​ពលរដ្ឋ គ្រឹះស្ថាន​រដ្ឋ​-​ឯកជន ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម រោងចក្រ​-​សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់​បុរី និង​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្ដីណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ក្នុង​សេចក្ដីណែនាំ​នេះ​មានន័យថា​៖ ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពី ថ្ងៃទី ០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ដូច្នេះ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជាតិ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ និង​អធិកអធម សំដៅ​ចូលរួមចំណែក លើកកម្ពស់​កិត្យានុភាព​ជាតិ ធានា​បាន​នូវ​សោភ័ណភាព និង​អនាម័យ​បរិស្ថាន​ស្អាត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១- គ្រប់​លំនៅឋាន ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់​បុរី មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ (​ដូចជា​សណ្ឋាគារ ខុន​ដូ ភោជនីយដ្ឋាន​ជាអាទិ៍​) និង​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ​ផ្សេងទៀត សូម​ចង​ទង់ជាតិ ដោយ​ដាក់​ដង​ឱ្យបាន​ត្រឹមត្រូវ និង រៀបចំ​តុបតែង លម្អ ភ្លើងពណ៌ នៅមុខ​គេហដ្ឋាន លើ​អគារ តាម​របង និង​នៅមុខ​មូលដ្ឋាន​អាជីវកម្ម របស់ខ្លួន​ឱ្យបាន​ផុលផុស​។ ទង់ជាតិ ត្រូវមាន​លក្ខណៈ​ត្រឹមត្រូវ​ស្របតាម​អត្តសញ្ញាណ​ជាតិ និង ត្រូវ​ចង់ឱ្យមាន​របៀប​រៀបរយ​ល្អ ព្រមទាំង​ត្រូវ​ពិនិត្យមើល​ក្រណាត់​ទង់ជាតិ ចៀសវាង​ប្រើប្រាស់ កំណាត់​ដាច់​រហែក ស្លក់​ពណ៌ ឬ​ទក់ ដែល​ធ្វើ​ឱ្យ​បាត់បង់​សោភណភាព​

២- គ្រប់​គ្រឹះស្ថាន​រដ្ឋ​-​ឯកជន ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម រោងចក្រ​-​សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់​បុរី និង​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ សូម​៖

– ចង​បដា​ពាក្យស្លោក ដែលមាន​ខ្លឹមសារ​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​ជាតិ និង​ព្រឹត្តិការណ៍​ប្រកួត​កីឡា ទាំងពីរ​នេះ ដោយ​ត្រូវ​ចង​តាម​លក្ខណៈ​បច្ចេកទេស និង​សមស្រប​តាម​ទំហំ​អគារ ឬ​ទីតាំង​របស់ ខ្លួន​ចៀសវាង​បង្ក​គ្រោះថ្នាក់ និង​បាត់បង់​សោភណភាព ។​

– រៀបចំ​បំពាក់​ខ្សែ​ភ្លើងពណ៌​បំភ្លឺ និង​ដាក់​គោម​ភ្លើង​បំភ្លឺ​នៅតាម​របង​នៅមុខ​អគារ ឬ​តាម​ជញ្ជាំង អគារ ឬ​ដើមឈើ និង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន ឱ្យមាន​ភាព​ទាក់ទាញ និង​សោភណភាព – នៅមុខ​ទីតាំង​ផ្សារ​ទំនើប និង​អគារ​ពាណិជ្ជកម្ម​ធំៗ ដែលមាន​សូន​ច្បារ និង​ទឹក​បាញ់ ត្រូវ​រៀបចំ តុបតែង​លម្អ​ភ្លើងពណ៌​បំភ្លឺ​ចម្រុះ​ពណ៌ ហើយ​ទីតាំង​ដែលមាន​បំពាក់​ទូរទស្សន៍ LED ត្រូវ​ចាក់ ផ្សាយ​អំពី​សកម្មភាព និង​ខ្លឹមសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ​។​

– សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវដាក់​ពាក្យស្លោក ផ្សព្វផ្សាយ និង​ប្រើប្រាស់​ខ្លឹមសារ និង​និមិត្តសញ្ញា​ផ្សព្វផ្សាយ “​ឆ្នាំ​ទស្សនា​ក៍ម្ពុជា ២០២៣* (Visit Cambodia Year 2023) ដើម្បី ផ្សារភ្ជាប់​ជាមួយនឹង​និមិត្តសញ្ញា​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣” ជាមួយ​រូបតំណាង​”​បូរី និង​រំដួល​” និង​ពាក្យស្លោក​”​កម្ពុជា​ព្រះរាជាណាចក្រ អច្ឆរិយ ផ្តល់​ភាព​កក់​ក្ត​” និង “​គ្រប់​ថ្ងៃ គឺជា​អច្ឆរិយ​ភាព​” (Every Day Is A Wonder) ។​

៣-​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​មី​នី​ម៉ា​ត (Mini Mart) ហាង​លក់ទំនិញ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​លក់ទំនិញ​ដែលមាន​បិទ​ស្លាក​តម្លៃ​ត្រឹមត្រូវ និង​គុណ​ភាពល្អ ។​

៤- គ្រប់​លំនៅឋាន មូលដ្ឋាន​អាជីវកម្ម និង​ការដ្ឋាន​សាងសង់​សំណង់​នានា នៅក្នុង​រាជធានី​ភ្នំពេញ​សូម​ចូលរួម​ថែរក្សា និង​សម្អាត​អនាម័យ​-​បរិស្ថាន​នៅតាម​ទីតាំង​របស់ខ្លួន ដោយ​ត្រូវ​ធ្វើការ​បោស សម្អាត ប្រមូល​ទុកដាក់ និង​វេច​ខ្ចប់​សំរាម ឬ​កាកសំណល់​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស និង​បញ្ចេញ​ឱ្យបាន​ទៀងទាត់​តាម​ពេលវេលា​កំណត់ ៥- គ្រប់​គេហដ្ឋាន និង​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បញ្ឈប់​ការ​ហាល សម្លៀកបំពាក់ ឬ​សម្ភារៈប្រើប្រាស់​ផ្សេងៗ​នៅខាងមុខ ឬ​លើដំបូល​គេហដ្ឋាន​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព ។​

៦- ដោយឡែក​ចំពោះ​ទីតាំង​ដី​ទំនេរ និង​ម្ចាស់​ការដ្ឋាន​សាងសង់​សំណង់​នានា​ស្ថិតនៅតាម​បណ្តោយ មហាវិថី និង​វិថី​សំខាន់ៗ​នានា ត្រូវ​រៀបចំ​ធ្វើ​របង​បិទបាំង​ទីតាំង​របស់ខ្លួន ឬ​កែលម្អ​ឱ្យមាន សោភណភាព និង​របៀបរៀបរយ​ល្អ ។​

៧-​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​មាន សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង របៀបរៀបរយ​សង្គម ឱ្យបាន​ល្អប្រសើរ​ក្នុងអំឡុងពេល​រៀបចំ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ សំដៅ​ចូលរួម​លើកកម្ពស់​កិត្តិនាម​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រជាជន​កម្ពុជា​ទាំងមូល ។​

៨- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ់​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បំផុស​ចលនា ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ឱ្យ​យល់ដឹង​ទូលំទូលាយ​ពី​សារសំខាន់ ដើម្បី​បង្កើន​ការ ចូលរួម​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទាំងពីរ​នេះ​ឱ្យបាន​ផុលផុស និង​អធិកអធម ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ នឹង​ផ្តល់​ការយោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្រប តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ ព្រមទាំង​ចូលរួម​ទស្សនា និង​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​ទាំងពីរ​នេះ​ឱ្យបាន កុះករ និង​អធិកអធម៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម