Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋខេត្តកំពង់ចាម ជាង ៣ ពាន់នាក់ ទទួលការព្យាបាលដោយឥតគិតថ្លៃ ពី TYDA

បានផុស

នៅ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាជនបានចំនួន ៣ ០២០ នាក់ទៀត មានជំងឺ ៥ ៨១៣ ករណី និងបានបញ្ជូនមកព្យាបាលបន្ត ៧៩ នាក់។ ការពិនិត្យ និងព្យាបាលនាចុងសប្ដាហ៍នេះ មានការចូលរួមពីអាជ្ញាធរភូមិឃុំ ស្រុកខេត្ត យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកដែលពាក់ព័ទ្ធផ្សេងទៀត ស្ថិតក្នុងបរិវេណបឋម-អនុវិទ្យាល័យ ទូរ៉ី នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូន និងក្មួយៗកុមារនាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹក និងកិច្ចការងារច្រើន ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានផ្តាំផ្ញើតាមរយៈលោក ឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា មានប្រសាសន៍បន្តថា គោលបំណងធំរបស់ (TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗនិស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ដល់សង្គមជាតិ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតខេត្តព្រះសីហនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងនាមលោកផ្ទាល់ និងជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ពិនិត្យផ្ទៃពោះ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ និងបងប្អូនកម្មករ កម្មការីនីរោងចក្រ នាឱកាសនេះ។

លោក លូ គឹមឈន់ មានប្រសាសន៍បន្តថា ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមទាំងមូល សូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម