Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពបង្កអសន្តិសុខសង្គម

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពនៃការប្រមូលផ្ដុំកម្លាំងបង្កអសន្តិសុខដល់សង្គមជាតិ។ លោកអភិបាលរាជធានីភ្នំពេញ ប្រកាសបែបនេះនៅមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឫស្សីកែវ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញបានប្ដេជ្ញាចិត្តយ៉ាងមុះមុតបន្តដើរទៅមុខ ដោយឥតងាករេលើមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ស្របតាមបរិបទនៃសង្គមកម្ពុជា បច្ចុប្បន្ននេះ។

ទន្ទឹមនេះ លោក ឃួង ស្រេង ក៏បានប្រកាសគាំទ្រ និងអនុវត្តរាល់សេចក្ដីសម្រេចរបស់ស្ថាប័នកំពូលរបស់ជាតិ ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបដិសេធ និងប្រឆាំងដាច់ខាតរាល់សកម្មភាពនៃការប្រមូលផ្ដុំកម្លាំងដែលបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម។ លោកអភិបាល បន្តថា សកម្មភាពដែលមានបំណងប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតពីមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ឬគាបសង្កត់លើអធិបតេយ្យភាពកម្ពុជា គឺរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យមានឡើយ។

អាស្រ័យដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នឹងខិតចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកអភិបាលរាជធានីភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តចូលរួមការបោះឆ្នោតជាតិខាងមុខ ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាល ក៏បានប្រកាសបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នៅពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្មថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ហើយឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា គឺជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងការអភិវឌ្ឍជាតិមាតុភូមិឲ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង / រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម