ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជារឹងមាំ និងមានកំណើនខ្ពស់
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបហើយជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប។

លោក រដ្ឋមន្ត្រីបានបន្តថា កំណើនអត្រាការងារបច្ចុប្បន្នភាគច្រើន នៅក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ជាមួយគ្នានេះដែរ ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះក្រសួងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងអនុវត្តបានយ៉ាងជោគជ័យនូវអនុសាសន៍ទាំង១០ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពេលចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតកន្លងមក។
លោករដ្ឋមន្ត្រីបានបន្ថែមថាក្រៅពីនេះ ក្រសួងការងារនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម។
តាមរយៈបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» របស់លោក អ៊ិត សំហេង នៅថ្ងៃទី០១មិថុនា នៅសាលាភូមិន្ទរដ្ឋបាល មានខ្លឹមសារថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាននិងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ។ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមន្រ្តីសាធារណៈ។
ចំណែកវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងខិតខំអនុវត្តកម្មវិធីនេះដោយមានភាពបទបែន ក្នុងគោលបំណងបង្កើនមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើន ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
ជាងនេះទៀតក្រសួងនឹងចូលរួមជាមួយក្រសួង-ស្ថាប័នផ្សេងទៀតដើម្បីបណ្តុះបណ្តាលជំនាញដល់យុវជនចំនួន ១,៥លាននាក់ ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងអំឡុងពេលបណ្តុះបណ្តាល ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


