ព័ត៌មានជាតិ
អង្គការអុកស្វាម រៀបចំកិច្ចសន្ទនាគោលនយោបាយទទួលបានការងារសមរម្យ និង ប.ស.ស សម្រាប់កម្មការិនីរោងចក្រម៉ៅការដេរបន្ត
អង្គការអុកស្វាម (Oxfam) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពីកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវពី «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ វេទិកានេះ បានរៀបចំឡើងនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។

វេទិកាកិច្ចសន្ទនាគោលនយោបាយនេះ មានគោលបំណងបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍នានាស្តីពីការទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍សន្តិសុខសង្គមក្នុងចំណោមកម្មការិនីក្នុងរោងចក្រម៉ៅការដេរបន្តនៅកម្ពុជាដល់អ្នកតាក់តែងគោលនយោបាយ តំណាងក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនបញ្ជាទិញ និងភាគីពាក់ព័ន្ធដើម្បីសហការគ្នាស្វែងរកដំណោះស្រាយឱ្យបានសមសម្រប ក៏ដូចជាពង្រឹងការយល់ដឹងអំពីតួនាទីដ៏ចម្បងនៃការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការពង្រឹងប្រព័ន្ធធានារ៉ាប់រងសាធារណៈនៅកម្ពុជា។
វេទិកានេះ ក៏បង្កើតជាវេទិកាពិភាក្សាគោលនយោបាយមួយជូនដល់អ្នកតាក់តែងច្បាប់ តំណាងក្រសួង ដៃគូអភិវឌ្ឍន៍ តំណាងកម្មករនិយោជិត និងក្រុមហ៊ុនបញ្ជាទិញ ដើម្បីផ្លាស់ប្តូរការយល់ដឹងអំពីស្ថានភាពនៃការអនុវត្ត និងការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅតាមរោងចក្រម៉ៅការដេរបន្ត ហើយជំរុញ និងជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យ និងកែសម្រួលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ដើម្បីការពារសិទ្ធិនិងធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរបន្ត។

ថ្លែងបើកវេទិកានារសៀលថ្ងៃទី២១ ខែមិថុនានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម លើកឡើងថា អង្គការអុកស្វាមមានបេសកកម្មរួមចំណែកកសាងសង្គមមួយដែលគ្មានភាពក្រីក្រ និងអយុត្តិធម៌។ លោកស្រី បញ្ជាក់ថា យើងប្តេជ្ញាសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាព ក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។
លោកស្រី ភាណ សោភ័ណ បន្តថា ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញពីចំណុចមួយចំនួនដែលត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្ត ទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គមដូចគ្នានឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីការដែរ។

ជាអធិបតីក្នុងវេទិកានេះដែរ លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងភាគីកម្មករនិយោជិក តំណាងភាគីនិយោជក ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិនានាក្នុងការអនុវត្តកម្មវិធីសំខាន់ៗជាច្រើន ជាអាទិ៍ ការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ ការបណ្ដុះបណ្ដាលជំនាញលើផលិតភាពប្រកួតប្រជែង ការគាំពារសង្គម និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តរួមគ្នានៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពវិជ្ជាជីវៈ ។
លោក ហ៊ីវ រស្មី បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីទាំងនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា និងជំរុញឱ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យ និងកាន់តែច្រើន។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការរៀបចំវេទិកានៃកិច្ចសន្ទនាគោលនយោបាយស្ដីពីការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមសម្រាប់កម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅថ្ងៃនេះ ក៏ស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីនយោបាយជាច្រើន ក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
ដោយផ្អែកលើមូលដ្ឋាននេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ សំដៅរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្រទាំង៥ របស់រាជរដ្ឋាភិបាល គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការបង្កើនការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាជាអប្បបរមា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


