ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បង្គាប់ការឱ្យស៊ើបអង្កេតស្នងការរងខេត្តតាកែវ ជំរិតយកប្រាក់រាប់ម៉ឺនដុល្លារ
ក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការ លេខ ០០៦ អ ប ក អ ធិ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានចាត់លោកឧត្ដមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹង និងមន្រ្តីរួមដំណើរ៥រូបទៀត ឱ្យចុះអង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងមន្ត្រីមួយចំនួនទៀត នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពាក់ព័ន្ធករណីចោទប្រកាន់រឿងជំរិតយកប្រាក់រាប់សិបម៉ឺនដុល្លារ ពីជនរងគ្រោះ។
ជុំវិញការប្ដឹងចោទប្រកាន់នេះ លោក ឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង បាននិយាយយ៉ាងខ្លីតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ជាករណីមិនពិតនោះទេ។

លោក ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានមន្ត្រីនគរបាលថ្នាក់ក្រោម និងប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ដែលសុំមិនបញ្ចេញឈ្មោះសរសេរពាក្យបណ្ដឹងប្ដឹងរូបលោកទៅសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការពាក់ព័ន្ធនិងភាពមិនស្របច្បាប់មួយចំនួន ។
តាមពាក្យបណ្តឹងសុំអន្តរាគមន៍ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅបានឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើឲ្យពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបានប្រព្រឹត្តបទល្មើសមួយចំនួនដោយផ្ទាល់ខ្លួន។
ខ្លឹមសារ នៃពាក្យបណ្ដឹងបានបញ្ជាក់ថា នៅចុងឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង និងបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន២០០,០០០ដុល្លារអាមេរិក(ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក)និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនបរទេស ចំនួន៣នាក់ និងជនជាតិខ្មែរ ២នាក់ ជំរិតយកប្រាក់ចំនួន១០០,០០០ដុល្លារអាមេរិក(មួយរយពាន់ដុល្លារអាមេរិក)និងដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិកជាអ្នកបកប្រែ។
លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាងជនរងគ្រោះ២នាក់ បានមកប្ដឹងតវ៉ាដល់ស្នងការដ្ឋាន ក្នុងគោលបំណងទាមទារឲ្យអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលខាងលើ និងទាមទាយកសម្ភារៈដែលដកហូតពីជនរងគ្រោះជាអ្នកវិនិយោគិន (ជនបរទេស) ត្រឡប់មកវិញ។
ក្រោយមានបណ្ដឹងតវ៉ា ក៏មានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មួយរូប(មិនស្គាល់ឈ្មោះ) បានយកសម្ភារៈទៅប្រគល់ឲ្យជនរងគ្រោះវិញដល់រាជធានីភ្នំពេញ។ ករណីនេះតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្ដមសេនីយ៍ត្រី ហ៊ិង សុខខេង សាកសួរដំណើររឿងនេះ ម្ដងរួចមកហើយ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


