ព័ត៌មានជាតិ
ធនាគារអេស៊ីលីដាភីអិលស៊ី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network “GLN International Inc.”
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយស្ថាប័ន Global Loyalty Network “GLN International Inc.” ដែលជាក្រុមហ៊ុនបណ្ដាញឌីជីថលសកល សម្រាប់ទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័ត ដើម្បីដាក់ឲ្យប្រើប្រាស់នូវការទូទាត់ឆ្លងដែន តាមឃ្យូអរកូត GLN CPM QR ដើម្បីស្កេនជាមួយម៉ាស៊ីនឆូតកាត POS នៅប្រទេសកម្ពុជា។

សមិទ្ធផលនេះ នឹងជំរុញឲ្យបណ្ដាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ស្ថាប័ន GLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញនូវឃ្យូអរកូត សម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយការស្កេននៅតាមម៉ាស៊ីនឆូតកាត POS។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន Global Loyalty Network “GLN International Inc” ដែលអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ធ្វើការទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យនេះ អតិថិជនអ្នកប្រើប្រាស់ កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប។
លោក Kim Kyung Ho នាយកប្រតិបត្តិ Global Loyalty Network “GLN International Inc” បានមានប្រសាសន៍ថា “យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ធនាគារជាតិ នៃកម្ពុជា ដែលតែងតែជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នយើងខ្ញុំ រួមជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង គឺ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” នៅប្រទេសកម្ពុជា ហើយស្ថាប័នយើងខ្ញុំ ពិតជាមានសេចក្ដីរីករាយក្នុងការកំណត់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ចំពោះការផ្លាស់ប្ដូរការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវគុណតម្លៃដល់បណ្ដាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
ការអនុញ្ញាតឲ្យភ្ញៀវទេសចរ ដែលមកទស្សនានៅប្រទេសកម្ពុជា អាចទូទាត់ជាមួយនឹងពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ កាត់បន្ថយការចំណាយលើការទូទាត់ និងជំរុញឌីជីថលរូបនីយកម្ម នៃការទូទាត់នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល”។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ ២០២៣។
ចំណែកស្ថាប័ន GLN International Inc, ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ KEB Hana ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេ មួយនៅក្នុងប្រទេសកូរ៉េ គាំទ្រដោយធនាគារ KB Kookmin, Kakao Payments Inc មកពីប្រទេសកូរ៉េ ធនាគារ Taishin មកពីតៃវ៉ាន់ និងធនាគារ SuMi Trust Bank ពីប្រទេសជប៉ុន គឺជាបណ្ដាញទូទាត់តាមទូរស័ព្ទចល័តនៅទូទាំងពិភពលោកដែលរីកចម្រើនលឿនបំផុតសម្រាប់ ប្រតិបត្តិការហិរញ្ញវត្ថុទូទាត់ឆ្លងដែន ដូចជាការទូទាត់តាមទូរស័ព្ទ ការដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមចល័ត និងការផ្ទេរប្រាក់តាមទូរស័ព្ទចល័ត។ សេវាកម្ម GLN ឥឡូវនេះមាននៅប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


