សេដ្ឋកិច្ច
ធនាគារ អេស៊ីលីដា បោះផ្សាយលក់មូលបត្រទំហំ ១០០ លានដុល្លារ
ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ បានបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីកៀរគរទុនសម្រាប់ទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់ ៤០០ ពាន់លានរៀល ស្មើនឹងប្រមាណ ១០០ លានដុល្លារ ។
លោកបន្តថា ផ្សារមូលបត្រកម្ពុជា បានអនុញ្ញាតឱ្យធនាគារអេស៊ីលីដា ចុះបញ្ជីជាផ្លូវការ ចំពោះមូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិដែលជាប្រភេទសញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារអេស៊ីលីដា ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ ដែលជាការចុះបញ្ជីលក់សញ្ញាបណ្ណលើកទី ២ បន្ទាប់ពីបានបោះផ្សាយលើកទី ១ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា៖«តាមរយៈការធ្វើបរិវិសកម្ម វិនិយោគិនគុណវុឌ្ឍិកាលពីថ្ងៃទី ០៨ ខែ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ដោយធនាគារអេស៊ីលីដា បានធ្វើបរិវិសកម្ម ដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិចំនួន ៧៧ នាក់ បានបញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំ ដែលបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ ពាន់លានរៀល ប្រមាណ ១០០ លានដុល្លារ អាមេរិក ជាមួយនឹងអត្រាគូប៉ុង ប្រមាណ ៧,៥% ក្នុងមួយឆ្នាំ ដែលជួយផ្ដល់ឱកាសដល់វិនិយោគិន និងជួយធនាគារ ក្នុងការប្រមូលប្រភពទុន សម្រាប់គាំទ្រប្រតិបត្តិការធនាគារ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស»។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ការលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយពិពិធកម្ម និងបរិយាបន្ន ដែលក្នុងនោះវិស័យធនាគារ និងវិស័យមូលបត្របំពេញគ្នាទៅវិញទៅមកក្នុងការទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុច្រើនប្រភេទ សម្រាប់សហគ្រាស វិនិយោគិន និងអ្នកប្រើប្រាស់សេវា ធនាគារ និងហិរញ្ញវត្ថុ។
លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល ១ ឆ្នាំ ធនាគារអេស៊ីលីដា អាចកៀរគរទុន បាន ២០០ លានដុល្លារ ឆ្លុះបញ្ចាំងឱ្យឃើញថា ទីផ្សារមូលបត្រជាប្រភពទុនមិនចេះរីងស្ងួត។
លោក ហុង សុខហួរ យល់ឃើញថា៖« ទឹកប្រាក់ ២០០ លានដែលបានកៀរគរ ក្នុងរយៈពេល មួយឆ្នាំនេះ គឺមានន័យថា យើងកំពុងតែធ្វើដំណើរទៅរកការប្រែក្លាយវិស័យមូលបត្រទៅជាប្រភពទុនមួយមិនចេះរីងស្ងួតហើយ ហើយរំពឹងថា នាពេលអនាគត វិស័យនេះ នឹងអាចជួយគាំទ្រដល់ម្ចាស់អាជីវកម្មនៅក្នុងស្រុក អាចកៀរគរទុន ក្នុងមួយឆ្នាំៗ បានដល់ខ្ទង់ពាន់លានដុល្លារ រំពឹងថា ពេលនេះមកដល់ឆាប់ៗ»។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ថ្វីត្បិតតែមានភាពប្រឈមច្រើន សម្រាប់វិស័យហិរញ្ញវត្ថុជាសកល ប៉ុន្តែសម្រាប់ផ្សារមូលបត្រកម្ពុជា មិនមានការថមថយនោះទេ។
តួលេខ ឆ្នាំ ២០២៤ សាច់ប្រាកសរុប ដែលយើងប្រមូលបានពីទីផ្សារប្រមាណជាង ៤០០ លានដុល្លារ។ សម្រាប់ឆ្នាំ ២០២៥ សាច់ប្រាក់នឹងឡើងលើស ៧០០ លានដុល្លារ គិតរហូតដល់ចុងឆ្នាំ កើនឡើងសឹងតែមួយគុណនឹង ២។
លោក ស៊ូ សុជាតិ បន្ថែមថា៖ «យើងមានហើយស្រេច ៥៥០ លានដុល្លារ ថ្ងៃនេះថែម ១០០ លានដុល្លារ ពីធនាគារអេស៊ីលីដា គឺឡើង ៦៥០ លានដុល្លារ ហើយកាលពីថ្ងៃទី ៣ ខែតុលា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានដឹកនាំកិច្ចប្រជុំមួយសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈទំហំ ១២ លាន ដែលចាប់ផ្ដើមធ្វើបរិវិសកម្មសប្ដាហ៍ក្រោយ និងមានសញ្ញាបណ្ណមួយទៀត នៅចុងឆ្នាំនេះ ៤០ លានដុល្លារ ធានាថា ចុងឆ្នាំនេះ អាច ៧០០ លានដុល្លារ ឬអាចលើស»។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីលក់សញ្ញាបណ្ណសារជីវកម្មជាលើកទី២ របស់ធនាគារ អេស៊ីលីដានៅពេលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំធនាគារក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាដែលជាសក្ខីភាពមួយអំពីដំណើរឆ្ពោះទៅមុខនៃផ្សារមូលបត្រកម្ពុជា ក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច តាមរយៈការផ្ដល់ប្រភពហិរញ្ញប្បទានជូនដល់វិស័យឯកជន និងរាជរដ្ឋាភិបាល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


