Connect with us

សេដ្ឋកិច្ច

​កម្ពុជា-ឥណ្ឌា បើកដំណើរការ​ទូទាត់ឆ្លងដែន​ តាមរយៈ UPI និង KHQR​ ជំរុញពាណិជ្ជកម្ម និងទេសចរណ៍

បានផុស

នៅ

ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសដោយធនាគារជាតិនៃកម្ពុជា​ (NBC) ក្នុងការធ្វើជាធនាគារ​ទំនាក់​ទំនង​សម្រាប់បណ្តាញនៃការទូទាត់តាមរយៈបាគង (KHQR) នៅក្នុងប្រទេសកម្ពុជា ដែលនឹង​សហការ​ជាមួយក្រុមហ៊ុន NPCI International Payments Limited (NIPL) ដើម្បីបើកដំណើរការទទួលយកការទូទាត់ឆ្លងដែនតាមរយៈ Unified Payments Interface (UPI) នៅទូទាំងប្រទេសកម្ពុជា និង KHQR នៅទូទាំងប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០៤ ​ខែធ្នូ ឆ្នាំ ២០២៥​ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជា​មួយ​ក្រុមហ៊ុន NPCI International Payments Limited (NIPL) ដែលជាក្រុមហ៊ុនដៃគូអន្តរជាតិរបស់​សាជីវកម្មទូទាត់រូបិយបណ្ណជាតិ​នៃប្រទេសឥណ្ឌា (NPCI)។ ​

​ភាពជាដៃគូនេះនឹងផ្តល់ជូនអ្នកធ្វើដំណើរជនជាតិឥណ្ឌា និងកម្ពុជា នូវភាពងាយស្រួល​នៃការទូទាត់​តាមឃ្យូអរកូត រហ័សទាន់ចិត្ត និងមានសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត។ ​

​ភ្ញៀវទេសចរដែលជាជនជាតិឥណ្ឌានៅកម្ពុជា អាចប្រើប្រាស់កម្មវិធី UPI ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បានងាយស្រួលនៅតាមទីតាំងរបស់អាជីវករចំនួនជាង ៤.៥ លាន នៅប្រទេសកម្ពុជា។

ភ្ញៀវទេសចរកម្ពុជានៅប្រទេសឥណ្ឌា នឹងអាចស្កេន UPI QRs ចំនួនជាង ៧០៩ លាន ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ យ៉ាងងាយស្រួលដោយ​ប្រើកម្មវិធីទូទាត់​ប្រាក់ Bakong (KHQR) របស់កម្ពុជា។

កិច្ចសហការនេះនឹងគាំទ្រដល់ធុរកិច្ចក្នុងប្រទេសទាំងពីរដោយផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព ការទូទាត់តាមអន្តរប្រតិបត្តិការ និងមានប្រសិទ្ធភាព តាមរយៈ UPI និង KHQR ដែលជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារនៃប្រទេសទាំងពីរ។

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា៖ «​កិច្ចព្រមព្រៀងសេវា​កម្មទូទាត់ឆ្លងដែននេះ​ នឹងអនុវត្តតាមលក្ខខណ្ឌជាផ្លូវ​ការតាមលក្ខណៈ​បច្ចេកទេស និងការ​ភ្ជាប់​ប្រព័ន្ធប្រតិបត្តិការតាមរយៈបណ្តាញ UPI របស់ក្រុមហ៊ុន NPCI ជាមួយប្រព័ន្ធ​អេកូឡូស៊ី KHQR របស់ធនាគារ អេស៊ីលីដា»។​

ការបង្កើតបណ្តាញប្រតិបត្តិការនេះធានានូវការទូទាត់ដែលមានសុវត្ថិភាព និងអាចធ្វើអន្តរកម្ម​ទូទាត់​បានងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអតិថិជនឥណ្ឌា ប្រើប្រាស់ទូរស័ព្ទចល័ត​ដើម្បី​ស្កេនឃ្យូអរកូតសម្រាប់ទូទាត់ទិញទំនិញ​និងសេវាកម្ម របស់ពាណិជ្ជករកម្ពុជា។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកអន្តរប្រតិបត្តិការ​នៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយផ្តល់​នូវមធ្យោ​បាយដល់អតិថិជនរបស់ធនាគារអេស៊ីលីដា ជាមួយនឹងជម្រើសការទូទាត់ឆ្លងដែន ល្បឿនរហ័ស និងមានសុវត្ថិភាព ដែលជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

​ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា ប្រទេសកម្ពុជា និងឥណ្ឌា បានផ្តួចផ្តើមបង្កើតការទូទាត់​តាមប្រព័ន្ធឌីជីថលឆ្លង​ដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឱ្យកាន់តែមាន​ភាពងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការប្រើប្រាស់រូបិយ​បណ្ណជាតិរវាង​កម្ពុជា និងឥណ្ឌា។

​កាលពីខែមីនា ឆ្នាំ២០២៣ ធនាគារជាតិ និងក្រុមហ៊ុន NIPL បានចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរការឱ្យមានការទូទាត់​ប្រាក់ឆ្លងដែន​រវាងកម្ពុជា និងឥណ្ឌា។​

នៅខែឧសភា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនា​គារទំនាក់ទំនង (Sponsoring Bank) ជាមួយ NPCI International Payment Limited សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា និង NIPL នឹងសហការគ្នាលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឃ្យូអរ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា និង NIPL បាននឹងកំពុងសហការគ្នាអភិវឌ្ឍសមា​ហរណកម្មប្រព័ន្ធទូទាត់ឆ្លងដែន។ ហើយគម្រោងនេះផងដែរ នឹងគ្រោងដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសកម្ពុជា និងឥណ្ឌា (ឥណ្ឌា QR UPI ស្កេន KHQR) នៅក្នុងឆមាសទី ២ នៃឆ្នាំ២០២៦។

ធនាគារ អេស៊ីលីដា និង NPCI International Payment Limited (NIPL) នឹងសហការជាមួយធនាគារដៃគូបន្ថែមទៀត ដើម្បីរួមបញ្ចូលប្រព័ន្ធទូទាត់ឃ្យូអរ ដែលអាចឱ្យអតិ​ថិជនទទួលបានការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងឥណ្ឌា។

កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យភាពជោគជ័យដ៏សំខាន់មួយនៅក្នុងការពង្រីកវិសាលភាពជាសកល ក្រៅពីតំបន់អាស៊ាន ដោយបន្ថែមប្រតិបត្តិការទូទាត់ឆ្លងដែនទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសដទៃទៀត ដោយពង្រឹងទីតាំងរបស់ខ្លួន​នៅក្នុងប្រព័ន្ធ​អេកូនៃ​ការទូទាត់តាមឌីជីថលអន្តរជាតិ ដោយសម្របសម្រួលប្រតិបត្តិការកាន់តែមានភាពរលូន រហ័ស និងមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកធ្វើដំណើរ ដោយហេតុនេះ​ជំរុញការតភ្ជាប់​កាន់តែជិតស្និទ្ធរវាងប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីឈានទៅរកបណ្តាញទូទាត់​សកលដែលអាច​ធ្វើអន្តរកម្មបានពេញលេញ។

លោក Ritesh Shukla នាយកប្រតិបត្តិ ក្រុមហ៊ុន NPCI International មានប្រសាសន៍ថា៖ «ភាពជាដៃគូរបស់យើងជាមួយធនាគារ អេស៊ីលីដា គឺជាជំហានដ៏សំខាន់មួយ​ក្នុងការពង្រឹងច្រករបៀងទូទាត់ឌីជីថលអន្តរប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា»។

តាមរយៈការបើកដំណើរការឱ្យមានការទទួលយកការទូទាត់តាមរយៈ UPI និង KHQR នៅក្នុងប្រទេសទាំងពីរ គឺមានគោលបំណងជំរុញឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍​នៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងផ្តល់ឱ្យអតិ​ថិជននូវជម្រើសនៃការទូទាត់សំបូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់។

កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រីកការទូទាត់ប្រាក់តាមបែបឌីជីថលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងវិសាលភាពក្នុងការទូទាត់​ឌីជីថល​នៅក្នុងកម្រិតសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម