ព័ត៌មានជាតិ
៣ ឆ្នាំនេះ មាននិស្សិត ៤៣៧ នាក់ សិក្សាជំនាញពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូន
ចាប់តាំងពីការបើកដំណើរការវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូននៅក្នុងឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាលនិស្សិតបាន ៣ ជំនាន់ ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងពិធីសម្ពោធ “សាលសហសិក្សាតេជោសែន” កាលពីម្សិលមិញនេះថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗនិងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។

ការបង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យមួយនេះ គឺជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមានសមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទបានដោយខ្លួនឯងនាពេលអនាគត។
លោករដ្ឋមន្រ្តីបានបន្តថា ចាប់តាំងពីការបើកដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រហូតដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាលនិស្សិតទាំង ៣ ជំនាន់ ចំនួន ៤៣៧ នាក់ (ស្រី ១៧៧នាក់) បានផ្ដល់អាហារូបករណ៍ ១០០% ដល់និស្សិតឆ្នើមចំនួន ១០១ នាក់ និងអាហារូបករណ៍ ៥០% ដល់និស្សិតជានារីចំនួន ១៣៣នាក់ និងបានបើកថ្នាក់បំប៉នភាសាអង់គ្លេសជូននិស្សិតដោយឥតគិតថ្លៃ។ បន្ថែមពីលើនេះ វិទ្យាស្ថានក៏បានពង្រីកភាពជាដៃគូជាមួយស្ថាប័នអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដៃគូផ្សេងៗ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងផ្តល់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍និងកម្មវិធីសិក្សាទៅវិញទៅមក។
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលចំនួន ៣ កម្រិត រួមមាន៖ (១) កម្រិតវិស្វករ និងបណ្ឌិត (២) កម្រិតអ្នកជំនាញមធ្យមបច្ចេកទេសជាន់ខ្ពស់ និងការបណ្ដុះបណ្តាលជំនាញខ្លីៗ និង (៣) ការបណ្តុះបណ្តាលជំនាញផ្នែកទន់។

កាលពីថ្ងៃ ២៨ មិថុនា ២០២៣ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកសម្កោធ “សាលសហសិក្សាតេជោសែន” ទំនើបថ្មី បំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ ដែលនឹងចូលរួមលើកស្ទួយការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

សាលសហសិក្សាតេជោសែន គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ សាលនេះមានបណ្តោយ ៣១,៣ម៉ែត្រ និងទទឹង ១៨ម៉ែត្រ មានលទ្ធភាពអាចផ្ទុកអ្នកចូលរួមបានប្រមាណ ២៣០ នាក់។ នៅចំកណ្តាលស្លាបជញ្ជាំងផ្នែកខាងកើតនៃសាល បំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗមានការតម្លើងនូវ LED Screen ដែលមានបណ្ដោយ ៧ម៉ែត្រ និងទទឹង ៤ម៉ែត្រ (ស្មើនឹង ៣២៥អ៊ីញ)។
ការសាងសង់សាលសហសិក្សានេះ បានចំណាយថវិកាអស់ប្រមាណជាង ៦៥ ម៉ឺនដុល្លារអាមេរិក ដែលជាប្រភពមូលនិធិចូលរួមពីសប្បុរសជននានា។

នៅក្នុងឱកាសនៃពិធីសម្ពោធ “សាលសហសិក្សាតេជោសែន” សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបង្ហាញការសង្ឃឹមជឿជាក់ថា សាលសហសិក្សាដ៏ទំនើបមួយខ្នងនេះ នឹងចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលសមត្ថភាព និងការពង្រឹងគុណភាពនិស្សិត និងមន្ត្រីរាជការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងពិតប្រាកដ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


