Connect with us

ព័ត៌មានជាតិ

ទៅលេង​ជីផាត​ ចំណាយ​ពេល​ ៣ យប់ ៤ ថ្ងៃ ទើប​គ្រប់​គ្រាន់​ បាន​ទៅ​ដើរ​លេង​គ្រប់កន្លែង

បានផុស

នៅ

បើ​អ្នក​ទេសចរ​ចង់ធ្វើ​​ដំណើរ​កម្សាន្ត​ទៅ​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ជីផាត​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ៣ យប់ ៤ ថ្ងៃ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូទេសចរណ៍​​ជីផាត​នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

​នៅ​តំបន់​អេកូ​ទេសចរណ៍​ជីផាត​មាន​ភាព​ទាក់ទាញ​ ហើយ​មាន​កន្លែង​កម្សាន្ត​​ប្លែក​គ្នា​ច្រើន ហើយ​អ្នក​ទេសចរ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ៣ យប់ ៤ ថ្ងៃ ទើប​បាន​ដើរ​សព្វគ្រប់​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អន សុវណ្ណ ប្រធាន​សហគមន៍​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត​បាន​ឲ្យ​ដឹង​ថា នៅ​ជីផាត​មាន​តំបន់​ទេសចរណ៍​ផ្សេងៗ​គ្នា​តាម​ឆ្ងាយ​តាម​ជិត ក្នុង​នោះ​មាន​តំបន់​ទឹក​ធ្លាក់ ៣ កន្លែង មាន​ទឹក​ធ្លាក់​ឆាយ​ខ្ពស់ ទឹកធ្លាក់​អូរ​ម្លូ និង​ទឹកធ្លាក់​អូរ​ទឹក​វេទ។ ក្រៅ​ពី​នេះ​អ្នក​ទេសចរ​អាច​ជិះ​ទូក​មើល​សត្វព្រៃ សត្វ​ស្លាប ជីវៈ​​ចម្រុះ​តាម​ស្ទឹង​ព្រាត់ ទស្សនា​ការ​ចាក់​បង្កង មើល​ថ្ងៃ​លិច​ជាដើម​។ សហគមន៍​ក៏​បាន​រៀបចំ​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​មាន​ឱកាស​អាច​មើល​សត្វព្រៃ​ដោយ​ផ្ទាល់​។

ជាមួយ​គ្នា​នេះ អ្នក​ទេសចរក៏​អាច​ទៅ​ទស្សនា​មឈូស​បុរាណ​អាយុ​កាល ​៥០០ ​ឆ្នាំ ជា​ទីតាំង​ទាក់ទាញ​ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស។

បើ​តាម​ប្រធាន​សហគមន៍ ការ​ស្នាក់នៅ​កម្សាន្ត​នៅ​ជីផាត​ការ​ចំណាយ​ពេល​ ៣ យប់ ៤ ថ្ងៃ​គឺ​សមស្រប​។ តែ​យ៉ាងណា​មិញ លោក​កត់​សម្គាល់​ថា​ភ្ញៀវ​ខ្មែរ​ភាគ​ច្រើន​មកលេង​​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ត្រឡប់​ទៅវិញហើយ។

សម្រាប់​ការ​មក​លេង​នៅជីផាត លោក​ប្រធាន​សហគមន៍​ណែនាំ​ឲ្យ​អ្នក​ទេសចរ​អាច​មក​ចាប់​ពី​ចុង​ខែ​តុលាដល់​​ខែ​ឧសភា​។ បើ​នៅ​ចន្លោះ​ខែ​កក្កដា ដល់​ខែ កញ្ញា ចំ​ខែ​វស្សា​អាច​ពិបាក​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពិបាកផ្លូវ​ធ្វើ​ដំណើរ​។

ការ​មក​ជីផាត ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចម្ងាយ​ជាង ២០០ គីឡូម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ៤ និង​តាម​ផ្លូវ​ជាតិ​លេខ ៤៨ ដល់​បង្គោល​គីឡូម៉ែត្រ​លេខ ៤៧ បត់​តាម​ផ្លូវ​លំ​ជាង ២០ គីឡូម៉ែត្រ ឬ​អាច​ជ្រើសរើស​មធ្យោបាយ​ដោយ​ទូក​ចំណាយ​ពេល​ពី ២ ម៉ោងទៅ ២ ម៉ោង កន្លះ​​ចេញ​ពី​គល់​ស្ពាន​អណ្ដូង​ទឹក​នឹង​មក​ដល់​សហគមន៍​ជីផាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម