Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ បង្កើតសារមន្ទីរតាំងវត្ថុបុរាណ សម្រាប់ឱ្យកូនខ្មែរ និងអន្តរជាតិ ស្គាល់ពីប្រវត្តិសាស្រ្តខ្មែរ

បានផុស

នៅ

លោក លី ប៉េងហេង បានចំណាយថវិកាផ្ទាល់ខ្លួន និងប្រើរយៈពេលជាង២០ឆ្នាំ សម្រាប់ដើរប្រមូលទិញវត្ថុបុរាណខ្មែរជាច្រើនប្រភេទ ខ្លះផលិតតាំងពីជាង៦០ឆ្នាំមុន ដើម្បីបង្កើតជាសារមន្ទីរមួយនៅក្រុងសៀមរាប ជាកន្លែងឱ្យភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនា។

រូបភាពពី៖ តោះទៅលេងសៀមរាប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ប៉េងហេង មានឈ្មោះហៅក្រៅ ៣ ថា លោកតា ៧មករា, តាឆ្កួត ឬ តាអេតចាយ បានប្រមូលទិញវត្ថុបុរាណជាច្រើនដូចជា ឡាន ម៉ូតូ កង់ ចង្កៀងប្រេងកាត ប្រាក់សម័យមុន នាឡិកា ម៉ាស៊ីនថតរូប ទូរស័ព្ទ វិទ្យុ ឧបករណ៍តន្រ្តី និងវត្ថុបុរាណជាច្រើនទៀត​ ដែលខ្លះត្រូវបានផលិតតាំងពីជាង ៦០ឆ្នាំមុន រួចតម្គល់ទុកនៅក្នុងសារមន្ទីររបស់លោក ឈ្មោះថា “សារមន្ទីរ វិមានសុខា” ដែលជាសារមន្ទីរសាងសងរបៀបជាផ្ទះវីឡាក្នុងសម័យកាលបារាំង។

ការប្រមូលទិញវត្ថុបុរាណទាំងនេះ គឺកើតចេញពីការស្រឡាញ់របស់លោក ហើយលោកចាប់ផ្តើមប្រមូលតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយលោកបានដើរទិញវត្ថុបុរាណទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ វត្ថុបុរាណដែលមានអាយុកាលជាង ៣០០ឆ្នាំមុន ក៏មាននៅទីនោះដែរ។  

លោក លី ប៉េងហេង និងភរិយា

ជាមួយនឹងការដើរប្រមូលទិញវត្ថុបុរាណជាច្រើន លោក លី ប៉េងហេង ក៏បានបង្កើតសារមន្ទីរ វិមានសុខា ឡើងមក នៅក្នុងក្រុងសៀមរាប ជាតំបន់ប្រវត្តិសាស្រ្តខ្មែរ និងជាខេត្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅទស្សនានៅទីនោះ ក៏ជាខេត្តដ៏ស័ក្តិសមបំផុតក្នុងការតាំងនូវវត្ថុបុរាណទាំងអស់នេះ។ បើក្រឡេកមកចាប់អារម្មណ៍ជាមួយនឹងឈ្មោះសារមន្ទីរនេះ គឺលោក លី ប៉េងហេង បានយកឈ្មោះកូនរបស់លោក គឺវិមាន និងឈ្មោះរបស់ភរិយាលោក សុខា មកដាក់ឈ្មោះឱ្យសារមន្ទីរមួយនេះ។

រូបភាពពី៖ Facebook

សារមន្ទីរ វិមានសុខា មានទីតាំងស្ថិតនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណាយពេលតែ ៥នាទីពីក្រុងអង្គរ និង១០នាទី ពីព្រះអង្គចេក ព្រះអង្គចម ប៉ុណ្ណោះ។ សារមន្ទីរនេះ ចូលតាមផ្លូវច្រកទី២ ពីវត្តថ្មី (ហៅវត្តក្បាលខ្មោច)។ សម្រាប់អ្នកដែលមានការចាប់អារម្មណ៍ និងស្រឡាញ់វត្ថុបុរាណរបស់ខ្មែរ ឬ ចង់វិលទៅមើលពីទិដ្ឋភាពក្នុងសម័យបុរាណ អាចចូលទស្សនានៅសារមន្ទីរមួយនេះ ដោយភ្ញៀវជាតិចំណាយត្រឹមតែម្នាក់ ១ម៉ឺនរៀលប៉ុណ្ណោះ ភ្ញៀវអន្តរជាតិចំណាយ ២ម៉ឺនរៀល។

សូមជម្រាបថា លោក លី ប៉េងហេង ជាបុរសម្នាក់ដែលចំណាយប្រាក់ផ្ទាល់ខ្លួនដើរប្រមូលទិញវត្ថុបុរាណខ្មែរគ្រប់ទិសទី និងបង្កើតជាសារមន្ទីរមួយដល់កូនខ្មែរជំនាន់ក្រោយបានទស្សនា និងស្វែងយល់ពីមួយផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ខ្មែរ។ ការចូលទស្សនាវត្ថុបុរាណទាំងអស់នេះ ក៏ជាចំណេះដឹងថ្មីមួយសម្រាប់កូនខ្មែរ ដែលមិនបានស្គាល់ ឬ ដឹងអំពីវត្ថុប្រើប្រាស់របស់ខ្មែរកាលពីសម័យមុន។ ជាងនេះទៀត សារមន្ទីរមួយនេះ ក៏ជាផ្នែកមួយជួយលើកស្ទួយវប្បធម៌ខ្មែរ ទេសចរណ៍ និងផ្សព្វផ្សាយឱ្យភ្ញៀវអន្តរជាតិបានយល់ដឹងបន្ថែម អំពីកម្ពុជាថែមទៀតផង៕

រូបភាពពី៖ តោះទៅលេងសៀមរាប
រូបភាពពី៖ តោះទៅលេងសៀមរាប
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម