Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​​ក្រសួង​មហាផ្ទៃ មាន​មុខងារ រចនាសម្ព័ន្ធ​យ៉ាងណា​ខ្លះ?

បានផុស

នៅ

អត្ថបទ​មុន​កម្ពុជាថ្មី​​បាន​លើក​បង្ហាញ​ពី​មុខងារ​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​។ បន្តទៀតនេះ កម្ពុជា​ថ្មី​នឹង​លើកដើម្បី​បន្ត​ស្វែង​យល់​ពី​ដំណើរការ​ការងារ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ តើ​មាន​មុខងារ​ តួនាទី និង​រចនាសម្ព័ន្ធ​យ៉ាងណា​ខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម មាន​តួនាទីធ្វើជា​សេនាធិការ​ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអត្តសញ្ញាណកម្ម​ប្រជាពលរដ្ឋដែលមានភារកិច្ចដូចខាងក្រោម៖

– គ្រប់គ្រងលើកកម្ពស់​និងជំរុញការផ្តល់សេវា​នានាដែល​ពាក់ព័ន្ធការងារ​អត្តសញ្ញាណកម្ម ​ស្របតាមច្បាប់​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល

– សិក្សារៀបចំ តាក់តែង​សេចក្តីព្រាងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋាន​គតិយុត្តនានា​ដែលទាក់ទងនឹងការងារ​អត្រានុកូលដ្ឋាន ការងារ​ស្ថិតិ​ប្រជាពលរដ្ឋ ការងារ​ស្នាក់នៅ ការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការងារលិខិត​ឆ្លងដែន​​ធម្មតា ការងារ​លិខិត​ធ្វើដំណើរ​ឆ្លងដែន​ដទៃ​ទៀត​និង​ការងារ​សញ្ជាតិ

– សិក្សា និងរៀបចំ​គោលការណ៍ វិធានការ យន្តការ បែបបទ និង​នីតិវិធីនៃ​ការផ្ដល់​ឯកសារអត្រា​នុកូលដ្ឋាន សម្គាល់ការ​ស្នាក់នៅ សម្គាល់គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិត​ឆ្លងដែន​ធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀតនិងការផ្តល់ឬការលះបង់សញ្ជាតិខ្មែរ

– រៀបចំក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងថវិកា មធ្យោបាយ សម្ភារ​សម្រាប់លើកកម្ពស់​ប្រសិទ្ធភាពការងារអត្តសញ្ញាណកម្ម

– ធ្វើបច្ចុប្បន្នភាពលើការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្នាក់នៅ ការងារ អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ ការងារលិខិត​ឆ្លងដែនធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត និងការងារ​សញ្ញាតិឱ្យស្រប​ទៅតាមការវិវឌ្ឍន៍​នៃសកលភាវូបនីយកម្ម

– គ្រប់គ្រងការងារអត្តសញ្ញាណ​ប្រជាពលរដ្ឋ ការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារ ស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារ​លិខិតឆ្លងដែន​ធម្មតា លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត និងការងារសញ្ជាតិស្របតាមច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តកំណត់

– គ្រប់គ្រង ត្រួតពិនិត្យការងាររៀប​អាពាហ៍ពិពាហ៍​រវាងពលរដ្ឋខ្មែរ​និងជនបរទេស

– ធ្វើការ​ពិនិត្យ និង​ចេញឯកសារបញ្ជាក់​អំពីអត្តសញ្ញាណរបស់​ប្រជាពលរដ្ឋ និង​បញ្ជាក់ពីភាពត្រឹមត្រូវពិត​ប្រាកដនៃឯកសារសម្គាល់អត្តសញ្ញាណ

– សិក្សារៀបចំ​អភិវឌ្ឍន៍ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់​ចុះបញ្ជី ប្រមូលទិន្នន័យ គ្រប់គ្រង ថែរក្សា​និង ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណកម្ម

– ដឹកនាំ គ្រប់គ្រង​ការងារបុគ្គលិក ភស្តុភារ គណនេយ្យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង បណ្តា​នាយកដ្ឋានចំណុះ

– សម្របសម្រួល សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​នានាចំណុះក្រសួង​មហាផ្ទៃ ដើម្បី​បំពេញភារកិច្ច​តាមតួនាទីភារកិច្ចរបស់ខ្លួន

– ដឹកនាំ គ្រប់គ្រងមន្ត្រីអត្តសញ្ញាណកម្មទាំងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមន្ត្រី​បម្រើ​ការងារ អត្តសញ្ញាណកម្មនៅថ្នាក់ក្រោមជាតិ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ អនុក្រឹត្យ និងលិខិត​បទដ្ឋាន​គតិយុត្ត

– ស្នើ​តែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើ និងអនុវត្ត​វិន័យ​មន្ត្រីបម្រើការងារ​អត្តសញ្ញាណកម្ម ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃពិនិត្យសម្រេច

-តាម​ការ​ប្រគល់សិទ្ធិ​ពីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អាច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និងសមត្ថកិច្ច​ពាក់ព័ន្ធដទៃទៀត ដើម្បី​បម្រើ​សំណូមពរ​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ ជនសង្ស័យ​និងជនបាត់ខ្លួន

– រៀបចំផែនការ​បណ្តុះបណ្តាល កសាង​ធនធានមនុស្ស ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ វិជ្ជាជីវៈ ភាសា​បរទេសដល់មន្ត្រីអត្តសញ្ញាណកម្ម

– តាមការប្រគល់​សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម អាច​ទំនាក់ទំនង និង សហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ សង្គម​ស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និង​វិស័យ ឯកជននានា​ដើម្បីជំរុញនិងពង្រឹងការអនុវត្តការងាររបស់ខ្លួន

– ស្រាវជ្រាវអង្កេត វាយតម្លៃភាព​មិនប្រក្រតីនៃការងារអត្តសញ្ញាណកម្ម

– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្ត​របស់អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​តាម​ការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទ

– ទទួលអនុវត្តភារកិច្ចនិងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃប្រគល់ឱ្យ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ដឹកនាំ​ដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការកំណត់។

នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាលសរុប

២- នាយកដ្ឋានអត្រានុកូលដ្ឋាន

៣- នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៤- នាយកដ្ឋានលិខិតឆ្លងដែន

៥- នាយកដ្ឋានសញ្ញាតិ

៦- នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

៧- នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។

ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងារ​របស់ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

តួនាទីភារកិច្ច​របស់នាយកដា្ឋនចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

១-នាយកដ្ឋានរដ្ឋបាលសរុប មានតួនាទីធ្វើជាសេនាធិការលើ​ការងាររដ្ឋបាល រួមមាន​ការចាត់ចែង ឯកសារ​នានា ការរៀបចំ​កិច្ចប្រជុំ សន្និបាត សិក្ខាសាលា រួមទាំងការធ្វើ​កំណត់ហេតុ ឬរបាយការណ៍​លទ្ធផល​នៃកិច្ចប្រជុំ ការងារពិធីការ ការគ្រប់គ្រងត្រា ការគ្រប់គ្រងឯកសារ។

២-នាយកដ្ឋានអត្រានុកូលដ្ឋាន មានតួនាទី​ធ្វើជាសេនាធិការ​លើការងារ​អត្រានុកូលដ្ឋាន ដោយ​សិក្សា រៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ​សកម្មភាព ក្នុងការ​ចុះបញ្ជី និង​ផ្តល់សំបុត កំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។

៣-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សា​រៀបចំ​គោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ការងារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ។

៤-នាយកដ្ឋានលិខិតឆ្លងដែន មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារលិខិតឆ្លងដែនធម្មតា និង​លិខិត​ធ្វើដំណើរឆ្លងដែន​ដទៃ​ទៀត

៥-នាយកដ្ឋាន​សញ្ជាតិ មានតួនាទីធ្វើជាសេនាធិការក្នុងការអនុវត្តច្បាប់ស្តីពីសញ្ជាតិ អនុក្រឹត្យ និង លិខិត​បទដ្ឋានពាក់ព័ន្ធ។

៦-នាយកដ្ឋាន​ស្ថិតិប្រជាពលរដ្ឋ មានតួនាទីធ្វើជា​សេនាធិការ លើការងារ​ស្ថិតិប្រជាពលរដ្ឋ ដោយ​សិក្សា​រៀបចំ​គោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តនានា ក្នុងការ​ចុះបញ្ជី​ស្ថិតិប្រជាពលរដ្ឋ ការផ្តល់ឯកសារ​សម្គាល់ ការស្នាក់​នៅ​សម្គាល់​គ្រួសារ ការផ្លាស់ប្ដូរទីលំនៅ។

៧-នាយកដ្ឋានគ្រប់គ្រង​ប្រព័ន្ធព័ត៌មានវិទ្យា មានតួនាទីធ្វើជា​សេនាធិការ ក្នុងការ​សិក្សារៀបចំ​គោល ការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការសកម្មភាព ការងារគ្រប់គ្រង ប្រើប្រាស់វិភាគ បែង​ចែក​ប្រភេទ ទិន្នន័យ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ទៅតាមលក្ខណៈវិទ្យាសាស្ត្រ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ព័ត៌មានវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម