Connect with us

ព័ត៌មានជាតិ

អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃមាន ៧ នាយកដ្ឋាន​ចំណុះ ទទួល​ដោះស្រាយ​បណ្តឹងពលរដ្ឋ​ពាក់ព័ន្ធ​​សមត្ថកិច្ច

បានផុស

នៅ

អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃមាន ៧ នាយកដ្ឋាន​ចំណុះ និង​មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃមានភារកិច្ចដូចខាងក្រោម៖

– ធ្វើ​អធិការកិច្ច ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​កិច្ចប្រតិបត្តិការ​របស់​មន្ត្រីរាជការ​នៅ​ថ្នាក់​ជាតិនិងថ្នាក់​ក្រោម​ជាតិក្នុង​ដែន​​សមត្ថកិច្ចរបស់​ក្រសួង​មហាផ្ទៃ​លើការអនុវត្តច្បាប់ លិខិត​បទដ្ឋាន កម្មវិធី​នយោបាយ​នានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ

– លើក​សំណើផ្អាក​ជាបណ្ដោះ​អាសន្ននូវដីកា និងសេចក្តីសម្រេច​នានារបស់​អង្គភាពថ្នាក់ជាតិនិងក្រោម​ជាតិ ដែលស្ថិតក្នុង​សមត្ថកិច្ច​របស់ក្រសួងមហាផ្ទៃ ដើម្បីជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេចក្នុង​ករណី​មាន​បណ្ដឹង​ទាស់

– សហការជាមួយអង្គភាព​ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រីពិនិត្យសម្រេច ​ផ្អាកការងារ​បណ្តោះអាសន្នចំពោះមន្ត្រីដែលមានកំហុសធ្ងន់ធ្ងរ ដើម្បី​ទុក​ឱកាស​ធ្វើការ​អង្កេតស្រាវជ្រាវ

– អង្កេតស្រាវជ្រាវ​ពីកំហុសរបស់​មន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ ដែល​បាន​ប្រព្រឹត្ត​ខុស​ក្នុងកិច្ចប្រតិបត្តិការ​មុខងារភារ​កិច្ចរបស់ខ្លួន ដើម្បីរាយការណ៍ជូនរដ្ឋមន្ត្រី និង​ស្នើ​សុំ​យោបល់​ពិនិត្យសម្រចទៅលើរូបភាពទណ្ឌកម្មខាងវិន័យ ឱ្យបានស្របតាមគោលការណ៍និង​នីតិវិធី​ច្បាប់​ជាធរមាន

– លើកសំណើដាក់ទណ្ឌកម្ម​ចំពោះមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តកំហុសក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន​ឱ្យស្របតាមគោលការណ៍ និងនីតិវិធីច្បាប់ជា​ធរមាន

– តាមដានការ​អនុវត្តទណ្ឌកម្មនិងសេចក្តីសម្រេចអំពីការដាក់វិន័យចំពោះមន្រ្តី និងអង្គភាពនានាក្រោម​ឱវាទក្រសួងមហាផ្ទៃ

– សហការ​ជាមួយអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃទាំងនៅថ្នាក់ជាតិនិង​ថ្នាក់​ក្រោម​ជាតិ ដើម្បីប្រមូល​និងវិភាគព័ត៌មាន ដែលទាក់ទងដល់ការធ្វើអង្កេតស្រាវជ្រាវនិងធ្វើអធិការកិច្ច

– ទទួល​ពាក្យ​បណ្ដឹង​តវ៉ាបណ្តឹង​បរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់​សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយសម្របសម្រួល​ក្រៅប្រព័ន្ធតុលាការ​តាម​សមត្ថកិច្ច​ដែល​ច្បាប់ប្រគល់ឱ្យ។ ក្នុង​ករណីដោះស្រាយ​មិនបាន ត្រូវ​បង្វែរ​ទៅស្ថាប័ន​មានសមត្ថកិច្ច​ស្របតាម​ច្បាប់និង​លិខិត​បទដ្ឋានគតិយុត្ត។

– លើកសំណើសុំបង្កើត ឬចូលរួមពិនិត្យ ស្រាវជ្រាវ និង​ដោះស្រាយ​បណ្ដឹង​នានា​ជាមួយ​គណៈកម្មការចម្រុះអន្តរក្រសួងតាមការ​សម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

– ចូលរួម​សហការ​ផ្តល់យោបល់​តាមនីតិវិធី ក្នុងការ​លើកសរសើរ ជូនរង្វាន់ ដាក់វិន័យ​លើមន្ត្រី​រាជការក្រោមឱវាទក្រសួងមហាផ្ទៃ

– គ្រប់គ្រង​ឯកសារ ការងារ​បុគ្គលិក ភស្តុភារ គណនេយ្យ​របស់អគ្គាធិការដ្ឋាន តាមការកំណត់របស់ក្រសួងមហាផ្ទៃ

– គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល និងមន្ត្រីនគរបាលក្រោមឱវាទអគ្គាធិការដ្ឋាន និងវាយតម្លៃ​ស្នើសុំ​តែងតាំង​ដំឡើង​ឋានន្តរសក្ដិ ឬ​ថ្នាក់ ឬផ្លាស់ប្តូរ​ភារកិច្ច លើក​សរសើរ ឬ​ដាក់វិន័យ​តាមបែបបទ និង​នីតិវិធី ដើម្បីដាក់ជូន​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច

– សហការ​បណ្ដុះបណ្តាល​ដល់មន្ត្រីរាជការ​ក្រោមឱវាទ​អគ្គាធិការដ្ឋាន​នៃក្រសួងមហាផ្ទៃ​ លើកិច្ចការជំនាញ​អធិការកិច្ច និង​ការពិនិត្យដោះស្រាយ​បណ្ដឹងតវ៉ា និង​បណ្ដឹងបរិហារ​របស់ពលរដ្ឋនិង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ ច្បាប់ និង​លិខិតបទដ្ឋានគតិ​យុត្តនានា ដែល​រាជរដ្ឋាភិបាល​និង​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ

– ធ្វើរបាយការណ៍បូកសរុប​លទ្ធផលការងារ និង​ទិសដៅបន្ត​របស់អគ្គាធិការដ្ឋាន​តាមការកំណត់ ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

– ទទួល​អនុវត្តភារកិច្ច និង​សិទ្ធិផ្សេងៗទៀត​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ​

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ 

អគ្គាធិការដ្ឋាន ដឹកនាំ​ដោយ​អគ្គាធិការមួយរូប និងមានអគ្គាធិការរងជាជំនួយការ​តាមការកំណត់។

អគ្គាធិការដ្ឋាន មានរចនាសម្ព័ន្ធដូចខាក្រោម ៖

១- នាយកដ្ឋានរដ្ឋបាលសរុប

២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល

៣- នាយកដ្ឋានទទួលពាក្យបណ្ដឹង​និងអង្កេត​ស្រាវជ្រាវកិច្ចការ​រដ្ឋបាល

៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្ដាល

៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត

៦- នាយកដ្ឋាន​ទទួលពាក្យ​បណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។

ការ​រៀបចំ​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ​និងរបៀបរបប​ធ្វើការងារ​របស់​ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃ​អគ្គាធិការដ្ឋាន ត្រូវ​កំណត់​ដោយ​ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម