ព័ត៌មានជាតិ
ការលក់វត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី នៅតែមានភ្ញៀវទិញច្រើនគួរសម ខណៈទំនិញផ្សេងមានការថយចុះ
ការលក់វត្ថុអនុស្សាវរីយ៍ នៅផ្សាររាត្រីក្បែរមាត់ទន្លេ នៅតែទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើនគួរសម។ ប៉ុន្តែទំនិញផ្សេងទៀត ដូចជាសម្លៀកបំពាក់ កាបូប និងនាឡិកាជាដើម ការលក់មានការថយចុះ។

អ្នកស្រី កែវ ដាវី អាយុ ៦០ឆ្នាំ ម្ចាស់តូបលក់វត្ថុអនុស្សាវរីយ៍សិប្បកម្មផលិតដោយដៃ នៅក្នុងផ្សាររាត្រី បានប្រាប់កម្ពុជាថ្មីថា តូបរបស់អ្នកស្រី មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមុខដូចជា៖ ផ្ទាំងគំនូរ គ្រឿងចម្លាក់តូច ខ្សែក ខ្សែដៃ សុទ្ធសឹងតែជាផលិតផលកែឆ្នែចេញពីឈើ និងជ័រ ជាពិសេសនោះគឺការធ្វើឡើងដោយដៃរបស់ប្រជាជនខ្មែរ ដែលមកពីគ្រប់បណ្ដាខេត្តផ្សេងៗ។

អ្នកស្រី បន្ថែមទៀតថា ការលក់វត្ថុអនុស្សាវរីយ៍នេះ ជាទូទៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ តែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមដើរកម្សាន្ត និងបានទិញវត្ថុអនុស្សាវរីយ៍របស់អ្នកស្រី យ៉ាងច្រើនគួរសម។

អ្នកស្រី កែវ ដាវី បញ្ជាក់ថា ភាគច្រើនក្នុងចំណោមភ្ញៀវ ដែលទិញវត្ថុអនុស្សាវរីយ៍របស់អ្នកស្រី គឺសម្បូរទៅដោយភ្ញៀវក្នុងស្រុក ច្រើនជាងភ្ញៀវបរទេស។ អ្នកស្រី រំលឹកថា កាលពីមិនទាន់មានជំងឺកូវីដ-១៩ ភ្ញៀវដែលទិញវត្ថុអនុស្សាវរីយ៍ ភាគច្រើននោះគឺជាជនជាតិបរទេស មកពីគ្រប់ជាតិសាសន៍ នៅលើសកលលោក។ ប៉ុន្តែនៅពេលជំងឺកូវីដ-១៩ រាតត្បាតមក អ្នកស្រីសង្កេតឃើញថា ភ្ញៀវទេសចរដែលដើរកម្សាន្តផ្សាររាត្រី គឺមានតែភ្ញៀវក្នុងស្រុកភាគច្រើន។

ចំណែកអ្នកស្រី វ៉ាន់សាក់ រក្សា ម្ចាស់តូបលក់សម្លៀកបំពាក់បុរស បានប្រាប់កម្ពុជាថ្មីដែរថា តូបលក់សម្លៀកបំពាក់របស់អ្នកស្រី ភាគច្រើនលក់ខោអាវបុរស គ្រប់ម៉ូដក្នុងតម្លៃតែ ១០,០០០រៀល លើគ្រប់ម៉ូដខោអាវ។ អ្នកស្រីបន្តថា កន្លងមកអ្នកស្រី អាចលក់បានមួយថ្ងៃបានប្រាក់សរុបប្រហែល ២០០ដុល្លារ ទៅ ៣០០ដុល្លារ ដោយសរុបទាំងថ្លៃដើម។ ប៉ុនែ្តបច្ចុប្បន្ននេះ មានការថយចុះវិញ ដោយអ្នកស្រីយល់ថា បណ្ដាលមកពីការប្រែប្រួលនៃសេដ្ឋកិច្ច ទើបធ្វើឲ្យប្រជាពលរដ្ឋមិនសូវហ៊ានចំណាយ។

អ្នកស្រី វ៉ាន់សាក់ រក្សា បានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិថ្មី បន្តបង្កើតការងារក្នុងស្រុកបន្ថែមទៀត ដោយអ្នកស្រីរំពឹងថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មានការងារ និងមុខរបរធ្វើគ្រប់គ្នានោះ ការលក់ដូររបស់អ្នកស្រី ក៏នឹងបានប្រសើរឡើងដូចកាលពីមុនដែរ។

រីឯលោក វេន តុលាវីន ម្ចាស់តូបលក់កាបូប ខ្សែក្រវ៉ាត់ និងនាឡិកា គ្រប់ប្រភេទ ក៏បានប្រាប់យ៉ាងខ្លីថា ការលក់ដូររបស់លោកក៏ថយចុះដែរ ដោយពីមុនលោកអាចលក់បានក្នុងមួយថ្ងៃចន្លោះពី ២៥ម៉ឺនរៀល ទៅ ៣០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ លោកបន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ ការលក់ដូររបស់លោកថយចុះមកត្រឹមតែចន្លោះ ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀលប៉ុណ្ណោះ ដោយភ្ញៀវភាគច្រើនគ្រាន់តែដើរលេងកម្សាន្ត មិនសូវទិញទំនិញផ្សេងៗ ឡើយ៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ


