Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហេង សួរ បន្ត​ចុះ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅ និង​ប្រកបការងារ​របស់​កម្ម​ករ​តាម​បន្ទប់​ជួល ក្នុងខណ្ឌឫស្សីកែវ

បានផុស

នៅ

ភ្នំពេញ ៖ ក្នុង​ថ្ងៃទី​២ ​នៃ​ការចូល​កាន់​តំណែង​ផ្លូវការ​ជា​រដ្ឋមន្ត្រី នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣​នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ចុះ​ជួប​កម្មករនិយោជិត​នៅតាម​បន្ទប់​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ដើម្បី​ក្ដាប់​ពី​ស្ថានភាព​រស់នៅ ការប្រកប​ការងារ ក៏ដូចជា​សំណូមពរ និង​តម្រូវការ​របស់​កម្មក​រ​-​កម្មការិនី​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​ជម្រាប​ថា នៅ​ថ្ងៃ​ម្សិលមិញ លោក​រដ្ឋមន្ត្រី ហេង សួរ បាន​ចុះ​ជួប​កម្មករនិយោជិត​ពេញ​មួយថ្ងៃ​ហើយ​ដែរ ដោយ​ទទួល​បាន​ព័ត៌មាន ទិន្នន័យ និង​សំណូមពរ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​រស់នៅ ស្ថានភាព​នៅ​កន្លែង​បំពេញការងារ រាប់ទាំង​បញ្ហា​អាហារ​ហូបចុក អនាម័យ បរិយាកាស​ការងារ​របស់​កម្មករនិយោជិត​ថែម​ទៀត​ផង​។ សកម្មភាព​ទាំងនេះ​បាន​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​កម្មករ​-​កម្មការិនី​យ៉ាង​ហ្មត់ចត់ និង​ទទួល​បានការ​សាទរ​យ៉ាង​ក្លៀវក្លា​ពី​សំណាក់​កម្មករនិយោជិត​។

បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​នីតិកាល​ទី​៧ នៅ​ព្រឹក​មិញ​នេះ លោក​រដ្ឋមន្ត្រី ហេង សួរ ក៏បាន​បន្ត​ចុះជួយ​ទៅ​ជួប​កម្មករ​និយោជិត​នៅតាម​រោងចក្រ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ទាំង​ដែល​ពួកគាត់​មិនបាន​ដឹង​មុន ហើយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយ​ការទទួល​រួសរាយ​រាក់ទាក់​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ថ្មី​។

ទិដ្ឋភាព​ពោរពេញ​ដោយ​ភាពស្និទ្ធស្នាល​ខ្លាំង​ណាស់ តាមរយៈ​ការ​សំពះ​ជម្រាបសួរ សួរសុខទុក្ខ ជជែក​ទល់មុខ ញញឹម​សើច​សប្បាយ ថតរូប​ស៊ែ​ល​ហ្វី​ជាមួយគ្នា ព្រមទាំង​ការ​ទទួល​អាហារ​ជុំ​គ្នា​ថែមទៀត​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​វ័យក្មេង​ក៏​មិន​ភ្លេច​សាកសួរ​អំពី​ស្ថានភាព​រស់នៅ​នៅ​បន្ទប់​ជួល កន្លែងធ្វើការ បរិយាកាស​ការងារ ក៏ដូចជា​តម្រូវការ​ផ្សេង​របស់​កម្មករ​-​កម្មការិនី ពិសេស​លោក​រដ្ឋមន្ត្រី​ក៏បាន​រំលេច​អំពី​ការទទួលបាន​បណ្ណ ប​.​ស​.​ស គុណភាព និង​ការ​អត្ថប្រយោជន៍​ដែល​ទទួលបាន​តាមរយៈ​ការប្រើប្រាស់​បណ្ណ ប​.​ស​.​ស នេះ​ជាដើម​។ លោក​ក៏បាន​សាកសួរ​អំពី​ការប្រើប្រាស់ ការចំណាយ​លើ​សេវា​ទឹកស្អាត អគ្គិសនី ថ្លៃ​ជួប​បន្ទប់ អាហារ​ហូបចុក ក៏ដូចជា​ការ​គាំពារ​សុខុមាលភាព​ផ្សេងៗ​ទៀត​។​

​នៅ​ចំពោះមុខ​កម្មករ​-​កម្មការិនី លោក​រដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ថា​នឹង​បន្ត​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​តាមដាន​នូវ​កិច្ចការងារ​នេះ​ជាប់​ជាប្រចាំ តាម​បណ្តាំ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ណែ​នាំឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​ចាត់ទុក​សុខទុក្ខ​របស់​កម្មករនិយោជិត ដូចជា​កែវភ្នែក​របស់ខ្លួន​។

ជា​ការ​សង្កត់ធ្ងន់​យ៉ាង​មុតមាំ​របស់លោក​រដ្ឋមន្ត្រី ហេង សួរ គឺថា រាល់ពេល​ចុះ​ជួប​កម្មករនិយោជិត​ក្នុង​បេសកកម្ម​ដំបូង​នេះ លោក​បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ រួមទាំង​អ្នកគ្រប់គ្រង​រោងចក្រ​នីមួយៗ ត្រូវ​ចុះមក​ជួប​កម្មករនិយោជិត​ឱ្យបាន​ញឹកញាប់ ដើម្បី​ក្ដាប់​ពី​ស្ថានភាព​រស់នៅ ការប្រកប​ការងារ ក៏ដូចជា​សំណូមពរ និង​តម្រូវការ​របស់​កម្មក​រ​-​កម្មការិនី​បន្ថែមទៀត បម្រើប្រជាជន តបស្នង​ជូន​ប្រជាជន ឱ្យ​សម​នឹង​តម្លៃ​ដែល​ប្រជាជន​បានការ​ផ្ដល់​ការទុកចិត្ត​លើ​រាជរដ្ឋាភិបាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម