ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាថ្មី ជាអ្នកកំពង់ចាម មានប្រវត្តិការងារ និងការសិក្សា មិនធម្មតាឡើយ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ គណៈរដ្ឋមន្រ្តីថ្មីនេះ ភាគច្រើនមានការផ្លាស់ប្តូរនូវរដ្ឋមន្រ្តីជាច្រើនរូប ក្នុងនោះក៏មានដែរ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថ្មីដែលមកជំនួស តំណែងលោក ឈិត សុខុម គឺលោក ចាយ បូរិន។ តើរដ្ឋមន្រ្តីថ្មីនៃក្រសួងធម្មការ និងសាសនានេះ គឺជាអ្នកណា? ហើយមានប្រវត្តិការងារ និងការសិក្សាយ៉ាងណា?

លោក ចាយ បូរិន មានសញ្ជាតិខ្មែរ កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧២ ក្នុងភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់លោកឈ្មោះ ចាយ ស៊ាងអ៊ី និងម្តាយឈ្មោះ លុយ គន្ធី តែលោកឪពុករបស់លោក ចាយ បូរិន បានទទួលមរណភាពហើយ។ ក្នុងវ័យមានគ្រួសារ លោក ចាយ បូរិន បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី សូ ភក្ត្រា បង្កើតបានបុត្រាបុត្រីចំនួន៤នាក់ ក្នុងនោះ កូនប្រុសម្នាក់ និងកូនស្រីចំនួន៣នាក់។ លោក ចាយ បូរិន មានបងប្អូនបង្កើតចំនួន៤នាក់ ហើយលោក ជាកូនទី២ ក្នុងគ្រួសារ។

ចំពោះប្រវត្តិនៃការសិក្សាវិញ លោក ចាយ បូរិន កាលពីកុមារភាព គឺក្នុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោកបានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះដល់ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ លោកបានបន្តចូលរៀននៅសាលាមធ្យមសិក្សាពៅអុំ ខណ្ឌទួលគោក ហើយនៅក្នុងឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩០ លោកបានបន្តការសិក្សារៀនសូត្រនៅសាលាមធ្យមសិក្សាកម្រិត២ នៅវិទ្យាល័យ ភ្នំដូនពេញ។

ចូលដល់ឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤ លោកបានក្លាយខ្លួនជានិស្សិតបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យជាតិគ្រប់គ្រង រាជធានីភ្នំពេញ។ បន្ទាប់មកទៀត គឺនៅក្នុងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យបៀប្រាយ។ លោកក៏បានបន្តការសិក្សាថ្នាក់បណ្ឌិតទស្សនវិជ្ជា ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច(Doctor of Philosophy in Economics Development Science) នៅសកលវិទ្យាល័យ ISLES International University។ មិនតែប៉ុណ្ណោះ លោក ចាយ បូរិន បានចូលសិក្សាយកសញ្ញាបត្រឯកទេសមួយទៀតនៅសាលាភូមិន្ទរដ្ឋបាល គឺវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់។ ចំពោះភាសាបរទេសវិញ រដ្ឋមន្រ្តីថ្មីរូបនេះ អាចនិយាយបាន២ភាសា គឺភាសាអង់គ្លេស និងភាសាថៃ។

ចំណែកប្រវត្តិការងាររបស់លោក ចាយ បូរិន វិញ គឺនៅក្នុងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ លោក គឺជាកងកម្លាំងនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងក្នុងនៅឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ លោកធ្វើជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ លុះដល់ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ លោកបានផ្លាស់ប្តូរតួនាទីទៅធ្វើជាប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(កកជ)។ នៅក្នុងឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ លោកបានក្លាយជាអគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអគ្គលេខាធិការរង អអទស (COM)។
ដោយមានសេចក្តីទុកចិត្ត និងមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក ចាយ បូរិន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសលោកជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកំពង់សៀម ក្នុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៥ ដល់បច្ចុប្បន្ន លោក គឺជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ។ បន្ថែមលើនេះ លោក គឺជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ក្នុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ រយៈពេល ២អាណត្តិ។ លុះដល់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នីតិកាលទី៧នេះ រូបលោក បានក្លាយជាអ្នកតំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ វិញ។

ទន្ទឹមនឹងនេះដែរ លោក ចាយ បូរិន គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាការ និងអប់រំនៃក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន។ ចំពោះការងារកសាង អភិវឌ្ឍន៍សង្គមជាតិ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ លោក ចាយ បូរិន បានលះបង់កម្លាំងកាយ និងចូលរួមថវិកាយ៉ាងច្រើនលើការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមមូលដ្ឋាន ដូចជា ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កន្លងមក៕
ដោយ៖ ឡេក ចាន់ពេជ្រ








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ