ព័ត៌មានជាតិ
ផ្លូវ Highway ថ្មីមួយខ្សែ សាងសង់រួចរាល់តភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានឲ្យ «កម្ពុជាថ្មី» ដឹងកាលពីពេលថ្មីៗនេះថា ផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីមួយខ្សែទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះថ្មី។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ផ្លូវថ្មីដែលទើបសាងសង់រួចរាល់នោះគេហៅថា Special Airport Highway ដែលជាប្រភេទផ្លូវបេតុងកៅស៊ូ មិនមែនជាប្រភេទផ្លូវល្បឿនលឿនទេ តែជាប្រភេទផ្លូវកាត់ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅដល់ Airport មានប្រវែង ២៤.៥ គីឡូម៉ែត្រ»។
«ក្រៅពីផ្លូវថ្មីដែលស្ថាបនារួចរាល់ ក្នុងគម្រោងមិនមានការសាងសង់ផ្លូវថ្មីបន្ថែមដោយត្រូវប្រើប្រាស់ផ្លូវចាស់ដែលមានស្រាប់ដដែល»។ នេះបើតាមការអះអាងរបស់មន្រ្តីអាកាសចរស៊ីវិលរូបនេះ។



ទាក់ទងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីខេត្តសៀមរាប អ្នកនាំពាក្យរូបនេះថានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទី១ ព្រលានថ្មីនេះស្ថិតនៅតំបន់មួយដែលមិនមានផលប៉ះពាល់ផ្នែកបរិស្ថាន សង្គម និងវប្បធម៌ និងទី២ មានសមត្ថភាពគ្រប់គ្រាន់ទទួលយន្តហោះប្រភេទធំៗគ្រប់ប្រភេទអាចចុះចតបាន។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ សម្រាប់គម្រោងអភិវឌ្ឍបន្ថែមទៀតនៅក្នុងព្រលានថ្មីនេះ លោកមិនអាចកំណត់បាននោះទេគឺអាស្រ័យស្ថានភាពជាក់ស្តែងនៃកំណើនភ្ញៀវទេសចរ។
បច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះបន្ទាប់ពីបញ្ហាកូវីដ១៩ ដោយក្នុងមួយសប្ដាហ៍មានជើងហោះហើរតែ ៨ ជើងប៉ុណ្ណោះ។

លោកពន្យល់បន្ថែមថា «ដោយសារតែកន្លងមកតែងមានអ្នកយល់ច្រឡំច្រើនជុំវិញអាកាសយានដ្ឋានថ្មីនេះ។ ខ្ញុំចង់បញ្ជាក់ថាការហោះហើរបច្ចុប្បន្នមានតែ ៨ ជើង ក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ទោះផ្លាស់ពីចាស់មកថ្មីក៏ដោយ ព្រោះការហោះហើរ យើងដឹកទេសចរ ដឹកភ្ញៀវមកអាកាសយានដ្ឋាន មិនមែនបើកឱ្យដំណើរការភ្លាមមានយន្តហោះ ហោះចូលច្រើនភ្លាមទេ វាមិនបែបហ្នឹងនោះទេ»។
យ៉ាងណាមិញ អ្នកនាំពាក្យអាកាសចរណ៍រូបនេះរំពឹងថា នៅឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ អាចនឹងមានកំណើនទេសចរដូចមុនកូវីដ ១៩ ឡើងវិញ ខណៈអាកាសយានដ្ឋានថ្មីនេះបានត្រៀមខ្លួន និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។


ប្រលានយន្តហោះសៀមរាបថ្មី មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលគ្រប់ដណ្ដប់លើផ្ទៃដីទំហំ ៧០០ ហិតា។
អាកាសយានដ្ឋានថ្មីនេះស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧ លាននាក់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី កំពុងដំណើរការសាកល្បងហោះហើរមួយចំនួន មុនបើកដំណើរការជាផ្លូវការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


