Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ

បានផុស

នៅ

តាម​មន្រ្តី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ខេត្ត​កោះកុង​បាន​បញ្ជាក់​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក​មួយ​ នឹង​ធ្វើការ​ហោះហើរបង្ហាញក្នុង​ថ្ងៃ​បើកដំណើរការ​​​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ខេត្ត​កោះកុង។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា ​ខណៈ​ដែល​អាកាសយានដ្ឋាន​​​តារាសាគរ​គ្រោង​នឹង​បើកដំណើរការ​​នៅថ្ងៃទី ២៨ ខែ​វិច្ឆិកា​ខាងមុខនេះ តាមការ​គ្រោង​ទុកនៅថ្ងៃ​បើក​ដំណើរការ​ នឹង​មានការ​ហោះហើរ​បង្ហាញ​​​​​​ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុកមក​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​តារា​សាគរ​។

«សម្រាប់ការបើកដំណើរនៅថ្ងៃទី២៨ ខែ ១១ អាកាសចរណ៍ដំបូងអាចជាអាកាសចរណ៍អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) នឹង​ធ្វើការ​ហោះហើរ​បង្ហាញ​ភ្ជាប់​មក​អាកាស​យានដ្ឋានថ្មីនេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​អាកាសចរណ៍​​ស៊ីវិល ផែនការ​ដែល​​នឹង​ការ​ហោះហើរបង្ហាញ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុកនៅថ្ងៃបើកដំណើរការ​ នៅ​មិន​ទាន់សម្រេច​ជា​ផ្លូវការ​នៅ​ឡើយទេ។

លោក ស៊ីន ចាន់សេរីវុត្ថា​ រដ្ឋលេខាធិការ​ និង​ជា​មន្រ្តី​អ្នក​នាំពាក្យ​អាកាសចរស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ថ្ងៃ​សម្ពោធ​ ក្រុមហ៊ុន​ក្នុងស្រុក អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) ​គ្រោង​មានការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋានថ្មី ប៉ុន្តែ​ជាក់ស្តែង​មិន​ទាន់​មានការ​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។

ពាក់ព័ន្ធ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី លោក ស៊ីន ចាន់សេរីវុត្ថា​ បាន​បញ្ជាក់​ថា នៅ​ដំណាក់​ដំបូង​ទទួល​ការ​ហោះហើរ​យន្តហោះ​ខ្នាត​តូច​ មិន​មែន​យន្តហោះ​បែប​ពាណិជ្ជកម្មនោះទេ។

«ការ​បើកដំណើរការ​នេះ​មិនមែន​ទទួល​យន្តហោះ​បែប​ពាណិជ្ជកម្ម​ទេ ជា​យន្តហោះ​ខ្នាត​តូច​។ អីចឹង​ទេ កុំ​ទាន់​មាន​ការ​យល់​ច្រឡំ»។ លោក ស៊ីន ចាន់សេរីវុត្ថា​ បញ្ជាក់បន្ថែម។

ទាក់ទង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ការ​ក្នុង​អាកាសយានដ្ឋាន លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​បញ្ជាក់​ថា មាន ៣ ផ្នែក​ធំៗ ក្នុង​នោះ​ផ្លូវ​រត់ និង​ចំណត​យន្តហោះ​បាន​បញ្ចប់​ ១០០% ប្រព័ន្ធ​នាំ​ផ្លូវ​ចុះ​ចត និង​វិទ្យុ​ទាក់ទង​ជាមួយ​យន្តហោះ​ក៏​រួចរាល់ ១០០% ខណៈ​អគារ​ទទួល​អ្នក​ដំណើរ (Terminal) នឹង​រួចរាល់​មុន​ថ្ងៃ​បើកសម្ពោធ​​ដំណើរការជា​ផ្លូវការ។

ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group (UDG) អាកាសយានដ្ឋាន​តារាសាគរ​បាន​ពន្យារ​ពេល​បើក​ប្រតិបត្តិការ ដែល​ដំបូង​ឡើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១​។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វិនិយោគ​សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ជាង ៣០០ លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អ្នក​ជិះស្គីលើ​ទឹក​ម្នាក់ស្លាប់​ បន្ទាប់​ត្រីដាវ​​វាយ​ប្រហារ​នៅ​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ប្រមុខ​UNនឹងជួបពូទីន​​នៅ​កិច្ចប្រជុំកំពូល​ BRICS ខណៈអ៊ុយក្រែន​អន់ចិត្តខ្លាំង​

ជីវិតកម្សាន្ដ៥៦ នាទី មុន

លោក ជៀប សុវិជ្ជា លើកទឹកចិត្តយុវជន ឱ្យអភិវឌ្ឍខ្លួនក្នុងអាជីពវិស័យភាពយន្តកម្ពុជា

ព័ត៌មានជាតិ៥៦ នាទី មុន

ខេត្តហឺណាន មានប្រជាជន១០០លាននាក់ នឹងជំរុញភ្ញៀវទេសចរមកលេងកម្ពុជា១លាននាក់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទាហាន​កូរ៉េខាងជើងពិត​​​​ទៅ​ដល់​​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​រុស្ស៊ី​មែនឬ?​

Sokha Hotels

ព័ត៌មានពេញនិយម