ព័ត៌មានជាតិ
ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខ
ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។

ការកត់សម្គាល់ និងវាយតម្លៃនេះ គ្រាដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
នៅក្នុងជំនួបនេះ លោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ជាកិច្ចឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ និងការសួរសុខទុក្ខនេះ និងបានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្រ្តាចារ្យ មកកម្ពុជាកាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោក ចូលរួមលើកកម្ពស់របៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក។
ជាកិច្ចឆ្លើយតប, លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ, លោកសាស្រ្តាចារ្យ បានបង្ហាញពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់។ សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និងបានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈ នៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឲ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឲ្យវិស័យឯកជន បំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និងអាចរីកលូតលាស់ថែមទៀត។
មុននឹងបញ្ចប់, លោកសាស្រ្តាចារ្យ បានគោរពអញ្ជើញសម្តេចធិបតីចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយសម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួមដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ