ព័ត៌មានជាតិ
កម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ១ម៉ឺន ៧ពាន់ករណី និងស្លាប់ ៣២នាក់ គិតត្រឹមពាក់កណ្ដាលខែកញ្ញានេះ
គិតត្រឹមពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា មានអ្នកកើតជំងឺគ្រុនឈាមជាង ១៧,០០០ករណី ដោយក្នុងនោះស្លាប់ ៣២នាក់ ហើយមានការកើនឡើង ២ដង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២កន្លងទៅ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះថា ចាប់ពីខែមករារហូតមកដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ មានអ្នកកើតជំងឺគ្រុនឈាមជាង ១៧, ០០០ករណី ដោយមានមនុស្សស្លាប់ចំនួន ៣២នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា ចំនួនអ្នកឈឺ និងអ្នកស្លាប់នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២កន្លងទៅ ឃើញថា មានការកើនឡើង ២ដង ហើយរាជធានី-ខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមាន៖ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាបបន្ទាយមានជ័យ និងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិត បានពន្យល់ថា ការដែលជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ដូចជា អាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២៣នេះ ជាឆ្នាំស្ថិតក្នុងវ័ន្តមានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។

ទោះយ៉ាងណាគេសង្កេតឃើញថា ស្ថានភាពជំងឺគ្រុនឈាម នៅក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះមានការថយចុះ ដោយសារពលរដ្ឋមានការយល់ដឹង ពីវិធីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមនិងមានសម្ភារគ្រប់គ្រាន់ សម្រាប់បង្ការទប់ស្កាត់ និងព្យាបាលជំងឺគ្រុនឈាម រួមមាន៖ ថ្នាំអាបេតថ្នាំបាញ់សម្លាប់មូស សេរ៉ូមព្យាបាល និងចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅតំបន់ភូមិសាស្ត្រណាដែលមានករណីជំងឺគ្រុនឈាម ច្រើនជាងគេ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឲ្យមានការរាតត្បាតទ្រង់ទ្រាយធំ។

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ការប្រុងប្រយ័ត្ន និងបង្ការជំងឺគ្រុនឈាម។ ក្នុងនោះ បានដាក់ចេញវិធានការចំនួន ៥ ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តទប់ស្កាត់ជំងឺគ្រុនឈាម ដែលវិធានការទាំងនោះមានដូចជា៖ ណែនាំឲ្យប្រជាពលរដ្ឋសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជា សំបកកំប៉ុង សំបកដូង សំបកកង់ឡាន ទៅកប់ចោល ឬដុតចោល ព្រោះថា វត្ថុទាំងនោះអាចបង្កឲ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ក្រសួងសុខាភិបាល ក៏បានរំលឹកផងដែរថា បើមានអាការៈក្តៅខ្លួនខ្លាំង ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះក្នុងរយៈពេល ៤៨ម៉ោង ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


