តំណាង FBI អាមេរិក​សន្យា​ធ្វើ​របាយការណ៍​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ទៅ​រដ្ឋាភិបាល​របស់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តំណាង FBI អាមេរិក​សន្យា​ធ្វើ​របាយការណ៍​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ទៅ​រដ្ឋាភិបាល​របស់ខ្លួន

បានផុស

នៅ

ការសន្យា​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជាមួយ​តំណាង​ភាគី​អាមេរិក កាលពី​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ភាគី​អាមេរិក​ជាមួយ​នគរបាល​ជាតិ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​ឯកភាព​គ្នា​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​ភាគី​ទាំងពីរ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ឆ្លុះបញ្ចាំង​អំពី​ចំណង​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​រវាង​កម្ពុជា អាមេរិក​។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​ចំពោះ​អនុសាសន៍​អាមេរិក​ពាក់ព័ន្ធ​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​ក្នុង​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានធ្វើ​ការបំភ្លឺ​យ៉ាង​ច្បាស់​លាស់​អំពី​ទិដ្ឋភាព​ច្បាប់ បទពិសោធន៍ និង​ស្ថានភាព​ជាក់ស្តែង ដោយបាន​ធ្វើ​ឲ្យ​តំណាង​ភាគី​អាមេរិក​យល់​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​ពិត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពី​ជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​។

តំណាង​ភាគី​អាមេរិក​សន្យា​ថា នឹង​ធ្វើ​របាយការណ៍​ច្បាស់លាស់​បញ្ជូន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន អំពី​ស្ថានភាព​ពិត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។

ជាមួយគ្នា​នោះ ភាគី​ទាំងពីរ បាន​បង្ហាញ​អំពី​ទស្សនៈ​ឯកភាព​គ្នា ដើម្បី​បន្ត​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត តាមរយៈ​ជំរុញ​កិច្ចសហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ រួម​ទាំង​ការ​ផ្តល់​ទិន្នន័យ​បទល្មើស និង​លទ្ធផល​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​សហការ​ជួយ​គាំទ្រ​ការ​លើក​កម្ពស់​ធនធាន​មនុស្ស ដោយ​ភាគី​អាមេរិក​បាន​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​លើ​មុខជំនាញ​ស៊ើបអង្កេត និង​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។

សូម​បញ្ជាក់​ថា សមាសភាព​តំណាង​ភាគី​អាម​រិច​រួមមាន ទី​១- លោក Steve Stuehser អនុព័ន្ធ​ច្បាប់​តំណាង FBI ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ទី​២- លោក Russell Bash អនុព័ន្ធ​ច្បាប់​តំណាង ICE ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ទី​៣- លោក Weldon Montgomery មន្ត្រី​ផ្នែក​នយោបាយ​ទទួលបន្ទុក​រៀបចំ​របា​យ​ការណ៍​ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ទី​៤- លោក ប៊ុត ប៊ុណ្ណា​រ័ត្ន មន្ត្រី​បកប្រែ​ភាសា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services