ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធកម្មវិធីបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស
មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានប្រារព្ធកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ“សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។

កម្មវិធីបរិច្ចាគឈាមនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពស់ខ្ពស់របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ផង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអនុរដ្ឋលេខាធិការ និង លោកអគ្គនាយក-អគ្គនាយករង បច្ចេកទេស សុខាភិបាលព្រមទាំងលោក លោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមជាច្រើនទៀត។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា« ថ្ងៃនេះជាឱកាសដ៏វិសេសវិសាល ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក សាស្ត្រាចារ្យរដ្ឋមន្ត្រី មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ ឈាម ប្រារព្ធកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៣ ក្រោមប្រធានបទ “សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” ដែលជាការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីមន្ត្រីរាជការក្រោមឱវាទមន្ទីរពេទ្យព្រះអង្គឌួង ដែលកន្លងមកមន្ទីរពេទ្យក៏ធ្លាប់បាន ធ្វើការបរិច្ចាគឈាមជារឿយៗផងដែរ ដើម្បីអាចមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិត មនុស្ស ហើយមន្ទីរពេទ្យព្រះអង្គឌួងបានទទួលឈាមជាមធ្យម ៤០ប្លោក ក្នុងមួយខែ ពី មជ្ឈមណ្ឌលជាតិផ្ដល់ឈាម»។ លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានបន្តថាសម្រាប់ការសហការនេះរវាងមន្ទីរពេទ្យនិងមជ្ឈមណ្ឌលផ្តល់ឈាមនឹងបន្តនិងពង្រឹងបន្ថែមទៀត ទៅថ្ងៃខាងមុខ។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអបអរសាទរចំពោះមន្ត្រី បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួងប្រមាណ១២០នាក់ ដែលបានចុះឈ្មោះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីបរិច្ចាគឈាមដោយទៀង ទាត់របស់មន្ទីរពេទ្យ ក្រោមពាក្យស្លោក ” សង្គ្រោះជីវិតគឺបរិច្ចាគឈាមទាំងអស់គ្នា “។
លោកវេជ្ជបណ្ឌិត បានបន្តថា ការផ្តល់ឈាមគឺជួយជីវិត អ្នកដែលត្រូវការឈាម អ្នកដែលមានជំងឺស្លេកស្លាំង អ្នកដែលបាត់បង់ឈាមភ្លាមៗ អ្នកមានជំងឺគ្រាប់ឈាមមួយចំនួន និង អ្នកដែលមានជំងឺមហារីកជាដើម។

លោកវេជ្ជបណ្ឌិតបានបន្តថា កាយវិការសប្បុរសធម៌នេះបង្ហាញពីទឹកចិត្តរបស់គ្រូពេទ្យដែលក្រៅពីតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគោរពក្រមសីលធម៌ត្រឹមត្រូវតែប៉ុណ្ណោះទេ លើសពីនេះគ្រូពេទ្យយើង បានបរិច្ចាគឈាម ជូនអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ថែមទៀត។ បរិច្ចាគឈាមគឺជាទង្វើ សប្បុរសមួយដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។
លោកវេជ្ជបណ្ឌិតបានសំដែងនូវកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់សេវាសុខាភិបាលជូនប្រជាជនបានល្អប្រសើរ ស្របតាមយុទ្ធសាស្ត្រជាអាទិភាពរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តឲ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយជា អាទិភាពចំនួន៦ សម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ក្នុងនោះអាទិភាពទីមួយគឺ ” ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ” របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “។

នៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវយកចិត្តទុកដាក់ដល់សប្បុរសជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមដោយឱ្យជាចំណីអាហារឬ កាដូនៅពេលពួកគាត់ពេលបរិច្ចាគឈាមរួចដើម្បីបង្កើនគ្រាប់ឈាមឡើងវិញ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពឈាមពោលគឺឈាមដែលយកចេញពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវធានាសុវត្ថិភាពដល់អ្នកជំងឺនិងជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀតខណៈបច្ចុប្បន្នអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


