ព័ត៌មានជាតិ
១ ថ្ងៃ មានអ្នកជំងឺទៅពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង កើនដល់ ២ ពាន់នាក់
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ក្នុង ១ ថ្ងៃ មានអ្នកជំងឺទៅពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង បានកើនឡើងពី ១៧០ នាក់ ដល់ ២០០០ នាក់ ភាគច្រើនជាពលរដ្ឋក្រីក្រ និងកម្មករ-កម្មការិនី បម្រើការងារនៅតាមរោងចក្រនានា។

លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ កញ្ញានេះថា ក្នុងរយៈពេល ១០ ឆ្នាំជាង ចុងក្រោយនេះ និងក្រោយពេលមន្ទីរពេទ្យព្រះអង្គឌួង បានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមក យើងបានឃើញថា មន្ទីរពេទ្យមានការរីកចម្រើនគួរឲ្យកត់សំគាល់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋមកពីគ្រប់តំបន់ គ្រប់ ស្រទាប់វណ្ណៈ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត។

លោកបានបន្តថា ក្នុងនោះ ចំនួនអ្នកជំងឺពិនិត្យពិគ្រោះ កើនពី ១៧០ នាក់ ក្នុងមួយថ្ងៃ ឡើងដល់ពី ១៥០០ ទៅ ២០០០ នាក់ ក្នុងមួយថ្ងៃ, ចំនួនគ្រែកើនពី ៨០ ដល់ ៥៦៣ គ្រែ, ចំនួនមន្ត្រីសុខាភិបាលសរុប ៥៨៣ នាក់ (ស្រី ២៩៧ នាក់)។ មន្ទីរពេទ្យព្រះអង្គឌួង ក៏ជាមន្ទីរពេទ្យរដ្ឋដំបូងគេផងដែរក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកជំងឺតាមបែបឌីជីថល។

លោកបានបន្តទៀតថា «ការរីកចម្រើនរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយសារកត្តាសាមគ្គីភាពផ្ទៃក្នុងរបស់បុគ្គលិកមន្ទីរពេទ្យគ្រប់ជាន់ថ្នាក់ទាំងអស់ ការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ រួមទាំងមានបច្ចេកទេស និងបច្ចេកវិទ្យាទំនើប មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានឧបករណ៍ និងសម្ភារៈទំនើបៗ ទើបធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់មកលើសេវារបស់យើង ពិសេសប្រជាពលរដ្ឋក្រីក្រ និងបងប្អូនកម្មករ-កម្មការិនី»។

លោកបានបញ្ជាក់ទៀតថា «លើសពីនេះទៀត អ្វីដែលធ្វើឲ្យអ្នកជំងឺជឿជាក់មកលើសេវារបស់មន្ទីរពេទ្យព្រះអង្គឌួងនោះ គឺមន្ទីរពេទ្យបានដាក់ចេញគោលការណ៍ដោយកំណត់ថា ក្នុង ១ ថ្ងៃ ត្រូវពិនិត្យអ្នកជំងឺម្នាក់ឲ្យចប់សព្វគ្រប់តែម្ដង ទាំងការពិគ្រោះ ថតឆ្លុះ មើលឈាមមុននឹងដាក់កម្មវិធីវះកាត់ លើកលែងតែក្នុងករណីអ្នកជំងឺវះកាត់ខ្លះដែលមានជំងឺប្រចាំកាយច្រើនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬ ជំងឺបេះដូង ដែលទាមទារឲ្យព្យាបាលជំងឺទាំងនោះបានធូរស្រាលសិនទើបអាចធ្វើការវះកាត់បាន ទោះបីជាអ្នកជំងឺក្រីក្រ កម្មកររោងចក្រ ឬ អ្នកជំងឺទូទៅក៏ដោយ ត្រូវអនុវត្តដោយស្មើភាព គឺ ក្នុង ១ ថ្ងៃ ត្រូវមើលឲ្យចប់»។

លោកនាយកមន្ទីរពេទ្យ បានអះអាងទៀតថា ការធ្វើបែបនេះ គឺលោកមិនចង់ឲ្យអ្នកជំងឺត្រូវរង់ចាំយូរច្រើនថ្ងៃ ដែលធ្វើឲ្យពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាច្រើន ក្នុងការស្នាក់នៅហូបចុកទម្រាំបានវះកាត់ ឬ ដឹងលទ្ធផលប្រភេទជំងឺរបស់ពួកគាត់នោះទេ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីចំនួន ៣ រួចមកហើយ គឺ ទី១-អគារព្យាបាលភ្នែកមានកម្ពស់ ៣ ជាន់, ទី២-អគារត្រចៀកច្រមុះបំពង់មានកម្ពស់ ៥ ជាន់ តម្លៃ ៨ លានដុល្លារ ដែលអគារទាំងពីរនេះជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់ ៥ ជាន់ ដែលជាថវិការបស់រដ្ឋាភិបាលសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប ៥៦៣ គ្រែ ខណៈកាលពីឆ្នាំ ២០០៨ មន្ទីរពេទ្យមានគ្រែត្រឹមតែ ៨០ គ្រែប៉ុណ្ណោះ និងមានផ្តល់សេវាព្យាបាលលើឯកទេស ច្រមុះត្រចៀក បំពង់ក ចក្ខុរោគ វះកាត់មុខឆ្អឹង ថ្គាម និងធ្មេញ សើស្បែក និងកាមរោគ សម្ភព រោគស្ត្រី ក្រពះពោះវៀន ថ្លើម ឫសដូងបាត កែសម្ផស្ស និងស្តារលទ្ធភាពពលកម្ម វះកាត់ទូទៅ ជំងឺទឹកនោមផ្អែម ប្រព័ន្ធទឹកមូត្រ និងជំងឺបេះដូងជាដើម។

គួរបញ្ជាក់ថា ឆ្នាំ ២០២២ កន្លងទៅ មន្ទីរពេទ្យព្រះអង្គឌួង មានអ្នកជំងឺទៅពិគ្រោះជំងឺជិត ៤០ ម៉ឺននាក់ មានការកើនជាង ១៥ ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ កន្លងទៅ មានជាង ២៤ ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


