ព័ត៌មានជាតិ
ទីម័រឡេស្តេ ស្នើកម្ពុជាវិនិយោគលើវិស័យអាកាសចរណ៍ ដើម្បីបង្កើនទេសចរ និងកំណើនសេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។ ប្រធានាធិបតី ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

កិច្ចពិភាក្សាគ្នារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ធ្វើឡើងនាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០២៣។
ចំពោះទិដ្ឋភាពនៃការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល ប្រធានាធិបតី បានស្នើកម្ពុជាបន្តចែករំលែកបទពិសោធន៍ ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ក៏ដូចជាការបន្តគាំទ្រដល់បេក្ខភាពរបស់ទីម័រឡេស្ដេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។ លោកប្រធានាធិបតី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូលជាសមាជិកអាស៊ានឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយជាបន្ទុកសម្រាប់អាស៊ានឡើយ។ ជាមួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេកាលពីខែឧសភា ឆ្នាំ ២០២៣កន្លងទៅ ឯកឧត្តមប្រធានាធិបតី បានស្នើឱ្យភាគីកម្ពុជាគាំទ្រចំពោះការកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាផ្លូវការនូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេស សម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ានគួរតែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែរឹងមាំ និងមានភាពធន់។ ជាទីបញ្ចប់ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានជូនពរគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មប្រកបដោយផ្លែផ្កានៅអង្គការសហប្រជាជាតិ និងសូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកប ដោយសុខសុវត្ថិភាព៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


