ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការប្រកាសត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ ៥
ក្នុងជំនួបជាមួយមន្រ្តីទូតជប៉ុន រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងពីគម្រោងត្រៀមសម្ពោធបើកឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ នាពេលឆាប់ៗខាងមុខនេះ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក TANINAI Ichitomo រដ្ឋមន្រ្តីទូត (ទីប្រឹក្សាទូត) និងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបបានពិភាក្សាអំពីគម្រោងផែនការសកម្មភាពការងារ កិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថានទូតជប៉ុនជុំវិញគម្រោងការងារសំខាន់ៗដែលក្រសួងកំពុងអនុវត្តកន្លងមករហូតដល់ពេលបច្ចុប្បន្នដូចជា៖ ការកសាងផ្លូវជនបទ និងការសាងសង់ផ្លូវជាតិលេខ ៥ និងការតភ្ជាប់អាស៊ាន ការអភិវឌ្ឍ កាបូមស្តារគន្លងនាវា និងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការអនុវត្តគម្រោងជំនួយបច្ចេកទេសធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី១ និងទី២ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ និងគម្រោងជំនួយបច្ចេកទេសថ្មីៗដូចជាគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មកម្ពុជាជំហានទី៣ ការសិក្សាផែនទីនាវាចរណ៍សមុទ្រ ដែលគ្រោងនឹងអនុវត្តនៅចុងឆ្នាំ២០២៣។
ក្នុងឱកាសនោះលោកជំទាវ កុយ សុដានី បានជម្រាបជូនអំពីគម្រោងផែនការសកម្មភាពការងារ ១០០ ថ្ងៃ របស់ក្រសួង រួមមានការត្រៀមសម្ពោធបើកឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ការទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងច្រកទ្វារព្រំដែនបាវិត និងការចុះសួរសុខទុក្ខមន្រ្តីរាជការរាជធានី-ខេត្ត។

ទាក់ទងសំណើរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជប៉ុនយ៉ាស៊ិគិ ពីការជួសជុលឡើងវិញកំណាត់ផ្លូវប្រវែង ១០០ ម៉ែត្រក្នុងតំបន់ទ្រនាប់ (Buffer Zone) នៃច្រកទ្វារអន្តរជាតិចាំយាម (កម្ពុជា)-ហាត់លឹក(ថៃ) សំដៅជួយសម្រួលការដឹកជញ្ជូនទំនិញនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងទៅកាន់កំពង់ផែប្រទេសថៃ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានសន្យានឹងលើកយកទៅពិភាក្សាផ្ទៃក្នុងជាមួយរដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធ។
ប្រទេសជប៉ុនតាមរយៈអង្គការ JICA តែងតែសហការនិងផ្ដល់ជូនកម្ពុជានូវជំនួយទាំងសម្ភារ និងបច្ចេកទេសផ្សេងៗលើផ្នែកជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍លើដងផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា និងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (ព្រែកក្តាម-បន្ទាយមានជ័យ) ជាដើម។
គួរបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងវិញនៃផ្លូវជាតិលេខ៥ គឺជាគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារផ្លូវមួយខ្សែនេះមានប្រវែងវែងតភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវ៉េលេខ ១ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការស្តារធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ បែងចែកចេញជា ៣ កំណាត់ផ្សេងៗគ្នាគឺផ្នែកខាងជើង, តំបន់កណ្ដាល, និងផ្នែកខាងត្បូង ចាប់ពីព្រែកក្តាមខេត្តកណ្ដាលរហូតទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៨ ក្រោមកម្ចីឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) ដែលចំណាយប្រមាណ ៥០០ លានដុល្លារ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


