ព័ត៌មានជាតិ
លោក គឹម បញ្ញា លើកឡើងពីវិធីបង្ការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានលើកឡើងពីវិធីបង្ការទប់ស្កាត់កុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន អំឡុងពេលឈប់សម្រាកក្នុងពិធីបុណ្យនានា ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាន៍ប្រាប់កម្ពុជាថ្មីថា ជារៀងរាល់ឆ្នាំក្នុងពេលពិធីបុណ្យសំខាន់ដូចជា៖ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ឬពិធីបុណ្យអុំទូកជាដើម តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យយកត់សម្គាល់ ដែលត្រូវមានវិធានការបង្ការទប់ស្កាត់។ សម្រាប់លោក គឹម បញ្ញា ដើម្បីបង្ការទប់ស្កាត់កុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើននោះ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិធានការសំខាន់ៗ ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទ រួមមាន៖
ទី១. ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។ មូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលឿនហួសល្បឿនកំណត់។
ទី២. ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿន និងត្រូវទុកសិទ្ធិឱ្យអ្នកបើកបរលើផ្លូវដែលមានសិទ្ធិ បានធ្វើចរាចរណ៍ទៅមុន។
ទី៣. មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែង ដោយប្រថុយប្រថាន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ទី៤.ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើស ច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវដំឡើងថ្លៃធ្វើ ដំណើរក្នុងឱកាសនេះ។
ទី៥. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។
ទី៦. អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
ទី៧. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា ” មួកសុវត្ថិភាពមួយ អាចជួយការពារនូវ ការរងរបួសក្បាល ឬអាចការពារជីវិតបាន “។
ទី៨. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក “បើពិសាគ្រឿងស្រវឹង កុំបើកបរ”។ ស្ថានភាពស្រវឹងនឹងបង្កឱ្យអ្នកបើកបរបាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ហាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍។
ទី៩. នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការកកស្ទះចរាចរណ៍។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអស់ សូមមេត្តាប្រុងប្រយ័ត្នដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការបើកបរទោចក្រយាន តូច ឬធំ ដោយត្រូវគោរពតាមច្បាប់ចរាចរណ៍ដែលមានចែកស្រាប់ ដើម្បីកុំឱ្យកើតមានឡើងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលជាវិប្បដិសារីដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


