ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ចំណាត់ការច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពាន មិនចាត់ទុកជាការរឹតត្បិតសិទ្ធិបញ្ចេញមតិឡើយ
«ចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពានលើអ្នកដទៃ មិនត្រូវចាត់ទុកជាការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ ប៉ុន្តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋ»។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ទៅកាន់មតិរិះគន់មួយចំនួន ដែលតែងព្យាយាមចោទមកលើកម្ពុជា ថា បានរឹតត្បិតសិទ្ធិបញ្ចេញមតិ។

ពេលថ្មីៗកន្លងទៅនេះ មានរបាយការណ៍របស់អង្គការបរទេសមួយចំនួនដែលសរសេរថា សេរីភាពបញ្ចេញមតិ ភាពជាតំណាងរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដោយទទួលបានចំណាត់ថ្នាក់ទាប។ ជាការកត់ សម្គាល់របស់លោក ប៉ែន បូណា អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា តែងតែគាំទ្ររបាយការណ៍បែបនេះ។
ជុំវិញរបាយការណ៍នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងដូច្នេះ ថា៖ «សេរីភាពនិងការទទួលខុសត្រូវ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ»។ ជាអំណះអំណាង លោក ប៉ែន បូណា បានលើកឡើងនូវទិដ្ឋាភាពច្បាប់ ត្រង់មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ»។ តែមាត្រានេះ បញ្ជាក់ ថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ រីឯ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។

លោក ប៉ែន បូណា លើកឡើងថា មាត្រានេះ មានន័យគ្រប់គ្រាន់ក្នុងការធានាសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពផ្សេងទៀតឱ្យប្រព្រឹត្តទៅដោយរលូនក្នុងក្របខ័ណ្ឌច្បាប់ និងការទទួលខុសត្រូវ ហើយលោក ចាត់ទុកថា នេះគឺជាខ្នាតសម្រាប់វាស់វែង។
បើតាមការអះអាងឱ្យដឹងរបស់លោក ប៉ែន បូណា នៅលើពិភពលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យប្រើសិទ្ធិដោយមិនភ្ជាប់ជាមួយនឹងការទទួលខុសត្រូវឡើយ សូម្បីតែហ្វេសប៊ុកក៏មានកំណត់អំពីស្តង់ដាសហគមន៍ដែរ។ លោក បន្តថា ប្រសិនបើយើងហ៊ានបំពានសេរីភាពរបស់យើង នឹងត្រូវគេបិទខ្ទប់មិនខានឡើយដោយនៅកម្ពុជា រឿងដែលគួរឱ្យយកចិត្តទុកដាក់ និងព្រួយបារម្ភ គឺមិនមែនការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែ បញ្ហាធំបំផុត ជាការប្រើប្រាស់សិទ្ធិសេរីភាពមិនត្រឹមត្រូវដូចដែលរដ្ឋធម្មនុញបានកំណត់។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ចង់សង្កត់ធ្ងន់ថា ចំណាត់ការផ្លូវច្បាប់ចំពោះអ្នកប្រើសេរីភាពដោយបំពាន លើអ្នកដទៃ មិនត្រូវចាត់ទុកការរឹតត្បិតសេរីភាពបញ្ចេញមតិឡើយ តែជាការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌនីតិរដ្ឋទៅវិញទេ។ ចំណែក ដំណើរការសារព័ត៌មាន ត្រូវបានកំណត់ដោយច្បាប់ស្តីពីរបបសារព័ត៌មានដែលកំពុងស្ថិតនៅជាធរមាន។ លោក ថា មិនមានជនណាអាចបដិសេធច្បាប់ដែលអនុម័តដោយរដ្ឋសភា និងត្រូវបានប្រកាសឱ្យប្រើជាធរមានបានទេ។
និយាយពីភាពជាតំណាងរបស់ពលរដ្ឋ ក្រៅពីការបោះឆ្នោតដែលជាដំណើរការប្រជាធិបតេយ្យដ៏ធំបំផុត ត្រូវបានលោក ប៉ែន បូណា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរក៏អាចលើកបញ្ហានានាជូនដល់អាជ្ញាធរ ឬតំណាងរាស្ត្រ ដើម្បីដោះស្រាយ ហើយជាមួយគ្នានេះ ពលដ្ឋអាចសំណូមពរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រហូតដល់នាយករដ្ឋមន្ត្រី តាមរយៈបណ្តាញទំនាក់ទំនងសង្គមទៀតផង។ តាមរយៈនេះ លោក ចាត់ទុកថា សេរីភាព និងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរពិតជាទូលំទូលាយយ៉ាងខ្លាំង។ ប៉ុន្តែ បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់នៅពេលនេះគឺការប្រើប្រាស់សេរីភាពដែលភ្ជាប់ដោយការទទួលខុសត្រូវ ពីព្រោះរបស់ពីរយ៉ាងនេះមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

អង្គការសង្គមស៊ីវិលដែលធ្វើការខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គប្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយ និងអ្នកសារព័ត៌មានមួយចំនួន អំពីការទទួលខុសត្រូវដោយមិនត្រូវនិយាយតែពីសិទ្ធិរបស់ខ្លួនហើយបំភ្លេចចោលនូវការគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់របស់ប្រទេសនោះឡើយ។ នេះជាការឆ្លើយតបរបស់លោក ប៉ែន បូណា ទៅកាន់អង្គការសង្គមស៊ីវិលទាំងនោះ។
លោក បានចាត់ទុកការប្រើប្រាស់សិទ្ធិសេរីភាពដោយមិនភ្ជាប់ជាមួយការទទួលខុសត្រូវ គឺជាគ្រោះថ្នាក់មិនខុសពីការបើកបរយានយន្តដែលគ្មានហ្វ្រាំងនៅលើដងផ្លូវសាធារណៈនោះឡើយ។ ដូច្នេះ លោក ស្នើឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកសាងសង្គមមួយដែលសម្បូរដោយធនធានមនុស្សប្រកបដោយចំណេះដឹង ការទទួលខុសត្រូវ និងការគោរពច្បាប់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


