Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអាល្លឺម៉ង់ កោះហៅបុរស​សញ្ជាតិ​ហូឡង់ ដែលមានមុខមាត់ដូច «ហ៊ីត្លែរ» ចូលខ្លួនបំភ្លឺរឿងញុះញង់

បានផុស

នៅ

បុរសជនជាតិហូឡង់ លោក Stefan Wijkamp ដែល​មានមុខមាត់ ដូច អ្នកផ្តើម​សង្គ្រាមលើក​លោក​ទីពីរ លោក អាដុល ហ៊ីត្លែរ ត្រូវបានតុលាការអាល្លឺម៉ង់បង្គាប់ឲ្យចូលខ្លួន ដើម្បីដោះស្រាយលើការចោទប្រកាន់​ពីបទ «ញុះញង់ឲ្យមានការស្អប់ខ្ពើម»​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​អាល្លឺម៉ង់ «Bild»​ កាលពីថ្ងៃទី ១៩ ខែកក្កដា។

លោក Stefan Wijkamp ដែលមានមុខមាត់ដូចអាដុល ហ៊ីត្លែរ (រូបភាព៖ dpa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសញ្ជាតិហូឡង់រូបនេះ តែងតែធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ជាញឹកញាប់ ដើម្បីចូលរួមក្នុងបាតុកម្ម​របស់ក្រុមស្តាំនិយមជ្រុល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកក៏ជាអ្នកគាំទ្រយ៉ាង​ងប់ងុលម្នាក់របស់អតីតមេដឹកនាំណាស៊ី​អាល្លឺម៉ង់​ដែរ​​។

កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Bild ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង​ បានដកស្រង់សម្តីរបស់លោក Matthias Bieling អនុប្រធានតុលាការស្រុក Munster បានបញ្ជាក់ថា សវនាការលើកដំបូងនៅក្នុងសំណុំរឿងនេះ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ខាងមុខនេះ។

បើយោងតាមប្រភពដដែល អាជ្ញាធរអាល្លឺម៉ង់ បានរកឃើញកំហុសឆ្គងមួយ នៅក្នុងកិច្ចសម្ភាសន៍ដែលលោក Wijkamp បានផ្តល់ឲ្យ YouTuber ម្នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មរបស់ក្រុមស្តាំនិយមជ្រុលក្នុងទីក្រុង Munster កាលពីរដូវក្តៅមុន។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកបានប្រកាសជាសាធារណៈថា «សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះប្រទេសអាល្លឺម៉ង់ គឺមានឈ្មោះថា អាដុល ហ៊ីត្លែរ» ដោយបុរសជនជាតិហូឡង់រូបនេះបានពណ៌នាលោក ហ៊ីត្លែរ ថាជា អច្ឆរិយៈពិភពលោកដែលគ្មានពីរ និងជាមនុស្សពូកែលើសគេ»។

នៅអាល្លឺម៉ង់នាយុគសម័យបច្ចុប្បន្ន ការលើកតម្កើងរបបណាស៊ីអាល្លឺម៉ង់ ឬមេដឹកនាំណាស៊ីជាសាធារណៈ មិនត្រូវបានរាប់បញ្ចូលក្នុងសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលត្រូវការពារដោយច្បាប់នោះទេ ហើយទង្វើនេះអាចត្រូវប្រឈមនឹងការផ្តន្ទាទោសពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់។

សារព័ត៌មាន Bild បានរាយការណ៍ដោយដកស្រង់សម្តីមេធាវីម្នាក់ដែលជំនាញខាងច្បាប់ព្រហ្មទណ្ឌ និងច្បាប់អន្តោប្រវេសន៍ថា ប្រសិនបើលោក Wijkamp ខកខានមិនបានចូលខ្លួនក្នុងតុលាការទេនោះ ដីកាបង្គាប់ឲ្យចាប់ខ្លួនអាចនឹងត្រូវចេញក្រោមឈ្មោះរបស់លោក។

បណ្តាញសារព័ត៌មានដដែលបានបន្តថា បុរសដែលមានមុខមាត់ដូចហ៊ីត្លែររូបនេះ តែងតែមានវត្តមាននៅក្នុងការជួបជុំរបស់ក្រុមស្តាំនិយមជ្រុលនៅក្នុងប្រទេសជិតខាងអាល្លឺម៉ង់ តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ លោកថែមទាំងបានចូលរួមជាមួយគណបក្ស Neo-Nazi ឈ្មោះ Die Rechte (ស្តាំនិយម) ដែលបច្ចុប្បន្នត្រូវបានរំសាយចោល និងបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គណបក្សនេះមួយរយៈផងដែរ។

ការពិនិត្យលើសារព័ត៌មានហូឡង់បានបង្ហាញថា លោក Wijkamp ក៏ធ្លាប់មានបញ្ហាប្រឈមមុខនឹងច្បាប់ជាច្រើនលើកនៅក្នុងប្រទេសកំណើតរបស់ខ្លួន (ហូឡង់) ផងដែរ ដោយក្នុងនោះរួមមានទាំងបទល្មើសធ្វើការគោរពតាមបែបណាស៊ី នៅទីសាធារណៈទៀតផង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម