ព័ត៌មានជាតិ
ព្រឹកថ្ងៃទី១នៃការប្រឡងបាក់ឌុប មានមេប្រយោគ និងបេក្ខជនអវត្តមានជិត៦០០នាក់នៅមណ្ឌលភ្នំពេញ
ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់បាក់ឌុបនៅមណ្ឌលប្រឡងភ្នំពេញមានមេប្រយោគ និងបេក្ខជនអវត្តមានប្រមាណជិត៦០០នាក់ក្នុងចំណោមមេប្រយោគ និងបេក្ខជនជិត៣ម៉ឺននាក់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦វិច្ឆិកានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦វិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញបេក្ខជនដាក់ពាក្យប្រឡងចំនួន២៥៦៩៥នាក់ មាន៣១មណ្ឌល ត្រូវជា១ ០៤២បន្ទប់ និងមានគណៈមេប្រយោគសរុប៣៣៩០នាក់។

លោកបានបន្តថា នៅព្រឹកថ្ងៃទី១នៃការប្រឡងនេះមានមេប្រយោគអវត្តមានចំនួន៩នាក់ ត្រូវជា០,២៧% និងបេក្ខជនអវត្តមានចំនួន៥៦២នាក់ ត្រូវជា ២,១៩%។ លោកបានបន្តតៀតថា ចំណែកស្ថានភាពមណ្ឌលប្រឡងវិញមានសភាពស្ងប់ស្ងាត់ល្អដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុងស្តីពីការប្រឡងបានល្អ។ រីឯនៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់ និងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១នេះ នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅដោយរលូនដោយមានភាពប្រក្រតីអ្វីៗដំណើរការទៅតាមការគ្រោងទុកពោលគឺបរិយាកាសទូទៅបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។

បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយដែលបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជននិងកីឡា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


