Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា-ចិន ប្ដេជ្ញារួមគ្នាលើកកម្ពស់ និងជំរុញផែនការកសាងសហគមន៍​ជោគវាសនារួមកម្ពុជា-ចិន សម្រេចជោគជ័យ

បានផុស

នៅ

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម លូវ ឈី​ន​ជៀន (Lou Qinjian) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្ដេជ្ញា​​រួមគ្នា​នៅក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ មិត្តភាព​ដែកថែប កម្ពុជា​-​ចិន ជាពិសេស​ការ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ដែលមាន​ស្តង់ដារ​ខ្ពស់ មាន​លក្ខណៈ​យុទ្ធសាស្ត្រ ភាព​ជឿជាក់ ទុកចិត្ត​គ្នា និង​យូរអង្វែង ស្របតាម​កិច្ចព្រមព្រៀង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម លូវ ឈី​ន​ជៀន បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​

​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម លូវ ឈី​ន​ជៀន និង​សហការី នៅ​កម្ពុជា​។ សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបន្ត​ពង្រឹង​និង​ពង្រីក​នូវ​ចំណងមិត្តភាព (​មិត្តភាព​ដែកថែប​) សាមគ្គីភាព និង​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ជា​យូរលង់​មកហើយ ហើយ​មិត្តភាព​ដែកថែប​នេះ​វា​មិនមែន​ជាការ​ចៃដន្យ​កើតឡើង​នោះទេ គឺមាន​ការត្រួសត្រាយ​ផ្លូវ​ដោយ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ដែល​បាន​ក្លាយជា​កិច្ចសហប្រតិបត្តិការ “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​កាន់​តែមាន​ភាពរឹងមាំ និង​ល្អប្រសើរ​ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ចូលរួមចំណែក​គាំទ្រ និង​ឧបត្ថម្ភ ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​កម្ពុជា​។ សមិទ្ធផល​ជាច្រើន​មាន​ដូច ស្ពាន ថ្នល់ ផ្លូវ​ល្បឿន​លឿន អាកាសយានដ្ឋាន ជាដើម ដែល​គម្រោង​ខ្លះ​បានបញ្ចប់​ការសាងសង់ និង​គម្រោង​ខ្លះ​កំពុង​អនុវត្ត បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា និង​បាន​លើកកម្ពស់​សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ចិន ជា​ចំណងមិត្តភាព​គំរូ​មួយ ដែល​ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច មាន​ពលរដ្ឋ​ជាង​១,៤០០​លាន​នាក់ បាន​ចងសម្ព័ន្ធភាព​ជាមួយ​ក​ម្ពុ​ជា​ដែលមាន​ពលរដ្ឋ​ប្រមាណ​១៧​លាន​នាក់​។ ចំណងមិត្តភាព​នេះ មាន​ភាពស្មោះត្រង់ ជឿជាក់ គោរព​គ្នា​ទៅវិញទៅមក គោរព​អធិបតេយ្យភាព និង​ឯករាជ្យភាព ព្រមទាំង​បានផ្តល់​ផលប្រយោជន៍ ជូន​ប្រទេសជាតិ​និង​ពលរដ្ឋ​ទាំងសងខាង​។​

“​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ខ្ញុំ​ចង់ឃើញ​វឌ្ឍនភាព​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ ជាពិសេស​ក្នុងការ​ពង្រឹងគុណភាព​និង​សុចរិត​ភាព​នៃ​គម្រោង BRI និង​ការជួយ​សម្រួល​ដល់​ការបន្ត​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ផ្សេងៗ​ដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និង​វប្បធម៌​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ “​ត្បូង​ពេជ្រ​” ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​រដ្ឋ​សភាធិបតី ឃួន សុ​ដា​រី បានលើកឡើង​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ​។ គួរ​ជម្រាប​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ថ្មី​មួយទៀត រវាង​កម្ពុជា និង​ចិន ឆ្ពោះទៅ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស ទាំងពីរ​ក្នុង​កម្រិត​ថ្មី​មួយទៀត​។​

​នាឱកាស​នោះដែរ ឯកឧត្តម លូវ ឈី​ន​ជៀន បាន​ចូលរួម​អបអរសាទរ​លទ្ធផល​បោះឆ្នោត​ជាស​កល​នៅ​កម្ពុជា កាលពី​ខែកក្កដា​កន្លងមកនេះ និង​កោតសរសើរ​ជូន​ចំពោះ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ដែល​ត្រូវបាន​រេ​ដ្ឋ​សភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​បាន​គូសបញ្ជាក់ថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​រដ្ឋសភាធិបតី រដ្ឋសភា​កម្ពុជា​នឹង​សម្រេចបាន​នូវ​ជោគជ័យ​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ​និង​ប្រជាជន​។​

​ឯកឧត្តម ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ ដើម្បី​ចូលរួម​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ចិន ទាំង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ឱ្យបាន​កាន់តែ​រឹងមាំ​ឡើង ស្របតាម​កិច្ចព្រមព្រៀង​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​ចិន រួម​និង ឯកឧត្តម ចាវ លិ​ជិ (ZHAO Leji) ប្រធានសភា​ប្រជាជន​ចិន​ទូទាំងប្រទេស នាពេល​កន្លងមក​។​

ក្រៅពី​ការ​សន្យាថា​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដូចជា​នៅលើ​វិស័យ​ទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេស​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី តាមរយៈ ឯកឧត្តម លូ ឈី​ន​ជៀន បាន​សំណូមពរ​ជូន​ដល់ សភា​ប្រជាជន​ចិន​ទូទាំងប្រទេស នៅក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម និង​គ្រប់​ជ្រុងជ្រោយ​ផងដែរ ដូចជា​ការបង្កើន​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត ទាំង​ក្នុង​កម្រិត​គណៈកម្មការ ក្រុម​មិត្តភាព និង​កម្រិត​អគ្គលេខាធិការដ្ឋាន​ជាដើម​។ ក្នុងនោះ សម្តេច​រដ្ឋសភាធិបតី បានស្នើ​ភាគី​ចិន​ជួយ​គាំទ្រ​និង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន ដើម្បី​រដ្ឋសភា​អាច​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៅក្នុង​ការ​ប្រែក្លាយ​រដ្ឋសភា​ទៅជា​រដ្ឋសភា​ឌីជីថល ស្របតាម​សម័យ​បច្ចេកវិទ្យា​និង​បង្កើន​ប្រសិទ្ធភាព​ការងារ ក្នុងការ​បម្រើសេវា​ជូន​តំណាងរាស្ត្រ​។​

​ជា​ចុងបញ្ចប់ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន ដែល​បាន​និង​តែងតែ​យកចិត្តទុកដាក់ ថែទាំ​ព្រះរាជសុខភាព​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​កម្ពុជា និង​ហ្លួង​ម៉ែ ថ្វាយ​ជូន​សម្តេច​ទាំង​ទ្វេ ដើម្បី​គង់​ជា​ម្លប់​ដល់​កូនចៅ​របស់​ព្រះអង្គ​នៅ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម