ព័ត៌មានជាតិ
កម្ពុជា រុស្ស៊ី ធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញកសិកម្ម ដែលបាត់បង់ជីវិត ដោយសារពួកខ្មែរក្រហម
រុស្ស៊ី តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកានេះ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ទី៤០ឆ្នាំ ជូនចំពោះអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀតចំនួន៨រូប និងជនជាតិខ្មែរមួយរូប ដែលបាត់បង់ជីវិត នៅខេត្តកំពង់ចាម ខណៈពិធីនេះត្រូវបានធ្វើឡើងនៅក្បែរទីកន្លែងសោកនាដកម្ម ស្ថិតក្នុងដូនធី ឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម។

គួរជម្រាបឱ្យដឹងថា ក្រោយកម្ពុជាជួបវិបត្តិសង្គ្រាមរ៉ាំរ៉ៃ សហភាពសូវៀតផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញកាល ដោយបញ្ជូនជំនួយ និងអ្នកជំនាញកសិកម្ម។ ក្នុងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញកសិកម្មរបស់សហភាពសូវៀតចំនួន៨រូបគឺ និងភាគីកម្ពុជាមួយចំនួន ធ្វើដំណើរតាមរថយន្ត ដើម្បីទៅត្រួតពិនិត្យស្ថានីយពិសោធន៍ដំណាំកប្បាស។ ក្នុងពេលធ្វើដំណើរទៅកាន់ស្ថានីយពិសោធន៍ដំណាំកប្បាស អ្នកជំនាញកសិកម្មដែលមកពីសហភាពសូវៀត និងភាគីកម្ពុជា ត្រូវបានពួកខ្មែរក្រហមលបបាញ់សម្លាប់។
សម្រាប់ជនដែលត្រូវពួកខ្មែរក្រហមលបបាញ់សម្លាប់នាពេលនោះរួមមានលោក Tikmenov ជាអ្នកជំនាញវិស្វករបច្ចេកទេស, លោក Lysenko អ្នកជំនាញក្សេត្រសាស្ត្របច្ចេកទេស, លោក Gribov អ្នកជំនាញវិស្វករម៉េកានិច លោក Akhundov ក្សេត្រសាស្ត្រ, លោក Chernov និង លោក Fayziev ជាអ្នកជំនាញឯកទេសម៉េកានិច, លោក Nazarov ជាអ្នកជំនាញក្សេត្រសាស្ត្រ និងលោក Saatov វិស្វករអ្នកបកប្រែ។ ក្នុងចំណោមជនរងគ្រោះដោយសារហេតុការណ៍វាយប្រហារនោះ ក៏មានដែរនូវជនជាតិខ្មែរ គឺលោក សូ សុខឃាង ជាមន្ត្រីការិយាល័យស្រាវជ្រាវ។

គួរឱ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញកសិកម្មទាំង៨រូបនេះ គឺធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ដោយមានព្រះសង្ឃបង្សុកូល ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនេះ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល គណបក្សប្រជាជន កម្ពុជា និងប្រជាជនកម្ពុជា ដែលបានជួយរៀបចំពិធីនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពី សារៈសំខាន់នៃការថែរក្សាការចងចាំ ការរួមចំណែករបស់អ្នកឯកទេសសូវៀត និងជំនួយដ៏ធំធេង ក្នុងការស្ដាររដ្ឋកម្ពុជាឡើងវិញភ្លាមៗ បន្ទាប់ពីការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
លោក អាណាតូលី បូរ៉ូវីក បានសង្កត់ធ្ងន់ថា “ប្រជាជនសូវៀត ដែលបានចូលរួមប្រកបដោយវីរភាព ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ជួយប្រជាជនកម្ពុជាកសាងជីវិតថ្មីប្រកបដោយសុភមង្គល ដោយមិនយកចិត្តទុកដាក់ដល់គ្រោះថ្នាក់។ ហើយថ្ងៃនេះ ដោយការគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មសូវៀត៨រូប យើងមើលទៅអនាគតដោយមានទំនុកចិត្តយ៉ាងមុតមាំចំពោះសមិទ្ធិផលថ្មីៗតាមមាគ៌ានៃការរួមបញ្ចូលគ្នារវាងរុស្ស៊ី និងកម្ពុជា”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានសម្ដែងនូវការសោកស្ដាយ ចំពោះការស្លាប់របស់អ្នកជំនាញកសិកម្ម ដែលបណ្ដាលមកពីពួកខ្មែរក្រហម។ លោក ឌិត ទីណា ក៏បានអរគុណដល់រដ្ឋបាលខេត្តកំពង់ចាម និងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដែលបានរៀបចំពិធីនេះឡើង។

ក្នុងឱកាសនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រៅតែពីការសម្ដែងការសោកស្ដាយ លោកបានគូសបញ្ជាក់ថា លោកមិនចង់ឱ្យហេតុការណ៍ដ៏សាហាវនេះកើតមាននៅខេត្តកំពង់ចាមនិយាយដោយឡែក និងនិយាមជារួមមិនឱ្យកើតមាននៅក្នុងប្រទេសកម្ពុជាម្ដងទៀតនោះទេ៕









-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


