ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម ចេញមុខបកស្រាយករណីមនុស្ស១ក្រុមចាប់ចងដៃជើងបុរសម្នាក់នៅស្រុកជើងព្រៃ
រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺ និងបកស្រាយលើករណីដែលមនុស្សមួយក្រុមបាននាំចាប់ចងដៃចងជើងបុរសម្នាក់ឈ្មោះ អ៊ឹម ហាច នៅក្នុងស្រុកជើងព្រៃ។ ការចេញមកបកស្រាយនេះ គឺបន្ទាប់ពីមានការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកពីសកម្មភាពមនុស្សមួយក្រុមបានចាប់ចងដៃចងជើងបុរសឈ្មោះអឹម ហាច នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម គឺមានករណីបុរសម្នាក់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបង្ហោះ និងចែកចាយតាមបណ្តាញសង្គមនូវរូបភាពវីដេអូដែលត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំងពីរ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។ ករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ជូនសាធារណជន និងអ្នកនិយមតាមដានតាមបណ្តាញសង្គមថា ករណីនេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយជនត្រូវបានគេចំងឈ្មោះថា អ៊ឹម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងខ្លួនឯងថា ជាភ្នាក់ងារសារព័ត៌មាន “សានព្រហ្ម”។ ចំណែក ភាគីអ្នកចាប់ចង គឺជាភាគីប្រជាពលរដ្ឋដែល មានឈ្មោះ ១. សោ ចាន់ណារី ភេទប្រុស អាយុ២៨ឆ្នាំ, ២. ម៉ោង គីមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៣. អួន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង៤. អឹម ផែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ចំពោះដើមហេតុនៃរឿងនេះ គឺលោក អ៊ឹម ហាច បានចោទប្រកាន់ភាគីប្រជាពលរដ្ឋថា បានគុំខឹងនឹងខ្លួន ដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញផ្ដួលម៉ូតូ និងចាប់ចងគាត់នៅចំណុចផ្ទះលក់គ្រឿងសំណង់យីហោ លី សេងហុង។ ប៉ុន្តែ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង៤រូប គឺបានបញ្ជាក់ថា ឈ្មោះ អ៊ឹម ហាច បានចូលក្នុងផ្ទះរបស់ពួកគាត់ដោយគ្មានការអនុញ្ញាតនៅចន្លោះម៉ោង ២២:០០នាទី ទៅ ម៉ោង២៣:០០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល បានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។

ករណីនេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ និងស្នងការនគបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនសាកសួរភាគីទាំងពីរ ប្រមូលភស្តុតាង និងបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញនូវលទ្ធផលដូចតទៅនេះ គឺទី១. ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅចាប់ចងឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូល និងចងក្រងសំណុំរឿងដើម្បី ផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។
ទី២. ឈ្មោះ អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាននៅអង្គភាពស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន គឺមកដល់ពេលនេះ ឈ្មោះ អ៊ឹម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។ ទី៣. ចំពោះករណីដឹកឈើដែលជាកម្មវត្ថុក្នុងការផ្សាយរបស់លោក អ៊ឹម ហាច គឺជាឈើដែលប្រជាពលរដ្ឋ បានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

ទី៤. លោក អ៊ឹម ហាច បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយឡែក ភាគីខាងប្រជាពលរដ្ឋ សារភាពថា ពួកខ្លួនបានព្យាយាមប្រតាយ ប្រតប់ ដើម្បីចាប់ជនសង្ស័យ ហើយនាំខ្លួនប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដោយមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្ម ផ្លូវកាយទៅលើលោក អ៊ឹម ហាច ឡើយ។ ជាមួយគ្នានេះ ភាគីទាំងសងខាងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តរៀងៗខ្លួន និងស្នើសុំដកពាក្យបណ្ដឹង ដោយសន្សាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ ទៀតឡើយ។
ទី៥.ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់តំណាងអយ្យការបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌អនុញ្ញាតឱ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។ អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំបន្តបង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឲ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចឡើយ៕
ដោយ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ