ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការចាត់តាំងមន្ត្រីក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ជាប់ពាក់ព័ន្ធបណ្ដឹងពលរដ្ឋជាង ១០០គ្រួសារដែរ
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះថា ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួងឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ គឺជាការចុះពិនិត្យអង្កេតស្រាវជ្រាវអំពីការបំពេញតួនាទីភារៈកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយត្រូវជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដោយបានជ្រើសរើសតួអង្គរួចជាស្រេច ថាតើការបំពេញតួនាទីភារកិច្ចតាមច្បាប់គិតិយុទ្ធ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែរឬអត់។

លោក ទូច សុខៈ បានបន្ថែមថា ក្រុមការងារដែលចាត់តាំងទៅនេះ ក៏នឹងសិក្សាស្រាវជ្រាវជុំបញ្ហាដែលប្រជាពលរដ្ឋ លើកឡើងតាមបណ្ដឹងស្នើសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យនេះដែរ ជាពិសេសនឹងពិនិត្យទៅលើតួនាទីភារកិច្ច និងឆន្ទៈក្នុងការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ដែលប្រជាពលរដ្ឋចង់ឲ្យរដ្ឋបាលខេត្ត រៀបចំផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីទាំងជាង១០០គ្រួសារនេះផងដែរ។ តែចំពោះលទ្ធផលយ៉ាងណានោះ លោក ទូច សុខៈ នៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលដែលក្រុមការងារចុះស្រាវជ្រាវសិន។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តចេញ។ ពួកគាត់លើកឡើងថា លោកអភិបាលខេត្ត និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជាដើម។
ពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយដែរ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕
អត្ថបទ៖ សុខុម



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


