ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត អះអាងថា គ្មានអ្វីជាអាថ៌កំបាំងក្នុងគម្រោងព្រែកជីកហ្វូណនឡើយ
នៅព្រឹកថ្ងៃសុក្រ ទី២២នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា មិនមែនអ្វីជាអាថ៌កំបាំងនៅពីក្រោយគម្រោងព្រែកជីកហ្វូណនតេជោនោះឡើយ។ ផ្ទុយទៅវិញ គម្រោងព្រែកជីកនេះ សាងសង់ឡើងដើម្បីបម្រើឱ្យសក្តានុពលសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះ។

ការថ្លែងអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រី នៅពេលនេះ ក្រោយមានការលើកឡើងមតិប្រឆាំងមួយចំនួន ដែលចោទថា គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា មានអាថ៌កំបាំងនៅពីក្រោយ ជាដើមនោះ។ ឆ្លើយតបនឹងមតិបែបនេះ គ្រាអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «មានអ្នកខ្លះ គេថា អាថ៌កំបាំងនៃការធ្វើព្រែកជីកហ្វូណន ខ្ញុំមិនដឹងគេថាអីទេ អាថ៌កំបាំងស្អី ខ្ញុំមិនចាំបាច់និយាយអាថ៌កំបាំងអីទេ មានអីត្រូវលាក់លៀមទេ គ្មានអីជាអាថ៌កំបាំងទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនេះ គឺដើម្បីបម្រើសក្តានុពលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជាគម្រោងដែលនឹងជួយជំរុញ និងសម្រួលដល់វិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលនេះហើយជាគោលដៅពិតដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេច សង្កត់ធ្ងន់ថា គ្មានទេអាថ៌កំបាំងសម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ពោល គឺការសាងសង់នេះ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដោយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនជឿនលឿនថែមទៀត។
តាមការសិក្សាកន្លងទៅ គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ គម្រោងផ្លូវនាវាចរណ៍នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នីតិកាលទី៦ កាលពីខែឧសភា ឆ្នាំ២០២៣ ដោយប្រសិទ្ធនាមថា «គម្រោងព្រែកជីកហ្វូណនតេជោ”។ ដោយមើលឃើញពីអត្ថប្រយោជន៍នៃគម្រោង រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ក៏បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះ។
សម្តេចធិបតី បានចាត់ទុកគម្រោងព្រែកជីកហ្វូណនតេជោនេះ ជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ហើយរំពឹងថា នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន បន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ក៏នឹងកាន់តែរីកចម្រើន ជីវភាពធូរធារផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


