ព័ត៌មានជាតិ
វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម រំពឹងថានឹងមានកំណើន ខណៈអតិផរណារក្សារង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤
វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងមានកំណើន ខណៈអតិផរណារក្សាអត្រារង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤ ដោយសារការំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញ នៃថ្លៃប្រេងអន្តរជាតិ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

ប្រភពដដែលបញ្ជាក់ថា អនុវិស័យកាត់ដេរ រំពឹងថា នឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើង នៃតម្រូវការសកល ជាពិសេសបណ្ដាប្រទេសជាដៃគួពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ, ការដាក់ចេញនូវ ” យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។
យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃ ស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។
និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន ដូចជា បន្ទះសូឡា, សំបកកង់, និងស្បែកសត្វមានរោម ជាដើម។ ទន្ទឹមនេះ, ការដាក់ចេញនូវ “ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។ ដោយឡែកអនុវិស័យសំណង់ ត្រូវបានរំពឹងថា នឹងបន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងទុកងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។
ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៥% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ‐រាយ និង ដឹកជញ្ជូនជាដើម។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការ រំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវទេសចរជាតិក៏រំពឹងថានឹងបន្តកើនឡើង។ ការដាក់ចេញ និងអនុវត្តនូវ “ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ អនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប ដោយសារការរំពឹងទុកការបន្តងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាពទិញ-លក់អចលនទ្រព្យ ជារួម។

ចំពោះវិស័យកសិកម្ម រំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ អនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃផលិតកម្មដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ រួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP)” ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្ដល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករនឹងងើបឡើងវិញ ដោយរំពឹងថា នឹងសម្រេចបាន ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងសមមូលប្រមាណ ៣៥ពាន់លានដុល្លារ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ ដុល្លារ ប្រៀបធៀបនឹងឆ្នាំ ២០២៣ មានចំនួន ១៩១៧ ដុល្លារ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


