ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្រកាសបន្តការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទរវាងប្រទេសទាំងពីរ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានប្រកាសរួមគ្នាបន្តបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទរវាងប្រទេសទាំងពីរ សំដៅឆ្លើយតបទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស។

ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឱ្យកាន់សកម្ម និងខ្លាំងក្លាថែមទៀត លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ ២០២៤ រវាងក្រសួងទាំងពីរ ព្រមទាំងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន។
ក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ លោក ស សុខា និងលោក តូ ឡឹម បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅ ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយគាំទ្រផ្នែកសម្ភារៈបច្ចេកទេស។
ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន ដែលតែងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរ-រត់ពន្ធមនុស្សឆ្លងដែន ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ។ ភាគីទាំងពីរ ចាត់ទុកកិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកបង្កលក្ខខណ្ឌសមស្របដល់ការរស់នៅ និងការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ផ្អែកលើសភាពការណ៍ប្រែប្រួលនៃសន្តិសុខសកល ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាកត្តាស្នូលមួយក្នុងការបន្តធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
តាមរយៈនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក តូ ឡឹម បានឯកភាពគ្នាបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ច សង្គម ក៏ដូចជាជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ហើយជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


