Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ មានទំនួលខុសត្រូវខ្ពស់ ក្នុងការធានាថា បេក្ខជនទាំងអស់មានឱកាសប្រឡងប្រជែងស្មើៗ គ្នា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង លើក​ឡើង​ថា ក្រសួង​មុខងារ​សាធារណៈ មាន​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​ធានា​ថា បេក្ខជន​គ្រប់ៗ រូប មាន​ឱកាស​ប្រឡងប្រជែង​ស្មើៗ គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡងប្រជែង បាន​អញ្ជើញ​បើក​វិញ្ញាសា​សរសេរ​ដំបូង វិញ្ញាសា​វប្បធម៌​ទូទៅ សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំកាយ និង​កីឡា នា​រសៀល​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា នៅ​មណ្ឌល​ប្រឡងប្រជែង​ជ្រើស​រើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា ថ្ងៃនេះ មាន​វត្តមាន​ក្រុម​គ្រួសារ អាណាព្យាបាល ជា​ច្រើន​រូប បាន​មក​ចាំ​គាំទ្រ និង​លើក​ទឹកចិត្ត​បេក្ខជន​ដែល​កំពុង​ប្រឡង​ប្រជែង។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ត​ថា ពិត​ណាស់ ក្រុម​គ្រួសារ អាណាព្យាបាល និង​ប្រជាពលរដ្ឋ ប្រាកដ​ជា​មាន​ការ​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​បេក្ខជន​ជា​កូន ជា​ប្អូន ជា​ក្មួយ ដែល​កំពុង​ប្រឡងប្រជែង​នៅ​ខាង​ក្នុង។ ឯកឧត្ដម បន្ថែម​ថា សូម អាណាព្យាបាល កុំ​មាន​ការ​ព្រួយបារម្ភ​លើ​យន្តការ និង​នីតិវិធី នៃ​ការ​រៀបចំ​ការ​ប្រឡងប្រជែង​ដែល​កំពុង​អនុវត្ត​យ៉ាង​ល្អិតល្អន់​ជាទីបំផុត។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ដែរ​ថា «ក្រសួង​មុខងារ​សាធារណៈ មាន​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​ធានា​ថា បេក្ខជន​គ្រប់ៗ រូប មាន​ឱកាស​ប្រឡងប្រជែង​ស្មើៗ គ្នា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ជាមួយ​សមត្ថភាព «ចេះ គឺ​ជាប់» ស្រប​តាម​ការ​ណែនាំ និង​ទស្សនវិស័យ​ដឹកនាំ​ដ៏​វែងឆ្ងាយ ក្នុង​ឆន្ទៈ​កែទម្រង់​រដ្ឋបាល​សាធារណៈ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី»។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​អំពាវនាវ​ដល់ ក្រុម​គ្រួសារ អាណាព្យាបាល និង​ប្រជាពលរដ្ឋ សូម​ជឿជាក់​លើ​ប្រព័ន្ធ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ដែល​បេក្ខជន​កំពុង​ប្រឡង​នា​ពេលនេះ​ផង​ដែរ។

គួរ​ជម្រាប​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា ក្របខណ្ឌ​ឆ្នាំ ២០២៣ ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រព្រឹត្ត​ទៅ​ដោយ​បែង​ចែក​ជា ២ ប្រភេទ​វិញ្ញាសា គឺ ៖ (១) ប្រភេទ​វិញ្ញាសាសរសេរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ នា​មណ្ឌល​ប្រឡង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង (២) ប្រភេទ​វិញ្ញាសា​អនុវត្ត​កីឡា ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៤ និង ថ្ងៃ​បន្តបន្ទាប់ នៅ​មណ្ឌល​ប្រឡង​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា។

ដោយឡែក ឯកឧត្ដម ហ៊ុន ម៉ានី ក៏​ធ្លាប់​បាន​បញ្ជាក់ កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ថ្មីៗ​នេះ ថា ក្រសួង​មុខងារ​សាធារណៈ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​រៀបចំ​យន្តការ និង​និយាម​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ដោយ​ត្រូវ​ឈរ​លើ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព ហើយ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ជាមួយ​ទំនុក​ចិត្ត​ដែល​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល ដែល​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ និង​ការ​បង្កើត​បរិយាកាស ឬ​ឱកាស​ស្មើ ​គ្នា ក្នុង​ការចូលរួម​ប្រឡងប្រជែង។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ថា «ក្នុង​ន័យ​នេះ វប្បធម៌ និង​ផ្នត់គំនិត​អន្តរាគមន៍​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល នឹង​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​ផ្នត់គំនិត​ប្រកួតប្រជែង​តាមរយៈ​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​របស់​បេក្ខជន»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម