ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡា ការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្ដើមយកជ័យជម្នះជូនមាតុភូមិ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡាករ កីឡាការិនីក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកជាលក្ខណៈអន្តរជាតិ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ២០២៤ នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា តំណាងសហព័ន្ធជាតិទាំង៨ និងកីឡាករ-ការិនី និងគ្រូបង្វឹកជាច្រើនរូប។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។

សម្ដេចមហាបវរធិបតី បានបន្តថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡា ការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្ដើមយកជ័យជម្នះជូនមាតុភូមិ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩ លានរៀល (ប្រមាណ ៧៨ម៉ឺនដុល្លារ) ប្រគល់ជូនជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯក ពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្ដេជ្ញាបន្ដលើកទឹកចិត្ដ ជំរុញ និងសម្របសម្រួលដល់ការរៀបចំការប្រកួតជើងឯកក្នុងស្រុក និងការប្រកួតក្រៅប្រទេស ដើម្បីឱ្យសហព័ន្ធកីឡាអាចដកស្រង់បច្ចេកទេស និងអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ជាពិសេសក្រសួងនៅតែបន្តរៀបចំ និងផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីបន្តបន្ទាប់ទៀត

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក ទទួលជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី ឆ្លុះបញ្ចាំងពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ជាការផ្ដល់កម្លាំងចិត្តបន្ថែមទៀតដល់មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរកជ័យជំនះ និងលើកមុខមាត់កិត្តិយស និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាថ្លែងអំណរគុណដល់ សហការីពាក់ព័ន្ធ សហព័ន្ធកីឡា និងកីឡាករ កីឡាការិនី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ដ រួមសហការគ្នាបានយ៉ាងល្អ រហូតទទួលបានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពលអាចចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយជូនជាតិមាតុភូមិ៕


-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


