ព័ត៌មានជាតិ
កម្ពុជា-រដ្ឋលិចតិនស្តាញ នៅអឺរ៉ុប ឯកភាពបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការថ្មី ទាក់ទាញវិនិយោគបន្ថែម
កម្ពុជា និងរដ្ឋលិចតិនស្តាញ(Liechtenstein) ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជាដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មីដើម្បីជំរុញឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាពការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម។

ការបញ្ជាក់យ៉ាងដូចនេះ ធ្វើឡើងក្នុងជំនួបសំដែងការគួរសមរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឌូមីនិក ហាស្លឺ (Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ នៅថ្ងៃសុក្រ ទី ១ ខែមីនា ឆ្នាំ ២០២៤ នេះ នាទីស្ដីការក្រសួង។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលលិចតិនស្តាញ(Liechtenstein) ដែលបានជួយពង្រឹងបន្ថែមនូវគុណវុឌ្ឍិ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាស្របទៅនឹងគោលនយោបាយថ្នាក់ជាតិដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញជាក់លាក់ និងអាចបង្កើនផលិតភាពការងារ និងមានប្រៀបប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគិនដែលកំពុងសម្លឹងរកការវិនិយោគមកកាន់តំបន់អាស៊ាន។

មួយវិញទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តម្រូវការដែលកម្ពុជាចង់បានបន្ថែមនោះ គឺការពង្រឹងគុណវុឌ្ឍិ និងស្តង់ដារ នៃការបណ្ដុះបណ្ដាលឱ្យមានបទដ្ឋានអន្តរជាតិដើម្បីបំពេញតម្រូវការទីផ្សារកំពុងប្រកួតប្រជែង។

ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រី បានសាទរចំពោះផែនការ នៃការបណ្ដុះបណ្ដាលជំនាញរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ជំនាញបច្ចេកទេស ដើរតួនាទីសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។

លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យមើលលទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការថ្មីក្នុងការពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែសម្បូរបែប និងបត់បែនសម្រាប់ពលរដ្ឋឱ្យស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការវិវឌ្ឍន៍ នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានលទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងសង្វាក់ផលិតកម្មដែលជាឈ្នាន់ក្នុងការថែរក្សាវិនិយោគដែលមានស្រាប់ និងទាក់ទាញវិនិយោគថ្មីៗ បន្ថែម៕

-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


