Connect with us

ព័ត៌មានជាតិ

ឃាត់រថយន្ដដឹកជ្រូកក្លាសេខូចគុណភាពជិត៩០០​គីឡូដុតកម្ទេចចោល

បានផុស

នៅ

មន្រ្តីការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ដែលលួចដឹកសាច់ជ្រូកខូចគុណភាពជិត៩០០គីឡូក្រាមដោយពុំមានឯកសារបែបបទនាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់រថយន្ដលួចដឹកសាច់ជ្រូកខូចគុណភាពនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានរកឃើញជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពី​មន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។

របាយការណ៍បញ្ជាក់ថា ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះតាមនីតិវិធីជាធរមាន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម