Connect with us

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​ចំនួន​១១​ចំណុច

បានផុស

នៅ

ដើម្បី​ញ៉ាំងឱ្យ​ពិធីបុណ្យ ប្រព្រឹត្តទៅបាន​យ៉ាង​មហោឡារិក អធិកអធម ផ្តល់​ភាពសប្បាយ​រីករាយ រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​ថ្លៃថ្លា និង​ល្អប្រសើរ​របស់​ជាតិ ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ចំនួន​១១​ចំណុច​។

តាម​សេចក្តីណែនាំ ស្តីពី ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ គ​.​ស​.២០២៤ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា​៖​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក្នុង​មនោសញ្ចេតនា​សប្បាយរីករាយ ប្រកបដោយ​ស្មារតី សាមគ្គីភាព​ជិតស្និទ្ធ និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ក្រៃលែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ គឺជា​ពិធីបុណ្យ​ដែល​ប្រារព្ធ​ធ្វើឡើង​ដើម្បី​សម្តែង​នូវ​អំណរ​សាទរ ស្វាគមន៍​ចំពោះ​ការចូល​មកដល់​នៃ​ឆ្នាំ​ថ្មី និង​សម្តែង​នូវ​ការគោរព​ដឹងគុណ ថ្វាយ ប្រគេន​ព្រះ​ពរ សម្តេច ព្រះមហា​សង្ឃរាជ សម្តេចព្រះ​សង្ឃនាយក ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្វាយព្រះពរ​ចំពោះ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ថ្វាយ​ព្រះរាជ​កុសល​ជូន​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ជូនពរ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​បុព្វការី​ជន​ទាំងឡាយ សំដៅ​បង្កើន​ឡើង​នូវ​មនោសញ្ចេតនា គោរព​ស្រលាញ់ សាមគ្គីភាព​ស្និទ្ធស្នាល និង​ទទួលបាន​សព្ទសាធុការ​ពរ​ពី​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ទរា​ទេវី ។

ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ គ​.​ស​.២០២៤ នឹង​ប្រព្រឹត្ត​ទៅតាម​ដំណើរ​សង្ក្រាន្ត​ដូចតទៅ​៖ – ថ្ងៃ​សៅរ៍ ៥​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ២២:១៧​នាទី​យប់ (​ម៉ោង ១០:១៧​នាទី​យប់​) ជា​ថ្ងៃ​ចូលឆ្នាំថ្មី​​ថ្ងៃអាទិត្យ ៦​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​វ័ន​បត​

– ថ្ងៃ​ចន្ទ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​វ័ន​បត​

– ថ្ងៃ​អង្គារ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤ ជា​ថ្ងៃ​ឡើងស័ក គម្រប់​សង្ក្រាន្ត ០៤​ថ្ងៃ​ចប់​ដោយ​បរិបូណ៌ និង​ចូល​ឆ្នាំរោង ឆស័ក តរៀង​ទៅ​។

​យោង​ផែនការ​ណែនាំ​លេខ ០២/២០២៤ គជប​អ ចុះ​ថ្ងៃ​សុក្រ ៧​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ដើម្បី​ញ៉ាំងឱ្យ​ពិធីបុណ្យ ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​មហោឡារិក អធិកអធម ផ្តល់​ភាពសប្បាយ​រីករាយ រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់ ដ៏​ថ្លៃថ្លា និង​ល្អប្រសើរ​របស់​ជាតិ ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១- រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥

មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ​-​សហគ្រាស ផ្សារ​ទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត ម្ចាស់​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ និង​គេហដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​៖ – រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា “​ព្រះ​បរម​រតន​កោដ្ឋ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត អមដោយ​ការតុបតែង​លម្អ កំណាត់​បូ បំភ្លឺ ភ្លើងពណ៌ ដុត​គោម​បំភ្លឺ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង ទង់​រំយោល នៅតាម​ស្ថាប័ន​សាមី​នីមួយៗ និង​គេហដ្ឋាន​។

– សម្រាប់​ផ្សារ​ទំនើប ផ្សារ​ម៉ា​ត អគារ​ពាណិជ្ជកម្ម ក្រុម​ហ៊ុ រោងចក្រ​-​សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់​បុរី និ និង​ទីតាំង​អាជីវកម្ម​គ្រប់​ប្រភេទ សូម​រៀបចំ​បំពាក់​ខ្សែ​ភ្លើងពណ៌ បំភ្លឺ និង​ដាក់​គោម​ភ្លើង​បំភ្លឺ​នៅតាម​របង​មុខ​អគារ ឬ តាម​ជញ្ជាំង​អគារ ឬ ដើមឈើ និង​ទីតាំង អាជីវកម្ម​របស់ខ្លួន ដោយ​អាច​រៀបចំ​រចនា​ខ្សែ​ភ្លើងពណ៌​ចម្រុះ ឱ្យចេញ​ជា​អក្សរ​ផុស​ឡើង​។ សម្រាប់​ទីតាំង​អាជីវកម្ម​ដែលមាន​សួនច្បារ សូម​បាញ់​ទឹក​ពណ៌​នាពេល​ថ្ងៃ និង​ពេល​រាត្រី ដោយ រៀបចំ​បំពាក់​ខ្សែ​ភ្លើងពណ៌​បំភ្លឺ​ចម្រុះ ដើម្បី​បង្កើន​សោភ័ណភាព ឱ្យ​កាន់តែ​ស្រស់ស្អាត និង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។

២- រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ១០៥ ត្រូវ​៖

​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ដោត​ទង់ជាតិ​នៅ​គ្រប់​គេហដ្ឋាន ត្រៀម​រៀបចំ​គ្រឿង​សក្ការៈបូជា មាន​ផ្កា​ភ្ញី ទៀន និង​ធូប​ជាដើម សម្រាប់​ថ្វាយ​ព្រះ​រតនៈត្រ័យ នឹង​រៀបចំ​ពលការ​ដ៏​សមរម្យ មាន​នំចំណី ផ្លែឈើ​ជាអាទិ៍ ដើម្បី​ទទួល ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ទរា​ទេវី ក្នុងឱកាស ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​តាម​មូលដ្ឋាន​របស់ខ្លួន និង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមាន ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការអុជ​ទៀន ធូប ការប្រើប្រាស់​ភ្លើងចង្កៀង ភ្លើងចង្ក្រាន ការប្រើប្រាស់ ហ្គាស់ និង​ចរន្តអគ្គិសនី ដែល​អាច​នាំឱ្យមាន​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ ហាមឃាត់ និង​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការលេង​ល្បែង​ជះ​ទឹក ការ​ជះ​ទឹក​មាន​ពណ៌ ឬ ទឹក​កខ្វក់ គប់​ស្បោង​ទឹក លាប​ច្បង ឬ ប៉ាត​ម្សៅ និង​ការ​វាយ​ដោយ រំពាត់ ឬ ឧបករណ៍​រឹង​ផ្សេងៗ​ដល់​អ្នកដំណើរ​គ្រប់​ប្រភេទ​ហាមឃាត់ និង​ទប់ស្កាត់​ការ​នាំ​ចូល ចែកចាយ ទិញ​លក់​ធា​វ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដែល​បង្ក​ឱ្យ មានការ​ភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ បំផុស​ឱ្យមាន​ការតុបតែង​លម្អ​ភ្លើងពណ៌ តាម​ដើមឈើ​ឱ្យបាន​ព្រោងព្រាត នៅមុខ​ទីស្នាក់ការ របស់​មន្ទីរ អង្គភាព​រដ្ឋ ឯកជន និង​គ្រប់​គេហដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​អាចា​រ្យ​វត្ត ដើម្បី បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បាន​បំពេញ​កុសល​តាម​សទ្ធា​ជ្រះថ្លា និង រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​សាសនា​របស់​ជាតិ ព្រមទាំង​ត្រៀម​ចាត់​កម្លាំង​ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​វត្ត​អារាម​នីមួយៗ ជាពិសេស ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​យានយន្ត​ពុទ្ធបរិស័ទ ចូលក្នុង​បរិវេណ​វត្ត​អារាម ឱ្យបាន​ឆាប់រហ័សចៀសវាង​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​មុខ​វត្ត​អារាម និង​រៀបចំ​ចំណត​យានយន្ត​នៅតាម​វត្ត​អារាម ឱ្យបាន​សមរម្យ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ប្រមូល សម្អាត និង​ដឹកជញ្ជូន​សំរាម​ទាំង ០៣ ឱ្យ​បង្កើន​ការ​បោសសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញពី​រាជធានី​ភ្នំពេញ ឱ្យទាន់​ពេលវេលា ដើម្បី​ធានាបាន​នូវ​បរិស្ថាន និង​អនាម័យ​ស្អាត​គ្រប់គ្រង តាមដាន​ព័ត៌មាន និង​ក្តាប់​ឱ្យបាន​នូវ​រាល់​សភាពការណ៍​ផ្សេងៗ ដែល​នឹង​អាច​កើត​មាន​ឡើង​នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​អន្តរាគមន៍​ទាន់ពេលវេលា​។

៣-​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​៖

-ចាត់តាំង​ឱ្យមាន​ក្រុម​វេន​យាម​ប្រចាំការ ២៤​ម៉ោង នៅតាម​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ត្រៀម ដោះស្រាយ​រាល់​ការងារ​ដែល​ចាំបាច់​។ ចំពោះ​បញ្ជី​ឈ្មោះ​ក្រុម​វេន​យាម​ប្រចាំការ ត្រូវ​ផ្ញើមក រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យបាន​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី ងាយស្រួល​ធ្វើការ​ទំនាក់ទំនង ក្នុងករណី​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ រៀបចំ​កម្មវិធី​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​សហគមន៍ មណ្ឌលកុមារ​កំព្រា មណ្ឌល ចាស់ជរា ឬ នៅតាម​មន្ទីរពេទ្យ​នានា​។

៤- មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​៖

​ណែនាំ​ដល់​គ្រប់​វត្ត​អារាម ឱ្យធ្វើ​ការសម្អាត និង​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ក្អែប ទង់​រំយោល និង​ចង​បដា​ពាក្យស្លោក ឱ្យបាន​សមរម្យ ណែនាំ​ដល់​គ្រប់​វត្ត​អារាម ឱ្យ​រៀបចំ​ពិធីបុណ្យ​សាសនា​ស្របតាម​ប្រពៃណី​សាសនា និង​ប្រពៃណីជាតិ ដូចជា ពិធី​ពូន​ភ្នំខ្សាច់ សម្អាត​អនាម័យ​-​បរិស្ថាន​ក្នុង​វត្ត សម្អាត​ព្រះ​ពុទ្ធរូប ព្រះ​បដិមា ពិធីរាប់បាត្រ ​និង​ពិធី​ស្រោច​ទឹក​សីលវន្ត សីលវតី មាតាបិតា និង​ចាស់ព្រឹទ្ធាចារ្យ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌដង្កោ និង​ក្រុមហ៊ុន ជេ ស៊ី រ៉ូយ៉ាល់ ខម​ភេ​នី អិ​ល​ធី​ឌី ដើម្បី​អំពាវនាវ ដល់​ពុទ្ធបរិស័ទ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់ ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត​”​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក និង​កន្លែង​តម្កល់​អដ្ឋិធាតុ​នៅតាម​បូជនីយដ្ឋាន ស្ថូប​ផ្សេងៗ ឱ្យបាន​មុន​ថ្ងៃ​ចូលឆ្នាំថ្មី មកដល់​។

៥- មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​៖

​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​សម្តែង​សិល្បៈ​បុរាណ និង​សម័យ ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត នៅតាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ បំផុស​ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យបាន​ផុលផុស ក្នុងការ​លេងល្បែង​ប្រជាប្រិយ​របស់​ជាតិ ដូចជា ចោល​ឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើង​សសរ​ខ្លាញ់ លោត​បាវ វាយ​ឆ្នាំង និង​ការ​រាំ​កម្សាន្ត​នៅតាម​មណ្ឌល​កម្សាន្ត រមណីយដ្ឋាន​ទេសចរណ៍ រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ឬ ទីតាំង​សមរម្យ​ណាមួយ​ – ត្រៀម​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​សង្ក្រាន្ត​នៅ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។​

៦- មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ៖

​ចាត់តាំង​បណ្តាញ​វិទ្យុ និង​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន យក​ពត៌មាន ថតរូប ថត​ទូរទស្សន៍​នូវ​រាល់​សកម្មភាព ទិដ្ឋភាព ជាក់ស្តែង​នា​ថ្ងៃបុណ្យ​ទាំង​ពិធី​ខាង​សាសនា និង​ទាំង​ពិធី​ខាង​ប្រពៃណី​ជាតិ ដូចជា សកម្មភាព លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​តាម​តំបន់​នីមួយៗ ហើយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទស្សនា និង​យល់​ជ្រួតជ្រាប​ពី​ពិធីបុណ្យ​ប្រពៃណីជាតិ​។

៧-​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ៖

​រៀបចំ​តុបតែង​លម្អ​ប់​ភ្លឺ​ភ្លើង​តាម​បណ្តា សួនច្បារ និង​តាម​ដងផ្លូវ​ឱ្យបាន​ព្រោងព្រាត ដំឡើងរ​ប៉ា​កាត់​ទទឹងផ្លូវ​នៅ​មហាវិថី​សំខាន់ៗ ដើម្បី ចូលរួម​អបអរសាទរ​ពិធីបុណ្យ លាង​សម្អាត​ផ្លូវ លាបលន ឬ គំនូស​នៅតាម​បណ្តា​មហាវិថី និង វិថី​សំខាន់ៗ ដើម្បី​ធានា​រក្សា​បរិស្ថាន និង​សោភ័ណភាព​ស្រស់ស្អាត ព្រមទាំង​រៀបចំ​ដាក់​ធុងសំរាម និង​បង្គន់​អនាម័យ​ចល័ត នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង​ទីតាំង​សាធារណៈ​នានា​ឱ្យបាន​គ្រប់គ្រាន់ និង​សមស្រប​តាម​ទំហំ​ទីតាំង​។​

៨- មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ត្រូវ​៖

– យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អនាម័យ​ម្ហូបអាហារ ឱ្យបាន​ល្អប្រសើរ​

– សម្អាត​អនាម័យ​-​បរិស្ថាន និង​ទុកដាក់​-​វេច​ខ្ចប់​សំរាម​តាម​លក្ខណៈ​បច្ចេកទេស និង​ត្រូវ​បញ្ចេញ​តាម​ពេលវេលា​កំណត់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល សម្អាត​និង​ដឹកជញ្ជូន​សំរាម ក្នុងការ​មក​យក​សំរាម ហើយ​ធានាបាន​នូវ​អនាម័យ និង​បរិស្ថាន​ស្អាត​។​៩- មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ផែនការ​ការពារ​សុខភាព ដោយ​ត្រូវ​ត្រៀម ក្រុមគ្រូពេទ្យ ឱសថ សម្ភារៈ​បរិក្ខារ​សុខាភិបាល និង​រថយន្ត​គិលានសង្គ្រោះ​ប្រចាំការ​នៅតាម​តំបន់ រមណីយដ្ឋាន និង​ទីប្រជុំជន​កម្សាន្ត​នានា ដើម្បី​ត្រៀម​ជួយសង្គ្រោះ​បងប្អូន​ដែលមាន​បញ្ហា​សុខភាព ឱ្យបាន​ទាន់ពេលវេលា​។​

១០-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស ត្រូវ​៖

រៀបចំ និង​អនុវត្ត​ផែនការ​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ​សង្គម និង​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ទាំង​មុន ក្រោយ និង​អំឡុងពេល​ពិធីបុណ្យ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ពិធីបុណ្យ​ប្រកបដោយ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ នៅ​គ្រប់​ទីកន្លែង​។ ជាមួយគ្នានេះ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ជួយ​សម្រួល​ចរាចរណ៍​នៅ តំបន់​គោលដៅ​ដែលមាន​ការកកស្ទះ​ខ្លាំង និង​ទប់ស្កាត់​បង្ការ​បទល្មើស​គ្រប់​ប្រភេទ​។ ដោយឡែក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​ព​ន្ល​ត់​អគ្គិភ័យ និង ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ប្រចាំការ​ជួយសង្គ្រោះ​បន្ទាន់​នៅពេល​មាន បញ្ហា​គ្រោះ​អគ្គិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ​។​

១១- រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​៖ – រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​” និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ • ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយមាន​ការតុបតែង​លម្អ កំណាត់​បូ​​និង​បំភ្លឺ​ភ្លើងពណ៌ រៀបចំ​សារលិខិត​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​រៀប​ចំក​ម្ម​វិធី​ជូន​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​អ្នកមាន​ជំងឺ អ្នកមាន​របួស ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ ជនពិការ កុមារកំព្រា​នៅតាម​មណ្ឌល ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ខ្លាំង និង​ចាស់ជរា​ឥត​ទីពឹង ដើម្បី​ជា​កុសល ការលើកទឹកចិត្ត និង បង្កើន​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មានទុក្ខ​លំបាក ក៏ដូចជា បង្កើន​ភាពសប្បាយ​រីករាយ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

– រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​រាប់​បាត​ប្រគេន​ព្រះសង្ឃ ដើម្បី​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី នៅក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម